ដោយ៖តារារិទ្ធ/ភ្នំពេញ៖ ឯកសារសំខាន់ៗចំនួន០៦ ត្រូវបានចុះហត្ថលេខារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិង រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនក្រោម អធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក វ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសនៃសាធា រណរដ្ឋ ប្រជាមានិតចិននៅវិមានសន្តិភាព នាល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ ។
ឯកសារទាំង ៦ ដែលត្រូវបានចុះហត្ថលេខានេះរួមមាន៖
ទី១.លិខិតប្រគល់-ទទួលសម្ភារមនុស្សធម៌ក្នុងវិស័យបោសសម្អាតមីនចុះហត្ថលេខាដោយលោកទេសរដ្ឋមន្ត្រី លី ធុច អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជានិង លោក វ៉ាង វិនធៀន (WANG Wentian)ឯកអគ្គរដ្ឋ ទូតចិនប្រចាំកម្ពុជា។
ទី២.កិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីអំពីការគាំទ្រមន្ទីរពេទ្យដៃគូររវាងគណៈកម្មាធិការសុខាភិបាលជាតិនៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងសុខាភិបាលនៃព្រះរាជា ណាចក្រកម្ពុជាដោយលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក វូ ហ្សីនហាវ ( Wu Jianghao) ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជា មានិតចិន។
ទី៣.លិខិតប្រគល់-ទទួលបរិក្ខារដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដោយលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក គៀន ខឹមីង (H.E. Qian Keming) អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន។
ទី៤. កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេសស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន១,៧៥០,០០០,០០០ យ័ន (ប្រមាណ ២៧០ លានដុល្លារអាមេរិក) ដោយលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងលោក ដេង បូគិង (Deng Boqing) អនុប្រធានភ្នាក់ងារអភិវឌ្ឍននិងសហប្រតិបត្តិការអន្តរជាតិ។
ទី៥. លិខិតប្រគល់-ទទួលថវិកាចំនួន ២,៥ លានដុល្លារអាមេរិកជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការងារបោស សម្អាតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជាដោយលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងលោក ដេង បូគិង (Deng Boqing) អនុប្រធានភ្នាក់ងារអភិវឌ្ឍន និងសហប្រតិបត្តិការអន្តរជាតិ។
ទី៦.កិច្ចព្រមព្រៀងស្ដីពីគម្រោងកិច្ចសហប្រតិបត្តិការរបស់មូលនិធិពិសេសមេគង្គ-ឡានឆាង ដោយលោក សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិ និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៕