ដោយៈ ឫទ្ធិសក្តិ /ភ្នំពេញៈ កម្លាំងអាវុធហត្ថបានបើកប្រតិបត្តិការបង្ក្រាបក្រុមជនប្រដាប់អាវុធជាជនជាតិចិន និងបានរំដោះចំណាប់ខ្មាំងចំនួនមួយនាក់ ជាជនជាតិចិនដូចគ្នា និងបានហូតកាំភ្លើងវែងខ្លីចំនួនប្រាំពីរដើម ។ ការបង្ក្រាបនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចអគារមួយកន្លែងក្បែរកាស៊ីណូជីងកាង ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដោយមានការសម្របសម្រួល នីតិវិធីផ្លូវច្បាប់ដោយលោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ។
មន្ត្រីកងរាជអាវុធហត្ថបានបញ្ជាក់ថា ការបង្ក្រាបនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកម្លាំងស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួលនីតិវិធី ពីលោកសៀង សុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះបង្ក្រាបបទល្មើស ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ និងបទកាន់កាប់ ប្រើប្រាស់អាវុធគ្មានការអនុញ្ញាត។
មន្ត្រីដដែលបានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ ឃាត់ខ្លួនជនជាតិចិនចំនួន ១៤នាក់ ក្នុងនោះមានស្រីមួយនាក់ រំដោះបានជនរងគ្រោះចំនួនមួយនាក់ ភេទប្រុស ជនជាតិចិន និងដកហូតអាវុធវែងខ្លីចំនួនប្រាំពីរដើម រួមមានៈ អាវុធវែងចំនួនមួយដើម ម៉ាកAK47 ពណ៌ខ្មៅ , អាវុធវែងចំនួនមួយដើម ម៉ាកM4 ពណ៌ខ្មៅ , អាវុធខ្លីចំនួនពីរដើម ម៉ាកK54 ពណ៍ខ្មៅ , អាវុធខ្លីចំនួនមួយដើម ម៉ាកK59 ពណ៍ខ្មៅ , អាវុធខ្លីចំនួនមួយដើម ម៉ាកCF98 ពណ៌ខ្មៅ និងអាវុធខ្លីចំនួនមួយដើម ម៉ាករ៉ូឡូ ពណ៌ស រួមទាំងគ្រាប់អាវុធខ្លីចម្រុះមួយចំនួន , រថយន្តចំនួនមួយ គ្រឿង ម៉ាកTOYOTA ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2P-0199 ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ចំពោះករណីនេះ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវជាបន្តទៀតដើម្បីរកមេខ្លោង និងបក្ខពួក ជាពិសេសរកប្រភពដែលផ្តល់អាវុធទៅឲ្យក្រុមជនជាតិទាំងនោះប្រើប្រាស់ខុសច្បាប់។ក្រុមសង្ស័យនិង វត្ថុតាង ត្រូវបាននាំខ្លួទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕សរន
កម្លាំងអាវុធហត្ថបានបើកប្រតិបត្តិការបង្ក្រាបក្រុមជនប្រដាប់អាវុធជាជនជាតិចិន និងបានរំដោះចំណាប់ខ្មាំងចំនួនមួយនាក់ ជាជនជាតិចិនដូចគ្នា និងបានហូតកាំភ្លើងវែងខ្លីចំនួនប្រាំពីរដើម(រូបថត សហការី)