​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំង​: ក្មេងប្រុស​ម្នាក់ បាន​ស្លាប់ ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា ទៅបុក​ទ្វារ​រថយន្ត ដែល​គេ​បើក​ចេញពី​រថយន្ត ដោយ​គ្មាន​ការប្រុងប្រយ័ត្ន បណ្ដាលឱ្យ​ក្មេងប្រុស អង្គុយ​ផ្​ែ​ក​ខាងក្រោយ​ម៉ូតូ ខ្ទាត​ទៅ​កណ្ដាល​ទ្រូ​វ​ផ្លូវ ហើយ​ត្រូវ​រថយន្ត​ផ្សេង កិន​បន្ថែម​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ១​និង​៥០​នាទី រសៀល ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២១ នៅលើ​ផ្កូ​វ​ក្រាល​កៅស៊ូ ចំណុច​ទំនប់​បារាំង ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។​

​លោក​វរៈសេនីយ៍ឯក ឆាយ ខែម​រ័ត្ន អធិការ​នគ​បាល​ក្រុង​កំពង់ឆ្នាំង បានអោយដឹង នៅ​រសៀល​ថ្ងៃនេះ​ថាៈ ក្មេងប្រុស​រងគ្រោះ ឈ្មោះ អៀង ចាន់​តារា​រ័ត្ន អាយុ​១២​ឆ្នាំ មាន​លំនៅ នៅ​ភូមិ​ព្រៃ​កោះ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​លោក បានឱ្យដឹង​បន្តថាៈ មុនពេល​កើតហេតុ ក្មេងប្រុស ២​នាក់ បាន​ជិះ​ម៉ូតូ​ហុងដា ស្គុ​ប​ពី ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1G9111 ឌុប​គ្នា (​ក្មេងប្រុស​រងគ្រោះ ឈ្មោះ អៀង ចាន់​តារា​រ័ត្ន​) បើកបរ​ដោយ​ឈ្មោះ អៀង ចាន់​សុវណ្ណ​រាជ អាយុ ១៣ ឆ្នាំ មុខរបរ សិស្ស ជិ​ពី​ភូមិ​ព្រៃ​កោះ ទៅ​ដើម​ពោធិ៍ មាត់ទន្លេ​ផ្សារ​ក្រោម​។

​លោក​បានឱ្យដឹង​ទៀតថាៈ ដោយឡែក រថយន្ត​តូយ៉ូតា កាមរី (​គូទ​ស្វិត​) ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ចាស់ ង​៤០៧០ ភព​២ បើកបរ​ដោយ​ជន​មិន​ស្គាល់ អត្តសញ្ញាណ ពី​ទិស​ខាងលិច ទៅខាង​កើត ស្រប​ទិស​គ្នា ជាមួយនឹង​ម៉ូតូ​ហុងដា ស្កុប​ពី រួច​បាន​ឈប់​និយាយ​ទូរស័ព្ទ នៅ​ចំណុច​ខាងមុខ​ផ្លូវ ចុះ​ទំនប់​បារាំង​។ ក្រោយ​និយាយ​ទូរស័ព្ទ​រួច អ្នកបើករថយន្ត តូយ៉ូតា កាមរី បាន​បើកទ្វា​រថយន្ត ខាងមុខ ផ្នែក​ឆ្វេង​ដៃ ចេញ​ក្រៅ ហើយក៏​ត្រូវ​អ្នកជិះ​ម៉ូតូ​មកដល់ បាន​បុក​នឹង​ទ្វារ​រថយន្ត បណ្ដាលឱ្យ​ក្មេងប្រុស ដែល​អង្គុយ​ខាងក្រោយ​ម៉ូតូ ដួល​ខ្ទាត មក​ខាងឆ្វេង​ដៃ លើ​ទ្រូងផ្លូវ​។ ស្របពេល​គ្នា​នេះ រថយន្ត​ម៉ាក អូ​ឌី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BE.9953 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ស្រប​ទិស​គ្នា បានមក​ដល់​ឡើង​វ៉ា​ម៉ូតូ ហើយ​បាន​កិន ក្មេងប្រុស​ដែល​ជិះ​ម៉ូតូ ពីក្រោយ​នោះ បណ្តាលអោយ​រងរបួស​ធ្ងន់ ហើយ​ក្មេងប្រុស​រងគ្រោះ បាន​ស្លាប់ នៅពេល​គេ​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​។​

​ក្រោយពេល​កើតហេតុ អ្នកបើករថយន្ត​ទាំង ២ នាក់ បាន​រត់​គេចខ្លួនបាត់ ដោយ​បន្សល់​រថយន្ត តូយ៉ូតា កាមរី (​គូទ​ស្វិត​) នៅ​កន្លែងកើតហេតុ ។ ដោយឡែក រថយន្ត​ម៉ាក អូ​ឌី បាន​រត់​គេចខ្លួនបាត់ ទាំង​មនុស្ស និង​រថយន្ត​តែម្ដង ។ រថយន្ត​តូយ៉ូតា កាមរី (​គូទ​ស្វិត​) និង​ម៉ូតូ​របស់​ក្មេងប្រុស​រងគ្រោះ ត្រូវបាន​សមត្ថកិច្ច ដឹក​យកមក​រក្សាទុក ដើម្បី​រង់ចាំ​ដោះស្រាយ តាម​នីតិវិធី​៕/V​