ដោយ៖តារារិទ្ធ/ភ្នំពេញ៖ ប្រមុខរាចរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖វត្តមានរដ្ឋមន្ដ្រីក្រសួងការបរទេសចិនលោក វ៉ាង យី នៅកម្ពុជានាពេលនេះបាននាំមកជាមួយនូវជំនួយឥតសំណងចំនួន ១,៧៥០ លានយន់ស្មើ និង ប្រមាណ ២៧០ លានដុល្លាររួមជាមួយនិងការផ្តល់ជំនួយជាវ៉ាក់សាំងចំនួន ៣ លានដូសបន្ថែមទៀតដល់កម្ពុជា ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងនៅក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៦ រវាងកម្ពុជា-ចិន ក្រោមអធិបតីភាពនៅវិមានសន្តិភាពនាល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖«ខ្ញុំមានព័ត៌មានល្អខ្លះដើម្បីផ្ញើជូនតាមរយៈសារព័ត៌មានជូនប្រជាជនកម្ពុជាទីមួយគឺតាមរយៈការពិភាក្សាជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានប្រកាសផ្តល់ជំនួយវ៉ាក់សាំងចំនួន ៣លានដូសបន្ថែមទៀតដល់កម្ពុជាដែលនេះជាព័ត៌មានដ៏ល្អព្រោះជាការកង្វល់របស់ខ្ញុំហើយវាក៏ ជាការកង្វល់របស់មិត្តចិនផងដែរ ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាវ៉ាក់សាំងសម្រាប់ចាក់ដូសទី៣នេះបានមកដល់ចំនួន ២លានដូសហើយហើយនឹងមកដល់៣ លានដូសទៀតដែលមានចំនួនសរុប ៥ លានដូស ហើយបូកថែមនឹងជំនួយរបស់មិត្តចិនចំនួន ៣ លានដូសទៀតនិងការចាក់កន្លងមកជិត១លានដូសយើងនឹងមាន៩លានដូស ។ បើយើងត្រូវការចាក់១២លានដូស ទៀតយើងត្រូវការតែ ៣ លានដូសទៀតប៉ុណ្ណោះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថាសម្តេចចង់ផ្ញើសារនេះទៅប្រជាជនកម្ពុជាថា៖ក្រៅពីការផ្ដល់ជំនួយដែលប្រគល់នៅពហុកីឡាដ្ឋានមរតកតេជោដែលមានតម្លៃ ១៥០លាន ដុល្លារអាមេរិចហើយ ថ្ងៃនេះមិត្តចិនបានចុះហត្ថលេខាជាច្រើនទៀតដែលសុទ្ធតែជាជំនួយរបស់រដ្ឋាភិបាលចិន ដែលក្នុងនោះរាប់ទាំងជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនចំនួន ១,៧៥០ លានយន់ស្មើនឹង២៧០លានដុល្លារអាមេរិក និងជំនួយផ្សេងៗទៀតដែលបានចុះហត្ថលេខានៅពេលនេះ បូកបញ្ចូលទាំងវ៉ាក់សាំង៣លានដូសទៀតវានឹងជួយឲ្យយើង ស្រោចវ៉ាក់សាំងទៅលើប្រជាពលរដ្ឋយើងបានគ្រប់គ្រាន់ ។
ជាមួយនេះសម្តេចតេជោ ហ៊ុន សែន ក៏បានផ្ញើសារជូនទៅកសិករកម្ពុជាដែលតែងតែជួបបញ្ហាកសិផលមិនអាចនាំចេញបានថា៖សម្តេចបានលើកបញ្ហានេះជានឹងរដ្ឋមន្ត្រីការបរ ទេសចិនអំពីបញ្ហាការនាំកសិផលកម្ពុជាត្រង់ទៅកាន់ប្រទេសចិនដូចជា ផ្លែមៀនប៉ៃលិន ជាដើមសុំឲ្យជំរុញវិធានការចរចាបញ្ហាទាំងអស់នេះ ។ ចិនកំពុងបើកទីផ្សារតាមរយៈការ ដែលបានធ្វើកន្លងទៅនិងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានចិនដែលត្រូវចូលជាធរមាននាពេលឆាប់ៗខាងមុខ,ដែលអាចឲ្យយើងប្រើប្រាស់ទីផ្សាររបស់ចិនដែលនឹងទទួលបាន,កម្ពុជានឹងទទួលបានផលប្រយោជន៍ពីនេះយ៉ាងច្រើន ហើយប្រសិនបើចិនចជំនះបាននៅកូវីដ១៩ ដែលសព្វថ្ងៃនេះចំនួននៃការឆ្លងរបស់ប្រទេសចិនដែលមានប្រជាជន ១,៤០០លាននាក់ ឆ្លងមួយមួយថ្ងៃ ២០ ទៅ ៣០ នាក់គឺមានចំនួនតិចបំផុត។សម្តេចតេជោបន្តថា នៅពេលចិនមានកំនើនសេដ្ឋកិច្ច មានភាពរុងរឿង ជីវភាពប្រជាជនចិនមាន ភាពរុងរឿងវាក៏បានផ្តល់ប្រយោជន៍ដល់កម្ពុជាហើយប្រទេសដទៃទៀតដែលត្រូវការទីផ្សាររបស់ចិន ។ ដូច្នេះហើយជាចំណុចដែលខ្ញុំចង់ផ្ញើសារជូនទៅដល់ប្រជាកសិករកម្ពុជាគឺរាជរដ្ឋាភិបាលបានប្រឹងប្រែងជាមួយនឹងការប្ដេជ្ញាចិត្តរបស់ប្រទេស ចិនក្នុងការជួយដល់កម្ពុជាជួយដល់កសិករកម្ពុជា ៕