ដោយៈមុនីរ័ត្ន/ភ្នំពេញ : សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា មួយរយៈពេលនេះ មានប្រទេសមួយចំនួនបានយកជំងឺវីរុសធ្វើនយោបាយ បង្ខូចឈ្មោះអ្នកដទៃ និយាយផ្តេសផ្ដាសថែមទាំងបានគំរាម កំហែងដល់កិច្ចសហប្រតិបត្តិការរវាងយោធាចិននិងកម្ពុជា។ យើងប្រឆាំងជាដាច់ខាត នឹងជម្នះរាល់ការរំខានពីខាងក្រៅ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី បន្តផ្តល់អត្ថប្រយោជន៍ជូនដល់ប្រជាជនទាំងពីរប្រទេស។

ការបញ្ជាក់របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងក្នុងពេលដែលលោក Li Jingfeng អនុព័ន្ធយោធានៃស្ថានទូតចិនប្រចាំកម្ពុជាអញ្ជើញចូលជួបសម្តែងការគួរ សមជម្រាបលាកាលពីរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។

សម្តេចពិជ័យសេនាបានមានប្រសាសន៍បន្តថា រយៈពេលពីរឆ្នាំកន្លងមកនេះ ក្រោមការពុះពាររាល់ផលប៉ះនៃជំងឺកូវីដ១៩ កងទ័ពទាំងពីរប្រទេសបានរួមសុខរួមទុក្ខជាមួយគ្នា បានលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែស៊ីជម្រៅ បានលើកកម្ពស់ចំណងមិត្តភាពដែកថែបថែមមួយកម្រិតទៀត ទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនក្នុងវិស័យដូចជាការទប់ស្កាត់ជំងឺវីរុស លំហាត់រួមគ្នា និងកិច្ចសហប្រតិបត្តិការគម្រោងធំៗផ្សេងទៀតជាដើម។ ជាពិសេសនោះគឺ ភាគីចិនបានផ្តល់ជំនួយជាវ៉ាក់សាំងកូវីដនិងសម្ភារៈទប់ស្កាត់យ៉ាងច្រើនជូនដល់ភាគីកម្ពុជា និងព្រមទាំងបានចាត់បញ្ជូនក្រុមអ្នកជំនាញយោធាវេជ្ជសាស្រ្តដំបូងគេលើសកលលោកមកកាន់ប្រទេសកម្ពុជា បានជួយដល់ភាគីកម្ពុជាក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសកូវីដ-១៩។

សម្តេចពិជ័យសេនាបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសកម្មរបស់លោក Li Jingfeng ក្នុងការជំរុញសន្តិសុខយោធានិងការអនុវត្តកិច្ចសហប្រតិបត្តិការទ្វេភាគី។ បានថ្លែងអំណរគុណដល់លោក Li Jingfeng ដែលបានដឹកនាំអ្នកជំនាញវេជ្ជសាស្ត្រយោធាចិនមកកាន់ថ្នាក់មូលដ្ឋាននៃយោធាកម្ពុជាក៏ដូចជាតំបន់ក្រហមនៃជំងឺវីរុសកូវីដ រួមចំណែកជាស្មារតីដល់កិច្ចការចាក់វ៉ាក់សាំងសម្រាប់កងទ័ពយោធាកម្ពុជា។

លោក Li Jingfeng បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចពិជ័យសេនានិងក្រសួងការពារជាតិកម្ពុជាដែលតែងផ្តល់ការគាំទ្រដ៏មានតម្លៃដល់កិច្ចការរបស់លោកនៅក្នុងប្រទេសកម្ពុជា។ លោកមានប្រសាសន៍ថា ការិយាល័យអនុព័ន្ធយោធានៃស្ថានទូតចិនប្រចាំកម្ពុជារីករាយបន្តសហការជាមួយភាគីកម្ពុជា អនុវត្តកុងសុងស៊ីសយុទ្ធសាស្រ្តរបស់ថ្នាក់ដឹកនាំ បន្តជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យយោធានៃប្រទេសទាំងពីរ រួមចំណែកកាន់តែធំធេងនិងថ្មីៗឥតឈប់ឈរសម្រាប់ការជំរុញអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

ក្រោយពីបញ្ចប់កិច្ចជំនួបខាងលើ សម្តេចពិជ័យសេនាបានបំពាក់គ្រឿងឥស្សរយយសសហមេត្រីថ្នាក់មហាសេរីវឌ្ឍន៍និងព្រមទាំងលិខិតសរសើរជូនដល់លោក Li Jingfeng ដើម្បីសរសើរដល់ការរួម ចំណែកដ៏លេចធ្លោរបស់លោកក្នុងកិច្ចការជំរុញទំនាក់ទំនងយោធាទាំងពីរប្រទេស៕សរន