ដោយ: ប.ជ័យ / បន្ទាយមានជ័យ:ថ្ងៃអាទិត្យទី១២ ខែកញ្ញា ឆ្នាំ២០២១ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមនឹងកងកម្លាំងចម្រុះ ចុះពិនិត្យមើលទឹកជំនន់ទឹកភ្លៀងនិងកាយបើកមុខទឹកបង្ហូរ និងបញ្ចៀស ពីការជន់លិចផ្ទះរបស់ប្រជាពលរដ្ឋ នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះឈ្នះស្ថិតនៅ ភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ។

បន្ទាប់មក លោកអភិបាលខេត្តបន្ទាយមានជ័យ បានបន្តដំណើរពិនិត្យមើលស្ថានភាពទឹកនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងពិនិត្យមើលសកម្មភាពគ្រឿងចក្រកាយបិទទប់ទំនប់ស្តេច ក្នុងភូមិស្តៅ ឃុំគោករមៀត ស្រុកថ្មពួកដែលត្រូវបានទឹកហូរ ច្រោះដាច់។

សូមបញ្ជាក់ថា ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ក្នុងមួយសប្តាហ៍នេះទទួលរងទឹកភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅ ច្រើនជាប់គ្នានិងទទួលលំហូរទឹកមកពីព្រំដែនថៃផងនិងពីស្រុកបវេលខេត្តបាត់ដំបងបានបង្ករឲ្យមានការជនលិចនៅ តំបន់ខ្លះ ក្នុងស្រុកមួយចំនួន ។ តែមិនមានបញ្ហាអ្វីអោយរងគ្រោះខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ ដំណាំ និងគ្រោះដល់មនុស្សសត្វនោះទេ ។ជាលំហូរទឹកចាល់ ជន់លិចបន្តិចបន្តួច ។

ក្នុងសកម្មភាពនៅបណ្តាគោលដៅទាំងនោះ លោក អ៊ុំ រាត្រី បានណែនាំក្រើនរំលឹកដល់មន្ត្រីជំនាញគ្រប់ថ្នាក់អាជ្ញាធរ មូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ក្នុងខេត្ត មានវិធានត្រៀមលក្ខណៈគ្រប់មធ្យោបាយ កងកម្លាំងដើម្បីឆ្លើយតប ដោះស្រាយភ្លាមៗ ក្នុងករណីមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរកើតឡើង ។លោកក៏បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នស្តាប់តាមការជូនដំណឹង និងការប្រកាសរបស់អាជ្ញាធរ ដើម្បីជៀសផុតពីគ្រោះថ្នាក់ បើក្នុងករណីមានគ្រោះធម្មជាតិទឹកជំនន់នេះកើតឡើង៕សរន