​ដោយៈ គង់​ហេង / ត្បូងឃ្មុំៈ អាជ្ញាធរ​ក្រុង​សួង បានសម្រេច​បិទ​ខ្ទប់ ផ្សារ​សួង និង​ផ្លូវ​សាធារណៈ ជាប់​ផ្សារ​មួយ​នេះ ចំនួន ពីរ សប្តាហ៍ ជា​បណ្តោះអាសន្ន បន្ទាប់ពី​រកឃើញ ប្រជាពលរដ្ឋ ចំនួន​ជាង ៤០០ នាក់ បាន​ផ្ទុក​ជំងឺ​កូ​វីដ ១៩ រយៈពេល​ប្រមាណ​ជាង មួយ​សប្តាហ៍ កន្លងមកនេះ​។​

​លោក ជា ណា​រ៉ុ​ន អភិបាលក្រុង​សួង បាន​ប្រាប់ឱ្យដឹង នៅ​រសៀល​ថ្ងៃទី ១២ កញ្ញា​នេះ​ថាៈ ការសម្រេច បិទ​ផ្សារ​សួង និង​ផ្លូវ​មួយចំនួន គឺ​បន្ទាប់ពី​បាន​រកឃើញ លើក​ម្មករ ក្នុង​សិប្បកម្ម​ទិញ ទំនិញ​អេតចាយ ឈ្មោះ «៧៧» ស្ថិតក្នុង​ភូមិ​ជើង​ខាល ឃុំ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ ច្រើន​នាក់ បាន​ផ្ទុក​ជំងឺ​កូ​វីដ ១៩ ចាប់​តាំងពីដើម ខែកញ្ញា​នេះ​មក​។​

លោក​អភិបាលក្រុង​សួង បានឱ្យដឹង​ទៀតថាៈ ការឆ្លង​ជំងឺ​កូ​វីដ ១៩ ដ៏​គំហុក រយៈពេល​ជាង ១០ ថ្ងៃនេះ យើង​បាន​រកឃើញ អ្នក​ឆ្លង​ជំងឺ​នេះ សរុប​ចំនួន ៤០៧ នាក់ ក្នុងនោះ រស់នៅ​ក្រុង​សួង ចំនួន ២៦៧ នាក់ ដោយ​ប្រមាណ ៥០ ភាគរយ នៃ​ចំនួន​នេះ ជា​អាជីវករ​ផ្សារ​សួង និង​ចំនួន ១៤០ នាក់​ផ្សេងទៀត ជា​ប្រជាពលរដ្ឋ តាម​បណ្តា​ស្រុក​។ បច្ចុប្បន្ន អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ ១៩ ទាំងអស់ បាននិងកំពុង​សម្រាក ព្យាបាល ក្នុង​មន្ទីរពេទ្យ និង​អ្នកពាក់ព័ន្ធ ដោយផ្ទាល់ ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​របស់ រដ្ឋបាលខេត្ត​នេះ និង​អ្នកពាក់ព័ន្ធ​ប្រយោល ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​។​

​លោក​បាន​បន្តថាៈ ប៉ុន្តែ​ទោះជា​យ៉ាងណា លោក​សូម​អំពាវនាវ ដល់​ប្រជាពលរដ្ឋ ពិសេស​អា​ជីករ លក់ដូរ នៅ​ផ្សារ​សួង ដែល​បាន​ជាប់​ពាក់ព័ន្ធ ដោយផ្ទាល់ និង​ដោយ​ប្រយោល ជាមួយ​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ ចំនួន​ខាងលើ ប្រញាប់​រូស​រាន់ មកជួប​ក្រុមគ្រូពេទ្យ និង​ធ្វើ​ច​ត្តា​ឡី​ស័ក ដើម្បី​យក​សំណាក​ពិនិត្យ​។​

​សូម​រំលឹកថាៈ នេះ​ជាការ​បិទ​ខ្ទប់​លើក​ទី ២ ហើយ សម្រាប់​ផ្សារ​សួង ដោយសារ​ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ នៃ​ជំងឺ​កូ​វីដ ១៩ ដែល​បិទ​ខ្ទប់​លើក​ទី​១ ធ្វើឡើង​កាលពី​កំឡុង​ចុង ខែមិថុនា ឆ្នាំ​២០២១ កន្លងមកនេះ​៕/V​