ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បានធ្វើការ​ឆ្លើយបំភ្លឺ​ទៅនឹង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​បុគ្គល​ពី​រ​នាក់ ដែល​គ្មាន​តួនាទី​ក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ប្រឆាំងនឹង​ព្រះតម្រិះ​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក្នុងការ​បង្រួបបង្រួម​អ្នករាជានិយម និង​សីហនុ​និយម​។ បុគ្គល​ពីរ​នាក់​នេះ ត្រូវ​ទទួលខុស​ត្រូវជា​ប្រវត្តិសាស្ត្រ ក្នុងការ​បង្រួបបង្រួម​គ្នា​មិនបាន​នេះ​។ បុគ្គល​ទាំងពីរ​នាក់​នេះ មក​ចាត់ចែង​ការងារ​ដឹកនាំ​ក្នុង​គណបក្ស និង​ជា​អ្នក​កាន់​ត្រា​ព្រះហស្តលេខា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​កាន់​ត្រា​ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​សូម​ឲ្យ​សមាជិក សមាជិកា គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កុំ​ជឿ​លើ​បុគ្គល​ពីរ​នាក់​នេះ​។​

លោក ញឹក  ប៊ុនឆៃ (រូបថតឯកសារ)

​បើ​យោងតាម​សេចក្តី​ព័ត៌មាន​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២១ បានបញ្ជាក់​ដូចតទៅៈ
១.​ការលើកឡើង​របស់ ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ អំពី​ការបង្រួបបង្រួម​ជាមួយ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មិនមែនជា​បញ្ហា​ផ្ទាល់ខ្លួន​នោះទេ គឺជា​ការគាំទ្រ​ដល់​ព្រះតម្រិះ​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​បានស្នើ​សុំឱ្យ​ឯកឧត្តម ញឹក ប៊ុនឆៃ និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ រួបរួមសាមគ្គី​គ្នា​ឡើងវិញ អ្នករាជានិយម សីហនុ​និយម នៅក្នុង​ជំនួប​ដោយ​ចៃដន្យ​រវាង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង ឯកឧត្ដម ញឹក ប៊ុនឆៃ នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​តំណាក់​វាល​ស្បូវ​។
២- ឯកឧត្តម ញឹក ប៊ុនឆៃ មិនដែល​បានធ្វើ​អ្វី​ខុស ដែលនាំឱ្យ​សម្ដេចក្រុមព្រះ សណ្តោស​ប្រណី ប្រោស​ប្រទាន​ការលើកលែង​ទោសកំហុស​នោះទេ​។ ការធ្វើ​សមាជ​វិសាមញ្ញ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ថ្ងៃទី​១៨ ខែតុលា ឆ្នាំ ២០០៦ គឺជា​ការសម្រេច​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ភាគច្រើន​លើសលុប​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង ក្នង​ជួរ​រាជរដ្ឋាភិបាល ស្របតាម​លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង​តែប៉ុណ្ណោះ មិនមែន​ឯកឧត្តម ញឹក ប៊ុនឆៃ ម្នាក់ឯង​អាចធ្វើ​អ្វី​បាន​នោះទេ​។ ក្នុងពេលនោះ បើ​ឯកឧត្ដម ញឹក ប៊ុនឆៃ មាន​ម​ហិ​ច្ឆិ​តា​លោភលន់​អំណាច​មែន ប្រហែល​ឡើង​ធ្វើជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ហើយ​។​
៣- ក្នុង​លិខិត ឯកឧត្តម ញឹក ប៊ុនឆៃ តំណាង​គណបក្សនយោបាយ​នានា ក្នុងការ​ស្នើសុំ​បង្រួបបង្រួម​គ្នា ចុះ​ថ្ងៃ ទី​០៧ ខែមិថុនា ឆ្នាំ​២០២១ ថ្វាយ​សម្តេចក្រុមព្រះ ដែល​បានលើកឡើង​ពីររូប​មន្ត​សេនា​រី​យ៉ូ ក្នុងការ​បង្រួបបង្រួម​គ្នា​នេះ គឺជា​ការពិភាក្សាគ្នា​ជាមួយ​បណ្តា​គណបក្សនយោបាយ​នានា​ដែល​ចង់បាន​ការដឹកនាំ​គ្រប់គ្រង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មួយ​ដែល​បែងចែក​ការដឹកនាំ នីតិ​បញ្ញា​ត្តិ និង​នីតិប្រតិបត្តិ​តែប៉ុណ្ណោះ គឺ ក – សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​ព្រះ​អគ្គ​មគ្គទេសក៍​ប្រវត្តិសាស្ត្រ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួល​ដឹកនាំ​ជា​ព្រះប្រធាន​ក្រុម​ប្រឹក្សាជាតិ​, ព្រះប្រធាន​គណកម្មាធិកា​រ​អចិន្ត្រៃយ៍​, ព្រះប្រធាន​គណកម្មាធិកា​រ​នាយក (​ព្រះប្រធាន​នីតិ​បញ្ញា​ត្តិ​)​។ ខ​- សហជីវិន ញឹក ប៊ុនឆៃ ជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច (​ប្រធាន​ប្រតិបត្តិ​) រូបមន្ត​នេះ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ធ្លាប់បាន​ប្រើ​រួចមកហើយ​។ គ​- រូបមន្ត​សេណា​រី​យ៉ូ​នេះ ត្រូវបាន​ក្រុមការងារ​ចំពោះ​កិច្ច​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បដិសេធ​រាល់​ហើយ​។ ម្យ៉ាងទៀត ការស្នើសុំ​រូបមន្ត​សេណា​រី​យ៉ូ​នេះ ក៏​ពុំបាន​រំលោភបំពាន​លើ​លក្ខន្តិកៈ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែរ ពីព្រោះ​នេះ ជាការ​ចរចារ​បង្រួប​បង្រួម​គ្នា​។​
៤- ការ​លើកឡើងថា សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានសម្រេច​ឱ្យ​ឈប់​មានការ​ទាក់ទង ឆ្លើយឆ្លង ឬ​ចរចារ​ផ្លូវការ​ក្រៅផ្លូវការ​ណាមួយ​ជាមួយ​ឯកឧត្តម ញឹក ប៊ុនឆៃ ជា​បន្តទៅទៀត​នេះ ជាការ​លើកឡើង​របស់​បុគ្គល​ពីរ​នាក់ ដែល​គ្មាន​តួនាទី​ក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​លើកឡើង​តែប៉ុណ្ណោះ​។ ឯកឧត្ដម ញឹក ប៊ុនឆៃ មិនដែល​បានទទួល​លិខិត ឬ​ព្រះបន្ទូល​ជា​ផ្លូវការ​ណាមួយ​ពី​សម្តេចក្រុមព្រះ​ទេ​។ ម្យ៉ាងទៀត ក្រុមការងារ​ចំពោះ​កិច្ច​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ហេង ចាន់ថា អនុប្រធាន​គណបក្ស ក៏​មិន​ដែលមាន​លិខិត​ជា​ផ្លូវការ​ណាមួយ​ស្តីពី​ការបញ្ឈប់​ការចរចារ​គ្នា​នេះដែរ ឃើញ​មានតែ​លិខិត​សុំ​ពន្យា​ពេល​ការបង្រួបបង្រួម​គ្នា​តែប៉ុណ្ណោះ​។ ដូច្នេះ​ការលើកឡើង​ថា សម្ដេចក្រុមព្រះ ឱ្យ​ឈប់​មានការ​ទាក់ទង​ឆ្លើយឆ្លង ឬ​ចរចារ​ផ្លូវការ ក្រៅផ្លូវការ​នោះ គឺជា​មតិ​ផ្ទាល់ខ្លួន​របស់​បុគ្គល​ពី​រ​នាក់ ដែល​គ្មាន​តួនាទី​នៅក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នេះ​តែប៉ុណ្ណោះ​។​
៥- ដោយ​ថ្នាក់ដឹកនាំ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ មាន​ការគោរព​ស្រឡាញ់ ដ៏​ស្មោះ​ចំ​ពោ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច យើងខ្ញុំ​បាន​តាមដាន​ជាប្រចាំ​អំពី​ព្រះ​សុខភាព និង​ទីកន្លែង ដែល​ព្រះអង្គ​គង់នៅ ដូច្នេះ​សេចក្ដីប្រកាស​ព័ត៌មាន​នេះ មិនមែនជា​ព្រះតម្រិះ របស់​សម្ដេចក្រុមព្រះ​ទេ​។​
៦- កន្លងមក​ក្រុមការងារ​ចំពោះ​កិច្ច​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​ប្រជុំពិភាក្សា ឯកភាពគ្នា​រួចរាល់​ហើយ​លើ​ពិធីសារ​ស្តីពី​ការរួមបញ្ចូល​គ្នា​រវាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង គណបក្ស​ខ្មែរ​រួបរួម​ជាតិ គោលនយោបាយ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង ប៉ុន្តែ​មិនអាច​រួមបញ្ចូល​គ្នា​បាន ត្រូវ​អូសបន្លាយ​ពេល​រហូត​ជាង​មួយឆ្នាំ ដោយសារ​បុគ្គល​ពីរ​នា​ក់​នេះ ជំទាស់​ជា​រៀងរហូត ពិសេស​គឺ​ប្រឆាំងនឹង​ព្រះតម្រិះ របស់​សម្តេចក្រុមព្រះ ដែល​បាន​ឯកភាព​រួបរួមគ្នា​រួចហើយ ជាមួយ​ឯកឧត្តម ញឹក ប៊ុនឆៃ កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ ២០១៩​។​
៧- សូម​សមាជិក សមាជិកា គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កុំ​ជឿ​លើ​បុគ្គល​ពីរ​នាក់​នេះ ដែល​ពួកនេះ តែងតែ​ដើរតួ​ជា​តំណាង​សម្ដេចក្រុមព្រះ ហើយ​ប្រើប្រាស់​ត្រា​គណបក្ស របស់​សម្ដេច​ព្រះប្រធាន និង​ត្រា​ព្រះហស្តលេខា​របស់​សម្តេច​ក្រុមព្រះ ក្នុងការ​តែងតាំង និង​ដកតំណែង​ថ្នាក់ដឹកនាំ​ហ្វ៊ុនស៊ិនប៉ិច ក្នុង​គោលបំណង​រក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​ប្រឆាំងនឹង​ព្រះតម្រិះ​របស់ សម្តេចក្រុមព្រះ ក្នុងការ​បង្រួបបង្រួម​អ្នករាជានិយម និង​សីហនុ​និយម​។ បុគ្គល​ពីរ​នាក់​នេះ ត្រូវ​ទទួលខុស​ត្រូវជា​ប្រវត្តិសាស្ត្រ ក្នុងការ​បង្រួបបង្រួម​គ្នា​មិនបាន​នេះ​។​
​ជាមួយគ្នានេះ គណបក្ស​ខ្មែរ​រួបរួម​ជាតិ សូម​ឲ្យ​សមាជិក សមាជិកា គណបក្ស​ទាំងពីរ ដែលជា​អ្នករាជានិយម សីហនុ​និយម ពិតប្រាកដ​កុំ​ជឿ​លើ​ការ​ភូតកុហក និង​ការប្រឆាំង​ការរួបរួម​គ្នា របស់​បុគ្គល​ពីរ​នាក់​នេះ​ឱ្យសោះ​៕ សរន

លោក ញឹក  ប៊ុនឆៃ (រូបថតឯកសារ)