ឆ្នាំជូត
រាសីល្អជាមធ្យម។លោកអ្នកកើតឆ្នាំកណ្តុរតោងតែចងចាំថាឈានចូល ខែ កញ្ញា នេះដួងរាសីធ្លាក់ស្រុតចុះ ពិសេសស្ត្រីត្រូវអត់ធ្មត់ និងតស៊ូបន្តិចទើបឆ្លងផលលំបាកទាំងពួងនេះទៅរួច។ការប្រកបការងារលោកអ្នកត្រូវចេះសន្សំសេចក្តីសុខឱ្យបានច្រើន ហើយដាច់ខាតមិនត្រូវពេបជ្រាយឬប្រមាថអ្នកដទៃឡើយព្រោះនោះសុទ្ធសឹងនាំមកនូវក្តីលំបាកដល់អាត្មាខ្លួនឯងវិញប៉ុណ្ណោះ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរត្រូវប្រុងប្រយ័ត្នក្រុមមនុស្សសម្តីផ្អែមល្ហែមបន្តិចព្រោះងាយធ្លាក់ក្នុងកលឧបាយគេណាស់។
សម្ព័ន្ធស្នេហាប្រុសស្រីពុំត្រូវផ្តោះផ្តងដោយសម្តីផ្លែផ្កាដាក់គ្នាឡើយប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។ទោះនៅផ្ទះឬនៅក្រៅផ្ទះលោកអ្នកពុំសូវចុះសម្រុងជាមួយអ្នកដទៃទេពិសេសឱ្យប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ ។ទាំងស្ត្រីបុរសនៅថ្ងៃនេះ បើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់សន្សឹមៗតែយ៉ាងណាការប្រកបការងារឱ្យប្រយ័័ត្នសត្រូវលាក់មុខបន្តិច។អ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញឆ្ងាយជិតក៏មានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ម្ល៉ោះហើយគួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លាពិសេសឱ្យប្រយ័ត្នគ្រោះចាញ់បោកគេតែម្តង។
រីឯបញ្ហាស្នេហាប្រុសស្រីជួបភាពប្រទាំងប្រទើសនិងប្រឆាំងគ្នាព្រោះម្នាក់ៗយកភាពមានៈដាក់ខ្លួននិងចង់យកតែចាញ់ឈ្នះគ្នា៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។ការរស់នៅលោកអ្នកត្រូវចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបានល្អដោយមិនត្រូវប្រកាន់ចិត្តឆេវឆាវ ពុំយកហេតុផលដាក់ខ្លួនប្រយ័ត្នចៃដន្យអាក្រក់ខ្លួនឯងត្រូវសោះប្រែជាខុសហើយត្រូវមកក្លាយជាជនរងគ្រោះទៅវិញ។នៅថ្ងៃនេះបើមានប្រកបកិច្ចការងារអ្វីតែងប្រាសចាកពីបញ្ហាយាយី ពិសេសតែងទទួលជោគជ័យត្រឡប់មកវិញទៀតផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ ប្រាក់កាសដែលធ្លាប់តែបោលហួសឬហោះរំលងពេលនេះអាចឈោងចាប់បានខ្លះៗវិញហើយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយគួរជាទីកក់ក្តៅ ៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះលោកអ្នកអាចមានដំណឹងអ្វីមួយឱ្យសប្បាយចិត្ត ឬ អាចទទួលការជ្រោមជ្រែងក្នុងរឿងអ្វីមួយផង ។ការប្រកបការងារលោកអ្នកគប្បីមានការធ្វើឱ្យពេញទំហឹងនោះនឹងទទួលផ្លែផ្កាដូចជាទីពេញចិត្តពុំខាន។ការធ្វើជំនួញបានប្រែប្រួលមកល្អប្រសើរបន្តិចវិញ ហើយបើចង់សាកល្បងមុខរបរថ្មីៗក៏ជាពេលវេលាល្អមួយដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពសុខដុម និង នឹករលឹកចំពោះគ្នាប្រពៃណាស់៕
ឆ្នាំរោង
រាសីល្អជាមធ្យម។នាថ្ងៃនេះដំណើរជីវិតរបស់លោកអ្នក មានផលមិនល្អបោកបក់ចូលមកខ្លះៗ ម្ល៉ោះហើយបើទោះបីធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងទើបមិនមានបញ្ហាចោទឡើង។ថ្ងៃនេះការប្រកបការងារអ្វីមួយឃើញថាមិនសូវមានការជឿនលឿនទៅមុខទេគឺតែងមានឧបសគ្គយាយីពិបាកក្នុងការទប់ទល់ផង ។
អ្នកប្រកបរបររកស៊ីជួញដូរវិញដោយសារយីអ៊ុនពុំសូវអំណោយផល ម្ល៉ោះហើយធ្វើឱ្យមានក្រុមមនុស្សតាមឈ្នានីសនិងព្យាបាទយាយី។
សម្ព័ន្ធស្នេហាកំលោះក្រមុំកុំគប្បីឈ្លក់នឹងល្បែងកាមគុណប្រយ័ត្នរែកពន់ភាពទុក្ខសោកនៅពេលក្រោយ៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។ថ្ងៃនេះលោកអ្នកងាយកើតនូវរឿងរាវតប់ប្រម៉ល់ និង ក៏ងាយលេចចេញនូវបាតុភាពជាមួយអ្នកដទៃណាស់ដែរគប្បីប្រយ័ត្នប្រយែងបន្តិច។សម្រាប់កិច្ចការងារទោះធ្វើអ្វីក៏ដោយឱ្យចេះប៉ាន់ប្រមាណ ហើយមិនត្រូវធ្វើដោយសេចក្តីប្រាថ្នាហួសប្រមាណពុំនោះនឹងបណ្តាលឱ្យបាត់បង់ទៅវិញទេ។អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់តិចតួច តែយ៉ាងណាការជួញទីជិតឆ្ងាយការរកផលកម្រៃនោះទោះមិនច្រើនពិតមែនក្តីតែក៏មានភាពសុខដុមគួរជាទីកក់ក្តៅ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំមានចិត្តរេដូចចុងស្រល់ប្រយ័ត្នកម្មពៀរវាឆ្លងម្តងម្នាក់វិញ៕
ឆ្នាំមមី
រាសីល្អជាមធ្យម។ដោយសារដំណើរជីវិតជួបលើកំណាត់ផ្លូវរដិបរដុបច្រើនបន្តិច ម្ល៉ោះហើយធ្វើឱ្យលោកអ្នកជួបនូវបញ្ហាលំបាកផ្លូវចិត្ត និង កើតរឿងរាវប៉ះទង្គិចមួយចំនួនចំពោះមុខផង។ថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយតោងប្រយ័ត្នប្រយែងកុំប្រើអារម្មណ៍ឈ្នានីសច្រើននោះផ្លែផ្កានឹងទទួលបានជោគជ័យគ្រាន់បើពុំខាន។សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរជួបលើបញ្ហាប្រទាំងប្រទើសបន្តិច ហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតានតឹងណាស់ដែរ។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការចាប់កំហុសគ្នាព្រោះតែភាពចង់ឈ្នះគ្នាមានច្រើនក្នុងពេលនេះ៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះដួងរាសីគាប់ប្រសើរ ដូចនេះបើចេះគ្រប់គ្រងអារម្មណ៍ និង ចាត់ចែងការងារនោះឃើញថាផ្តល់ផលល្អៗមកវិញជានិច្ច។សម្រាប់ថ្ងៃនេះដែរស្ត្រីបើចង់ធ្វើអ្វីក៏តែងផ្តល់ផលល្អៗមកវិញប្រសើរជាងបុរស។អ្នកប្រកបរបររកស៊ីជួញដូរមានភាពលូតលាស់គួរសម ហើយបើមានការជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងគាប់ប្រសើរ។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕
ឆ្នាំវក
រាសីស្រុតចុះ។ការរស់នៅលោកអ្នកមិនអាចប្រមាថរឿងអ្វីមួយឡើយពីព្រោះថាពេលខ្លះគិតថារឿងតិចតួចសោះ ប៉ុន្តែវាបែរជាកើតរឿងរ៉ាវធំដុំទៅវិញ។ក្នុងថ្ងៃនេះដែរដំណើរជីវិតរបស់លោកអ្នកស្រុតចុះ ដូចនេះទោះប្រកបការងារអ្វីក៏ដោយមិនអាចប្រមាថបានទេពីព្រោះថាផលមិនល្អងាយកើតមានជាងសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើននិងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានការនឿយណាយ និង មានបញ្ហាចំពោះគ្នាជាងសព្វមួយដង៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ថ្ងៃនេះការរស់នៅមានភាពលំបាកផ្លូវចិត្តច្រើនបន្តិច ហើយបើចង់ពឹងពាក់អ្នកដទៃក៏តែងមិនសម្រេចដូចគាប់បំណងនោះឡើយ។បើមានការប្រកបការងារវិញលោកអ្នកត្រូវរែកពន់ភាពលំបាកនិងរឿងរាវស្មុគស្មាញច្រើនបន្តិច ហើយទាល់តែមានការអត់ធ្មត់តស៊ូទើបអាចសម្រេចជោគជ័យកិច្ចការងារតូចធំទៅរួច។អ្នកប្រកបរបររកស៊ីជួញដូរដោយសារយីអ៊ុនកំពុងដាក់ស្រាប់ ម្ល៉ោះហើយធ្វើឱ្យមានក្រុមមនុស្សតាមឈ្នានីស និង ព្យាបាទយាយីច្រើន ដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបចៀសផុតពីជម្លោះវិវាទទៅរួច។
សម្ព័ន្ធស្នេហាកំលោះក្រមុំកុំគប្បីឈ្លក់នឹងល្បែងកាមគុណប្រយ័ត្នរែកពន់ភាពទុក្ខសោកនៅពេលក្រោយ៕
ឆ្នាំច
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានបញ្ហាយាយីច្រើនធ្វើឱ្យមិនសូវសុខស្រួលចិត្តប៉ុន្មានឡើយ។ក្រៅពីនេះដំណើរចាកចេញក្រៅផ្ទះលោកអ្នកកុំសូវសេពគប់ជាមួយក្រុមមនុស្សខ្ចាត់ព្រាត់ពេកពីព្រោះគេងាយនាំរឿងរាវមិនល្អទម្លាក់មកឱ្យណាស់។ការប្រកបការងារវិញគឺងាយមានបញ្ហានិងកើតជាជម្លោះវិវាទជាមួយអ្នកដទៃច្រើនជាងសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយហើយពុំត្រូវមានគំនិតវៀចវេឡើយបើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងហ៊ានមកក្បែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។ការរស់នៅបើចង់ពឹងពាក់អ្នកដទៃឱ្យជួយក្នុងរឿងអ្វីមួយតែងហុចជាផលល្អៗមកវិញគ្រាន់ជាទីពេញចិត្ត។រាល់កិច្ចការងារដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយផ្តល់ផលល្អសម្រាប់
លោកអ្នកចរចាឬប្រកបការងារអ្វីមួយពីព្រោះថាផ្លែផ្កាតែងហុចមកវិញគ្រាន់ជាទីពេញចិត្ត។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលាភធ្លាប់តែបោលហួសឬជួបភាពតានតឹងបានផ្លាស់ប្តូរមកធូរស្រាល ហើយបើមានក្រុមអតិថិជនជំពាក់ប្រាក់កាស គេអាចយកមកសងវិញទៀតផង។
សេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយជាឱកាសល្អក្នុងការរៀបចំផ្សំផ្គុំជាគ្រូសារបំផុត៕