ដោយ: ប.ជ័យ / បន្ទាយមានជ័យ: ភាគីលោកលី អ៊ុតនី ថានឹងសម្បទាន៤០ហិកតា ខណៈមន្ត្រីថ្នាក់ជាតិនិងថ្នាក់ខេត្តថា ដំណោះស្រាយទំនាស់ដីធ្លីរវាងលោកនិងអ្នកយកឈ្មោះអតីតយោធិនខ្មែរក្រហមនឹងបញ្ចប់ក្នុងខែកញ្ញាឆ្នាំ២០២១ មិនទុកឱ្យនៅរ៉ាំរ៉ៃទៀតទេ ។
នេះបើតាមមន្ត្រីប្រាប់កាសែតរស្មីកម្ពុជាកាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២១ បន្ទាប់ពីកិច្ចប្រជុំមួយលើកទៀតសម្របសម្រួលរកដំណោះស្រាយទំនាស់ដីធ្លីរវាង លោកលី អ៊ុតនី និងលោកគង់ ជា តំណាងអ្នកយកឈ្មោះអតីតទាហានខ្មែរក្រហម និងលើកនេះថែមលោកឧកញ៉ាតាំង សុខឃី លោកតាំង សុវណ្ណារ៉េត នៃទីតាំងដីស្ថិតនៅចំនុចបឹង៧៥ ភូមិអូរអំពិលឃុំទួលពង្រ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ។
កិច្ចប្រជុំនោះ ដឹកនាំដោយលោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទការល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទទួលចុះដោះស្រាយទំនាស់ដីធ្លីនៅចំណុចបឹងជង្រុក និងចំណុច៦៧១ ឃុំ ទួលពង្រស្រុកម៉ាឡៃនិងចូលរួមដោយលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ នាយក នាយករងទីចាត់ការអន្តរវិស័យ ប្រធានមន្ទីររៀបចំដែនដី ប្រធានមន្ទីរកសិកម្ម មន្ត្រីនិងភាគីទំនាស់ពាក់ព័ន្ធ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។
លោក ប៉ានខែម ប៊ុនថន បានរំលឹកថា ដំណោះស្រាយទំនាស់ដីធ្លីនេះគឺរក្សាការសម្រេចរួចហើយរបស់សម្តេចតេជោនៃរាជរដ្ឋាភិបាលលើដំណោះស្រាយទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃរវាងក្រុមហ៊ុនលោកលី អ៊ុតនីនិងអតីតយោធិនខ្មែរក្រហមវរៈសេនាតូចលេខ៦៧២និងលេខ៦៧៣ កងពលធំលេខ២១ នៅចំណុចបឹង៧៥ភូមិអូរអំពិលនិងចំណុចបឹងក្របៅភូមិសន្តិភាពឃុំទួលពង្រស្រុកម៉ាឡៃខេត្ត បន្ទាយមានជ័យ និងថែមបទពិសោធន៍ថ្មីដែលត្រូវយកគំរូនៃដំណោះស្រាយទំនាស់ដីធ្លីរ៉ាំរ៉ៃនៅចំណុចបឹងជង្រុក -៦៧១ នៃតំបន់អតីតខ្មែរក្រហមនៅឃំុទួលពង្រ ជិតខាងនោះផង ។
ក្នុងនោះត្រូវដោះស្រាយដាច់ដោយដុំព្រោះ ។ភាគីទំនាស់ខាងលោកលី អ៊ុតនី មានតែម្នាក់។ឯភាគីខាងទៀតមានច្រើនក្រុមនិងច្រើននាក់ ។
ក្នុងនោះ មានដំណោះស្រាយទី១ រវាងភាគីលោកលី អ៊ុតនី និងពលរដ្ឋម្នាក់ៗនៃភាគីលោកគង់ ជា ដែលបានចាប់ដីយកទៅបែងចែកនិងគ្រប់គ្រង់។
ករណីនេះ ទោះលើកនេះអវត្តមានលោកគង់ជា ត្បិតលោកកំពុងមានជំងឺធ្ងន់ ប៉ុន្តែលោកនាយករងខុទ្ទកាល័យមានបញ្ជាក់ថា ថ្នាក់ក្រោមឬក្រុមមនុស្សដែលបានរៀបចំគ្នាជារចនាសម្ព័ន្ធនិងមានតំបន់គ្រប់គ្រង(ដែលអាជ្ញាធរមានសមត្ថកិច្ចមិនទទួលស្គាល់គឺជារូបភាគអប្បគមន័នោះ)ត្រូវតែទទួលយកខ្លឺមសារនៃស្មារតីអង្គប្រជុំដំណោះស្រាយ ។
ពំុនោះទេ អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការរដ្ឋបាលនិងផ្លូវច្បាប់ ហើយមុខសញ្ញាត្រូវបានកំណត់រួចអស់ហើយហើយនឹងមិនឱ្យ រួចខ្លួនទេព្រោះក្រុមការងារនឹងយកបទពិសោធន៍នៃដំណោះស្រាយទំនាស់ដីធ្លីចំណុចបឹងជង្រុក ៦៧១ ជាគំរូ (ក្នុងនោះមានមានចាប់ខ្លួនអ្នកញុះញង់នៅពីក្រោយខ្នង រារាំងដំណើរការដោះស្រាយ) ។
លោកមាច សំបូរ ទីប្រឹក្សាក្រុមហ៊ុនលី អ៊ុតនី បានឱ្យដឹងថា ដីនោះត្រូវបានលោកលី អ៊ុតនី បានទិញពីអតីតយោធិន និងគ្រួសារ។គឺជាដីរបបគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានផ្តល់អោយពួកគាត់សម្រាប់បង្កបង្កើនផលដែលមានទំហំ៥ហិកតាក្នុងមួយគ្រួសារ។ពោលគឺបានទិញជាបន្តបន្ទាប់តាំងពីឆ្នាំ១៩៩៨ មក ហើយមានឯកសារបញ្ជាក់និងទទួលស្គាល់ពីភាគីអាជ្ញាធរមានសមត្ថកិច្ចនិងសាមីខ្លួនយោធិនពាក់ព័ន្ធផងដែរ ។ដីនោះមានទំហំសរុប២២៨ហិកតា ស្ថិតនៅចំណុចបឹង៧៥ភូមិអូរអំពិលនិងចំណុចបឹងក្របៅភូមិសន្តិភាពឃុំទួលពង្រស្រុកម៉ាឡៃ ។
ប៉ុន្តែបច្ចុប្បន្នដីនោះក្រុមហ៊ុនគ្រប់គ្រងបានតែចំនួន១៤០ហិកតាប៉ុណ្ណោះ ។ ក្រៅពីនោះត្រូវបាត់បង់ទៅខាងភាគីលោកព្រាប សារុន ,លោកគង់ ជា និងបក្ខពួកបានរំលោភយក ។
លុះក្រោយចេញស ជ ណ ក្រុមហ៊ុនបានទិញបន្ថែមបានដីទំហំ៧៧ហិកតាទៀតពីក្នុងដីរបបទទួលបានរបស់អតីតយោធិនចំនួន១០១ហិកតា ដែលបានចែងក្នុងស្មារតីនៃខ្លឹមសារសជណ លេខ ១៥៥៣ចុះ ថ្ងៃទី២៤ខែធ្នូ ឆ្នាំ ២០១២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។ ដីបន្ថែមនោះស្ថិតនៅចំណុចបឹង៧៥ ,ចំណុចអុងម៉ុងក្នុងភូមិអូរអំពិលឃុំទួលពង្រដែរ ។ ប៉ុន្តែដីនោះ ក៏ត្រូវគេរំលោភយកដូចគ្នាអស់ទៀត ។
លោកមាច សំបូរ បានបន្តថា ប៉ុន្តែដើម្បីអោយដំណោះស្រាយអាចធ្លុះធ្លាយបាន ភាគីលោកនឹងធ្វើសម្បទានដីទំហំ៤០ហិចតាទៅភាគីម្ខាង ។
ចំណែកលោកឧកញ៉ាតាំង សុខឃី រស់នៅរាធានីភ្នំពេញ ដែលទើបលេចមុខក្នុងកិច្ចដំណោះស្រាយលើកនេះ បានឱ្យដឹងថា លោកបានទិញដីទំហំ៣០ហិកតាពីឈ្មោះហាក់ ហុង នៅជាប់គ្នានឹងដីលោកលី អ៊ុតនី។ ម្ចាស់ដីហាក់ហុង បានទិញដីនោះពីអតីតយោធិនខ្មែរក្រហមទីទៃពីគ្នា តែដីរបបគោលនយោបាយជាប់ៗគ្នា ។ការទិញ លក់នោះ មានឯកសារពិអាជ្ញាធរភូមិ ឃុំ សាក្សីត្រឹមត្រូវស្របច្បាប់ រួមទាំងលោកលី អ៊ុតនី ធ្លាប់ទទួលស្គាល់ផង ។ ប៉ុន្តែពេលលោកចុះវាស់វែងកំណត់ទីតាំងនិងធ្វើចរន្តឯកសារ មន្ត្រីជំនាញសុរិយោដី មិនព្រមបំពេញបែបបទជូនឡើយ ។
លោកសៀន វុទ្ធី ប្រធានការិយាល័យភូមិបាលស្រុកម៉ាឡៃបានអោយដឹងថា៖ ដីដែលលោកឧកញ៉ាតាំង សុខឃី ចង្អុលទីតាំងនិងធ្វើគំនូសផែនទីបង្ហាញ គឺឃើញស្ថិតក្នុងដីរបស់ក្រុមហ៊ុនលី អ៊ុតនី ដែលមានចែងក្នុងស ជណ (សជណ លេខ ១៥៥៣ចុះ ថ្ងៃទី២៤ខែធ្នូ ឆ្នាំ ២០១២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី) ។ ហេតុនេះជំនាញមិនអាចចេញការបញ្ជាក់ជូនលោកឧកញ៉ាបានទេ ។
ករណីនេះ ប្រធានអង្គប្រជុំបានតម្រូវឱ្យលោកឧកញ៉ាតាំង សុខឃី រកឈ្មោះហាក់ ហុង និងអ្នកម្ចាស់ដីមុនដែលលក់ដីអោយដើម្បីមកបំភ្លឺ ។
សូមរំលឹកថា អ្នកតាំងទីលំនៅនិងកាន់កាប់ដីមិនរៀបរយ នៃភាគីលោកគង់ជា មានជាង១.៣០០គ្រួសារលើដីទំនាស់ ។ពួកគេមិនមែនជាយោធិនខ្មែរក្រហមទេ ។ក្នុងនោះ សូម្បីក្រុមការងាររចនាសម្ព័ន្ធភូមិដែលបង្កើតឡើងដោយលោកគង់ ជា ក៏មិនមែនជាអតីតខ្មែរក្រហមដែរ ។
គួរបញ្ជាក់ថា តាមស្មារតីនៃខ្លឹមសារសេចក្តីជូនដំណឹង សជណ លេខ ១៥៥៣ ចុះ ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១២ របស់ទីស្តីការគណៈរដ្ឋមន្ត្រីដែលជាសេចក្តីសម្រេចចុងក្រោយនិងបាន អនុវត្តរួចហើយ នៅទីនោះ មានដូចជា :
ទី ១- ដីទំនាស់ចំណុចបឹង៧៥ ភូមិ អូរអំពិល ឃុំ ទួលពង្រ ស្រុក ម៉ាឡៃ ត្រូវ បែងចែក និងប្រគល់ ដីទំហំ២២៨ ហិកតាជូន លោក លី អ៊ុត នី ដែលបានទិញនិងកាន់កាប់ស្របច្បាប់តាំងពីឆ្នាំ១៩៩៨ មកជាកម្មសិទ្ធិ ។
និង ទី២- ប្រគល់ដីចំនួន ១០១ ហិកតានិង ៧៨ អា ៣៣ សង់ ទី អា និង បូកចំនួន៤ ហិកតាទៀត។ សរុប១០៦ ហិកតា ជូនអតីត គ្រួសារយោធិនពិតប្រាកដនៃអង្គភាពវរៈសេនាតូចលេខ៦៧២ និង ៦៧៣នៃកងពលធំថ្មើ រជើងលេខ២១ – ម៉ាឡៃ មានចំនួន ១០៦ គ្រួសារ ជាដើម។
ចំពោះការដែលមន្ត្រីបានចុះស្រង់ចំនួន ដីឡូត៍ (ព័ត៌មានបឋមបណ្តោះអាសន្ន)កន្លងមក ដែលបានបែងចែកដោយ ក្រុមលោកគង់ ជា ចែកចេញជា ៦ ប្លុក ៖ គឺតាមការរាយកាណ៍ របស់ក្រុមការងារលោកគង់ ជា ដីឡូតិ៍ ទាំង៦ប្លុក មានចំនួន១.០៧៤ឡូតិ៍(ទំហំមិនស្មើគ្នាទេ) ។
ទី១- ដីឡូត៍មានផ្ទះ អត់មានមនុស្សរស់នៅ(ឬទុកចោល) ចំនួន ៤២២ឡូត៍ ។ទី២- មានដី តែអត់មានផ្ទះ(ឬអត់បានអាស្រ័យផល) ចំនួន ១២៨ឡូត៍ ។ទី៣- មានផ្ទះ និងមានមនុស្ស រស់នៅ ចំនួន៣០៩ឡូត៍។
សូមរំលឹកដែរថា កាលពីថ្ងៃទី២ខែកក្កដា មានកិច្ចប្រជុំស្រាវជ្រាវមួយទៀតនៅបឹងជង្រុកឃុំទួលពង្រ ដែលដឹកនាំដោយលោកប៉ានខែម ប៊ុនថន ដដែល ហើយខ្លឹមសារស្មារតីអង្គប្រជុំអះអាងថា នឹងទម្លាយភាពទ័លច្រកនៃទំនាស់ដីធ្លីរវាងភាគីលោកលី អ៊ុតនីនិងភាគីម្ខាងទៀតឱ្យបានលទ្ធផលនៅត្រឹមចុងខែកញ្ញានេះ ។
សូមបញ្ជាក់ដែរថា ពីពេលខ្មែរក្រហមធ្វើសមាហរណកម្មនាឆ្នាំ១៩៩៦ មក អតីតមេបញ្ជាការរងនិងមេវរៈ៦៧២និង៦៧៣ នៃកងពលធំលេខ២១ ដែលមានសិទ្ធិគ្រប់គ្រងនិងបែងចែកដីនៅតំបន់នោះគឺមានលោកព្រាប សារុន ,លោកមុំ គឹមហៃ ,លោកមិន ណៃ ,លោករស់ ធឿន ជាដើម ។ឯលោកគង់ ជា មិនមានឈ្មោះនិងក៏មិនមានសិទ្ធិ មិនមានដីធ្លីអ្វីទេ ៕សរន