​ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញៈ នៅវេលា​ម៉ោងជាង ៣ ទៀបភ្លឺ ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២១ កម្លាំង​ជំនាញ​ព្រហ្ម​ទ​ណ្ច​ខណ្ឌ បឹង​កេងកង សហការ​ជាមួយ កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល ទួល​ស្វាយព្រៃ​ទី​២ បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ២ នាក់ ក្នុងចំណោម​គ្នា ៥ នាក់ ករណី​លួច​កាត់​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក នៅ​ចំណុច​មុខផ្ទះ​លេខ​៤៣៤ ផ្លូវ​ព្រះសីហនុ ភូមិ​៨ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​បឹង​កេងកង ។​

​នគរបាល​ខណ្ឌ​បឹង​កេងកង បានឱ្យដឹងថាៈ ជនសង្ស័យ ជា​មនុស្ស​ប្រុស ដែល​ឃាត់ខ្លួន​បាន ២ នាក់​នោះ រួមមានៈ ១- ឈ្មោះ ថា រិ​ទ្ធ អាយុ​៣៦​ឆ្នាំ ស្នាក់នៅ​ក្នុង​វត្ដ​កោះ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ មុខរបរ រើស​អេតចាយ (​មាន​សារធាតុ​ញៀន​) និង ២-​ឈ្មោះ អ៊ុង ហឿន អាយុ​២១​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង សង្កាត់​ទួល​សង្កែរ ខណ្ឌឫស្សីកែវ មុខរបរ មិន​ពិតប្រាកដ (​មាន​សារធាតុ​ញៀន​)​។​

​មុនពេល​កើតហេតុ ជនសង្ស័យ រួម​នឹង​បក្ខពួក មាន​គ្នា​ចំនួន ៥ នាក់ ជិះ​ម៉ូតូ ២ គ្រឿង ម៉ូតូ ១ គ្រឿង ម៉ាក Honda scopy ពណ៌​ក្រហម មិន​ចាំ​ផ្លាកលេខ និង​ម៉ូតូ ១ គ្រឿង​ទៀត ម៉ាក Honda wave ពណ៌​ខ្មៅ មិន​ចាំ​ផ្លា​លេខ សណ្ដោង​រ៉ឺម៉ក ម្ដុំ​ដីក្រហម ខណ្ឌទួលគោក គោលបំណង​ជិះ​ដើររក​លួច កាត់​ខ្សែភ្លើង ។ នៅពេល ក្រុម​ជនសង្ស័យ ជិះ​ម៉ូតូ​មកដល់ ចំណុច​មុខផ្ទះ​លេខ ៤៣៤ ផ្លូវ​ព្រះសីហនុ ភូមិ​៨ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​បឹង​កេងកង (​កន្លែងកើតហេតុ​) បានធ្វើ​សកម្មភាព ឡើង​កាត់​ខ្សែភ្លើង​។​

​នៅពេលនោះ សមត្ថកិច្ច កំពុង​ល្បាត ក៏បាន​ប្រទះឃើញ ចំណែក​ក្រុម​ជនសង្ស័យ នាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួន រហូតដល់​ម្ដុំ​វត្ដ​កោះ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ហើយ​នៅ​ទីនោះ សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន ២ នាក់​។ ចំណែក​បក្ខពួក​ចំនួន ៣ នាក់​ទៀត ជិះ​ម៉ូតូ​គេចខ្លួនបាត់​។ វត្ថុតាង​ចាប់យក​បាន មាន​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក ប្រវែង​ប្រហែល ២០ ម៉ែត្រ ចំនួន ២ កំណាត់​, កន្ត្រៃ​កាត់​ដែក ចំនួន​១, កាំបិត​ចំនួន​១, ដង្កាប់​ចំនួន ១, ទួ​ណឺ​វី​ស ចំនូ​ន​១ ។​

​បច្ចុប្បន្ន ជនសង្ស័យ​ចំនួន ២ នាក់ រួម​នឹង​វត្ថុតាង បាន​ត្រូវ​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​បឹង​កេងកង ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ ទៅកាន់​សាលាដំបូង រាជធានី​ភ្នំពេញ ចាត់ការ​បន្ត តាម​នីតិវិធី​៕/V​