ប្រែសម្រួលៈវាសនា៖ ក្មេងៗនៅបង់ក្លាដែសបានវិលទៅកាន់សាលារៀនវិញកាលពីថ្ងៃអាទិត្យនៅពេលសាលារៀនបើកឡើងវិញក្រោយបិទទ្វារអស់១៨ខែដោយសារកូវីដ១៩។
ការដំណើរការសិក្សាតាមថ្នាក់ផ្ទាល់ឡើងវិញនេះកើតឡើងចំពេលអង្គការ UNICEFព្រមានថា ការបិទថ្នាក់រៀនអូសបន្លាយពេលក្នុងអំឡុងវិបត្តិកូវីដ១៩ វាកាន់តែអោយមានភាពអយុត្តិធម៌ខ្លាំងឡើងសំរាប់កុមាររាប់លាននាក់នៅទូទាំងអាស៊ីខាងត្បូង។
នៅក្នុងទីក្រុងដាក្កា សិស្សនៅសាលារៀនមួយត្រូវបានស្វាគមន៍ជាមួយនឹងកម្រងផ្កានិងស្ករគ្រាប់ ហើយត្រូវបានប្រាប់អោយពាក់ម៉ាស់ធ្វើអនាម័យដៃ។ខ្លះឳបគ្នាដោយចិត្តរំភើប។នៅមាត់ទ្វាររបងសាលា មន្ត្រីសាលាបានពិនិត្យកំដៅខ្លួនសិស្សមុនអនុញ្ញាតអោយពួកគេចូល។
សូមបញ្ជាក់ថា មានតែ៤១ភាគរយនៃប្រជាជន១៦៩លាននាក់នៅបង់ក្លាដែសមានទូរស័ព្ទឆ្លាត(ស្មាតហ្វូន)ប្រើ មានន័យថាក្មេងៗរាប់លាននាក់មិនអាចរៀនតាមអនឡាញ(អ៊ិនអឺណិត)បានទេ។ទោះជាមានស្មាតហ្វូន សិស្សនៅតាមស្រុកជនបទបង់ក្លាដែសជាច្រើនក៏មិនមានអ៊ិនធឺណិត(វ៉ាយហ្វាយ)ល្បឿនលឿនដែលត្រូវមានសំរាប់ការសិក្សាតាមអេឡិចត្រូនិចបានដែរ។
ក្នុងសេចក្តីរាយការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ អង្គការUNICEFបានព្រមានថា ជំងឺឆ្លងបង្កើន«ភាពអយុត្តិធម៌គួរអោយប្រកាសអាសន្ន»សំរាប់កុមារជាង៤៣០លាននាក់នៅក្នុងតំបន់។
នៅឥណ្ឌា កុមារអាយុ១៤ទៅ១៨ឆ្នាំចំនួន៨០ភាគរយនិយាយថា ពួកគេរៀនបានតិចជាងការរៀននៅក្នុងថ្នាក់ជាក់ស្តែងហើយក្នុងចំណោមក្មេងអាយុ៦ទៅ១៣ឆ្នាំ ពួកគេ៤២ភាគរយបាននិយាយថាពួកគេមិនមានលទ្ធភាពរៀនពីចម្ងាយបានទេ។
រីឯនៅប៉ាគីស្ថាន កុមារ២៣ភាករយមិនអាចរកបានឧបករណ៍សំរាប់ការសិក្សាពីចម្ងាយ៕
មន្ត្រីវាស់កំដៅខ្លួនសិស្ស មុនអនុញ្ញាតអោយចូលក្នុងសាលានៅពេលក្មេងៗនៅបង់ក្លាដែសបានវិលទៅកាន់សាលារៀនវិញកាលពីថ្ងៃអាទិត្យ