​ដោយៈ អង្គា​រ៍​ហេង / កណ្ដាលៈ ជនសង្ស័យ​ចំនួន ៥ នាក់ ត្រូវបាន​កម្លាំង​នគរបាល ស្រុក​ពញាឮ ឃាត់ខ្លួន​បាន ជា​បន្តបន្ទាប់ ក្នុង​ពីរ​គោលដៅ​ផ្សេងគ្នា ពាក់ព័ន្ធ​ទៅនឹង​ករណី​ជួញដូរ និង​ប្រើប្រាស់ គ្រឿងញៀន​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ២ រសៀល ថ្ងៃ​សៅរ៍ ទី​១១ ខែកញ្ញា ឆ្នាំ​២០២១ ។​

​ក្នុង​ប្រតិបត្តិការ​របស់​កម្លាំង​សមត្ថកិច្ច លើ​គោលដៅ​ទី​១ បានធ្វើ​ឡើង នៅវេលា​ម៉ោង ២ រសៀល ត្រង់ចំណុច​ផ្ទះ របស់​ឈ្មោះ ឈឺ​ន ផានី ភូមិ​តា​ពេទ្យ ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល ឃាត់ខ្លួន ជនសង្ស័យ បាន ៣ នាក់ គឺៈ​១-​ឈ្មោះ ង៉ែត យូ​ឡុង អាយុ​៣៤​ឆ្នាំ មុខរបរ បើករថយន្ត (​ជួញដូរ )​។ ២-​ឈ្មោះ ឈឺ​ន ផានី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ កម្មករ (​ប្រើប្រាស់ )​។ ៣-​ឈ្មោះ ម៉ៃ គឹម​ហឿន ហៅ រាជ អាយុ​៣៤​ឆ្នាំ មុខរបរ បើកបរ​រថយន្ត (​ប្រើប្រាស់​)​។ បុរស​ទាំង ៣ នាក់​នេះ មាន​លំនៅ នៅ​ភូមិ​តា​ពេទ្យ ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ។ វត្ថុតាង​ចាប់យក​មានៈ គ្រឿងញៀន មេ​តំ​ហ្វេ​តា​មីន (ice) ចំនួន ៧ កញ្ចប់​តូច ទម្ងន់ ១,១៧ ក្រាម , ឧបករណ៍ប្រើប្រាស់​សារធាតុ​ញៀន​មួយចំនួន​, ទូរស័ព្ទ ៣ គ្រឿង​, ​ម៉ូតូ ចំនួន ៣ គ្រឿង (១-​ម៉ាក Honda PCX ពណ៌​ស លាយ​ឈាមជ្រូក ផលិត​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1FE-9090 , ២-​ម៉ាក Suzuki Let’s ពណ៌​ស លាយ​ក្រហម ផលិត​ឆ្នាំ ២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1CF-1671 , ៣-​ម៉ាក Suzuki Smash Revo ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០០៩ ពាក់​ស្លាក​លេខ ភ្នំពេញ 1AD-1501) ។​

​ដោយឡែក គោលដៅ​ទី​២ សមត្ថកិច្ច​ធ្វើឡើង នៅវេលា​ម៉ោង​ជិត ៤ រសៀល នៅ​ចំណុច​ផ្ទះជួល​របស់ ឈ្មោះ សុខ គឹម​សាក់ ភូមិ​ស្លែង ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ ២ នាក់ គឺៈ​១-​ឈ្មោះ សុខលី ឆ​វ័​ន្ត ហៅ សាត វណ្ណឌី ហៅ ឌី ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (​ជា​មេ​បណ្តាញ​ជួញដូរ​) ធ្លាប់​ជាប់ពន្ធនាគារ​ព្រៃ​ស ចំនួន ២ ឆ្នាំ (២០១៤ ដល់ ២០១៦)​។ ២-​ឈ្មោះ សុខ គឹម​សាក់ ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ កម្មការិនី មាន​ទីលំនៅ​ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល បច្ចុប្បន្ន ស្នាក់នៅ​ផ្ទះជួល​ភូមិ​ស្លែង ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល (​ជួញដូរ​) ។ វត្ថុតាង​ចាប់យក​មានៈ គ្រឿងញៀន មេ​តំ​ហ្វ​តា​មីន (ice) ចំនួន ៩ កញ្ចប់ (​ធំ​៦, តូច​៣ ) ទម្ងន់ ៦០០,៦៧ ក្រាម (​ជាង​៦​ខាំ​) ។ ទូរស័ព្ទ​ចំនួន ២ គ្រឿង​, ម៉ូតូ​ចំនួន ២ គ្រឿង (​ម៉ាក PCX ពណ៌​ស ផលិត​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1CK-1311 និង ម៉ាក Honda Dream C125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២១ ពាក់​ស្លាក​លេខ ភ្នំពេញ 1IS-9402 ) ។

​ចំពោះ​ជនសង្ស័យ ឈ្មោះ សុខលី ឆ​វ័​ន្ត ហៅ សាត វណ្ណឌី ហៅ ឌី បាន​សារភាព នៅ​ចំពោះមុខ​សមត្ថកិច្ច ថាៈ ថ្នាំញៀន​ដែល​ខ្លួន​ទិញ​មកនេះ គឺ​ក្នុងអំឡុង​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២១ ចំនួន ១០ ដុំ ស្មើនឹង ១ គីឡូក្រាម តម្លៃ ៥.៥០០ ដុល្លារ ទិញ​ពី​ឈ្មោះ ស្រី​នាង ភេទ​ស្រី និង ឈ្មោះ វីត ភេទ​ប្រុស នៅ​ខេត្តសៀមរាប ដែល​បម្រើ​ការងារ តាម​ក្លិប​កម្សាន្ត ដោយ​យកមក​លក់ ក្នុង ១ ដុំ (​ប្រហែល ១ ខាំ​) តម្លៃ ១.៣០០ ដុល្លារ លក់​អោយទៅ​ឈ្មោះ ង៉ែត យូ​ឡុង បាន​ចំនួន ៣-៤ លើក មកហើយ​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំងអស់ រួមទាំង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ កាន់​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​៕/V​