ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោក វ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសនៃសាធា រណរដ្ឋប្រជាមានិតចិនបានអញ្ជើញក្នុងពិធីប្រគល់-ទទួល វិមានកីឡាដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិនដែលមានតម្លៃប្រមាណ ១៥០ លានដុល្លារអាមេរិកដែលជាកំណត់ត្រាថ្មីមួយទៀតនៃទំនាក់ទំនងដែកថែបរវាងកម្ពុជានិងចិន នៅរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ។
សម្ដេចតេជោមានប្រសាសន៍ថាសមិទ្ធផលនេះគឺជាកំណត់ត្រាថ្មីមួយទៀតនៃទំនាក់ទំនងដែកថែបរវាងកម្ពុជា និងចិន ដែលយើងបានទទួលនូវជំនួយមួយដែលមិននឹកស្មានដល់ សូម្បីតែមកដល់ឆ្នាំ ២០០០ កាលពី២០ឆ្នាំមុននេះយើងមិននឹកស្មានថានឹងមានពហុកីឡាដ្ឋានដ៏ល្អមួយនៅទីនេះនោះទេ ។ ចំណុចនេះគឺជាចំណុចដែលខ្ញុំគួរជម្រាបជូនហើយ ក៏ធ្លាប់បាននិយាយខ្លះៗរួចមកហើយដែរថាខ្លួនខ្ញុំផ្ទាល់បានសុំការអធ្យាស្រ័យពីសំណាក់ដៃគូរអាស៊ានដទៃទៀតដែលបានធ្វើស៊ីហ្គេមក្នុងរយៈកាលពីរឆ្នាំម្ដងប៉ុន្តែសម្រាប់កម្ពុជាយើងពុំទាន់មានលទ្ធភាពដើម្បីនឹងធ្វើបែបនោះទេយើងសុំការយោគយល់ពីមិត្តភក្ដិក្នុងក្របខ័ណ្ឌអាស៊ានព្រោះយើងមានតម្រូវការចាំបាច់ដើម្បីកសាងនូវហេដ្ឋារចនាសម្ព័ន្ធ បម្រើ ឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាមុន។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថាប៉ុន្តែនៅពេលដែលសម្ដេចបានចាប់ផ្ដើមធ្វើទំនាក់ទំនងដ៏ល្អជាមួយនឹងដៃគូដែលជឿទុកចិត្តគ្នានៅក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន ពិសេសជាមួយនឹងលោកប្រធានាធិបតី ស៊ី ជិនពីង ពេលនោះយើងក៏បានទទួលនូវសញ្ញានៃការផ្ដល់នូវវិភាគទានសម្រាប់ការ សាងសង់នូវហេដ្ឋា រចនាសម្ព័ន្ធចាំបាច់ដើម្បីបម្រើឱ្យការប្រកួតកីឡាស៊ីហ្គេមហើយយើងក៏បានប្រកាសដាក់នូវបេក្ខភាពជាម្ចាស់ផ្ទះសម្រាប់ការទទួលយកការរៀបចំការប្រកួតកីឡាប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣។
សម្ដេចតេជោបានលើកឡើងថាប្រសិនបើគ្មានការជួយជ្រោមជ្រែងពីសាធារណរដ្ឋប្រជាមានិតចិនទេយើងពិតជាមិនមាននូវពហុកីឡដ្ឋានមួយដែលថ្ងៃនេះយើងធ្វើពិធីប្រគល់និង ទទួលជាមុនសិនរីឯការសម្ពោធដាក់ឱ្យដំណើរការប្រើប្រាស់នឹងធ្វើនៅពេលក្រោយ។សម្ដេចតេជោគូសបញ្ជាក់ថាសមិទ្ធផលនេះជាមោទនភាពរបស់ជាតិខ្មែរទាំង មូលដែលទទួល បានជំនួយដ៏សម្បុរសពីមិត្តរបស់យើងៗកសាងដើម្បីជាតិយើងទាំងអស់គ្នាយើងកសាងដើម្បីសុខុមាលភាពរបស់ប្រជាជនជាពិសេសយុវជននិងកុមារ ។ សមិទ្ធផលនេះមិនមែនជាការចៃដន្យទេ តែនេះជាផ្លែផ្កានៃចំណងមិត្តភាពរវាងកម្ពុជា-ចិន ដែលកើតឡើងពីការត្រួសត្រាយផ្លូវរបស់ព្រះបរមរតនកោដ្ឋ សម្ដេចព្រះនរោត្ដមសីហនុ ហើយបន្តមកដល់ព្រះ មហាក្សត្របច្ចប្បន្ន សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និង រូបសម្ដេចនិងគណបក្សប្រជាជនកម្ពុជាបន្តអនុវត្តន៍នយោបាយចិនតែមួយ ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកថានេះគ្រាន់តែជាការទទួលផលដើមរដូវនៃចំណងមិត្តភាពដែកថែបដែលប្រធានាធិតី ស៊ី ជីងពីង បានប្រសិទ្ធនាមឡើង។សម្តេចបានបន្តថាហេតុអ្វីបានជា សម្តេចត្រូវនិយាយថាវាជាការទទួលផលដើមរដូវ ព្រោះយើងមិនមែនទាក់ទងជាមួយចិនត្រឹមតែថ្ងៃនេះឬថ្ងៃស្អែកបន្ទាប់ពីទទួលពហុកីឡាដ្ឋាននេះរួចហើយនោះទេ ។ យើងត្រូវ ធ្វើជាមួយមិត្តចិនច្រើនឆ្នាំតទៅទៀត។
លោក វ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនបានមានប្រសាសន៍ថាជំនួយជាពហុកីឡាដ្ឋានជាតិមរតកតេជោនេះគឺមានទំហំធំជាងគេជា ពហុកីឡដ្ឋានដែលមានលំដាប់ធំបំផុតដែលជាជំនួយជូនដល់មិត្តបរទេសរបស់សាធារណរដ្ឋប្រជាមនិតចិន ។លោក វ៉ាង យី បានថ្លែងថាមូលហេតុដែលប្រទេសចិនសម្រេចផ្ដល់ ជំនួយសន្ធឹកសន្ធាប់សាងសង់ពហុកីឡដ្ឋានមរតកតេជោជូនដល់ប្រជាជនកម្ពុជាគឺដោយសារតែប្រជាជនកម្ពុជាមានភាពស្និទ្ធស្នាលនិងមិត្តភាពជ្រាលជ្រៅបំផុតជាមួយប្រជា ជនចិន ។ លោកទីប្រឹក្សារដ្ឋបានបញ្ជាក់ថា «ពហុកីឡដ្ឋានមរតកតេជោ» បានបង្ហាញពីមិត្តភាពដ៏ជ្រាលជ្រៅបំផុតនៃទំនាក់ទំនងកម្ពុជានិងចិនហើយលោកសង្ឃឹមថាប្រជាជន កម្ពុជាជាច្រើននឹងហាត់កីឡានៅក្នុង«ពហុកីឡដ្ឋានមរតកតេជោ»នេះហើយក្រុមកីឡាករកម្ពុជានឹងទទួលបានមេដាយមាសច្រើនក្នុងការប្រកួតស៊ីហ្គេមនៅពេលខាងមុខនេះ។
វិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោដែលមានទីតាំងស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនេះ មានទំហំផ្ទៃដីជាង ៨៥ ហិកតាត្រូវបាន បើកការដ្ឋានសាងសង់កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ និង សាងសង់រួរាល់ជាស្ថាបពរនីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។ កីឡដ្ឋានលំដាប់អន្តរជាតិនេះ អាចផ្ទុកអ្នកទស្សនា បានប្រមាណ៦ម៉ឺននាក់និងអាចជម្លៀសទស្សនិកជនត្រឹមរយៈពេល៧នាទីក្នុងករណីមានហេតុការណ៍មិនប្រក្រតីកើតឡើង ។ ពហុកីឡាដ្ឋានេះត្រូវបានសាងសង់ឡើងដោយ ជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនចំនួន ១៥០ លានដុល្លារអាមេរិក ។ ពហុកីឡដ្ឋានជាតិមរតកតេជោដែលនឹងក្លាយជាទីកន្លែងសំខាន់សម្រាប់រៀបចំការប្រកួតកីឡាអាស៊ី អាគ្នេយ៍នៅឆ្នាំ ២០២៣ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ ។ ពហុកីឡាដ្ឋាននេះក៏ជាកន្លែងសំ ខាន់មួយសម្រាប់រៀបចំពិព័រណ៍ពាណិជ្ជកម្មឬពិព័រណ៍ទេសចរណ៍ផងដែរក្រៅពី នោះក៏មានជាសណ្ឋាគារនិងផ្សារដែលសាងសង់ព្រមជាមួយគ្នាទៀតផង ៕