ដោយ:ប.ជ័យ/បន្ទាយមានជ័យ:ស្ទឹងមង្គលបូរីនៅឃុំសឿពេលនេះទឹកជំនន់ពេញពោះស្ទឹងនិងហូរកាត់ខ្នងប្រឡាយ។ទន្ទឹមនេះអាជ្ញាធរក៏បានត្រៀមជម្លៀសមនុស្សទៅកាន់ទីសុវត្ថិភាពដែរ នៅពេលហេតុការណ៍កាន់តែអាក្រក់កើត ឡើង។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០២១នេះទឹកជំនន់មកពី ខ្សែទឹកចាងលើចាប់ផ្តើមឡើងពេញប្រៀបស្ទឹងនិងហូរកាត់ខ្នងប្រឡាយជាបណ្តើរៗហើយ ក្នុងចំណុច ភូមិសឿ ឃុំសឿស្រុកមង្គលបូរី។អាជ្ញាធរមានសមត្ថកិច្ចបានចុះពិនិត្យស្ថានភាពទឹកនិងត្រៀមជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្តិភាពផងដែរ។

លោកបន្តថា ទោះកម្រិតបរិមាណទឹកក្នុងពេលនេះក្រុមការងារស្រុកមង្គលបូរីនៅគ្រប់គ្រងបានប៉ុន្តែសូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់។ពិសេសចំពោះក្មេងៗមនុស្សចាស់និងត្រៀមខ្លួនចំពោះបញ្ហាគ្រោះទឹកជំនន់ ផងដែរ។

កម្រិតទឹកស្ទឹងមង្គលបូរីកំពុងហក់ឡើងយ៉ាងគំហុកក្នុងឃុំសឿជាភូមិសាស្ត្រនៅប៉ែកខាងលើដងស្ទឹងមង្គលបូរីនៃស្រុកនេះ។បើភ្លៀងនៅបន្តហើយមានទឹកហូរធ្លាក់ពីខ្សែទឹកខាងលើនៃដងស្ទឹងដែលមានប្រភពមកពីប្រទេសថៃទៀតនោះ អាជ្ញាធរនឹងពិចារណាត្រូវប្រកាសអាសន្នចំនួនបួនឃុំរួមមាន៖ ឃុំសឿ ឃុំចំណោម ឃុំរហាត់ទឹកនិងឃុំបត់ត្រង់ ដែលស្ថិតនៅប៉ែកខាងលើនៃដងស្ទឹង។ហេតុដូចនេះ សូមបងប្អូនប្រជាពលរដ្ឋមន្ត្រីនិងអ្នកពាក់ព័ន្ធត្រូវធ្វើការប្រុង ប្រយ័ត្ន បង្ការការពារគ្រោះថ្នាក់ ឬការខូចខាត។ប៉ុន្តែ ក៏សូមរកវិធីស្ទាក់ទឹកបញ្ចូលស្រែក៏ដូចជាស្តុកទឹកទុកជាដើមដែរ ៕សរន