លោក វ៉ាង យី ជួប​ជាមួយនឹង​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង

56

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក្នុងឱកាស​បំពេញ​ទស្ស​កិច្ច​នៅ​កម្ពុជា លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​ចិន ពីថ្ងៃ​ទី ១២ ដល់ ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២១ នៅ​ព្រឹក​ថ្ងៃទី ១៣ ខែ ដដែល លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បាន​ជួប​សន្ទនា និង​រៀបចំ​អាហារ​ការងារ​ពេលព្រឹក​ជូន លោក វ៉ាង យី​។

​ក្នុងឱកាស​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​រំលឹក​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​អន្ដររដ្ឋាភិបាល​កម្ពុ​ជា​-​ចិន កាលពី​ខែមិថុនា ឆ្នាំ​២០២០​។ លោក​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ផងដែរ​ចំពោះ រដ្ឋាភិបាល​ចិន​ដែល​បាន​នាំចូល​កសិផល​កម្ពុជា​យ៉ាងច្រើន ជាពិសេស​អង្ករ​បាន​ចំនួន ៦១៥.៦១២ ចេក​បាន​ចំនួន ២៧២.០២៣ តោន និង​ស្វាយបាន​ចំនួន​២១១​តោន នាពេល​៨​ខែ​កន្លងមក ដែលជា​ការរួមចំណែក​ដ៏​ធំធេង​ដល់​ប្រជាកសិករ​កម្ពុជា ជាពិសេស​បានរួម​ចំណែក​ដល់​សេដ្ឋកិច្ចកម្ពុជា ក្នុងពេល​ជំងឺ​កូ​វីដ​-19 នឹង​ជួយ​ដល់​ពលករ​ដែល​ត្រលប់​មកពី​ប្រទេស​ថៃ​បាន​ប្រកបការងារ​កសិកម្ម​។​ទន្ទឹមនេះ​លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​សំណូមពរ​អោយ​ចិន​ជួយ​ទិញ​កសិផល​កម្ពុជា​បន្ថែម​ទៀត ជាពិសេស​ផ្លែ​មៀន​ប៉ៃលិន ម្រេច ទុរេន និង​ស្ករ​។​ល​។​

​រំលឹក​អំពី​ការអនុវត្ត​គម្រោង​នានា​ជាបន្ទាន់​ក្រោយពី​ប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​អន្ដររដ្ឋាភិបាល​កម្ពុ​ជា​-​ចិន កាលពី​ថ្ងៃទី​១៦ មិថុនា ២០២០ បញ្ជី​គម្រោង​ដែល​ត្រូវ​អនុវត្តន៍​បន្ទាន់​(To Do List) លោក​ឧបនាយករដ្ឋមន្ត្រី បាន​លើក​ជាអាទិ៍​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​71C គម្រោង​ពង្រីក និង​លើក​កម្រិត​ផ្លូវជាតិ​លេខ​41 លេខ​33 លេខ​31 និង​ផ្លូវជាតិ​លេខ​3 គម្រោង​ប្រព័ន្ធ​ទឹក​កខ្វក់​ក្រុងព្រះសីហនុ ព្រមទាំង​ការកសាង​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ​រវាង​ទីក្រុង​ព្រះសីហនុ​-​ទីក្រុង​ហុងកុង ដើម្បី​ព​ន្លឿ​ន​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​នៅ​កម្ពុជា​។​

​លោក​ឧបនាយករដ្ឋមន្ត្រី បាន​លើក​ថា ផែនការ​សកម្មភាពរ​វាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​បង្កើត​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន​(២០១៩-២០២៣) ដែក​ទាក់ទង​គ្រប់​ស្ថាប័ន​រួមទាំង​គណបក្ស​ប្រជាជន​កម្ពុជា និង​នីតិប្បញ្ញត្តិ​។​ល​។ តើ​គួរ​ប្រជុំ​ថ្នាក់​អគ្គលេខាធិការ​គណៈ​ក​ម្មា​ធិ​ការសម្របសម្រួល​អន្ដររដ្ឋាភិបាល ឬទេ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​កិច្ចការ​អនុវត្ត​ន៍​បន្ដ​។​

​ក្នុងឱកាស​នោះដែរ លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​លើក​ថា​គួរ​ពិចារណា​រក​ពេល​សមស្រប​រៀបចំ​ការតាំង​ពិ​ពណ៌​អំពី​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​យើង​ទាំងពីរ ទន្ទឹមនឹងនេះ លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ស្នើ​បញ្ចូល​ក្រសួងបរិស្ថាន និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្នុង​គណៈកម្មាធិការ​សម្របសម្រួល​អន្ដររដ្ឋាភិបាល​ខាង​កម្ពុជា ដែល​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​យល់ស្រប​ដ៏​ខ្ពង់ខ្ពស់​ហើយ​។​

​ក្នុងឱកាស​នោះដែរ លោក វ៉ាង យី បាន​ឆ្លើយតប​ជាអាទិ៍​ដូចតទៅ​៖​ជម្រុញ​ការសាងសង់​ផ្លូវជាតិ​លេខ​71C, បញ្ជូន​អ្នកបច្ចេកទេស​មក​សិក្សា​ផ្លូវជាតិ​លេខ​3 ដែលមាន​ការខូចខាត​ប្រវែង​20Km, យកចិត្តទុកដាក់ និង​ជម្រុញ​បន្ថែមទៀត​លើ​គម្រោង​ខ្សែ​កាបិ៍​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ​រវាង​ទីក្រុង​ព្រះសីហនុ​-​ទីក្រុង​ហុងកុង និង ស្នើអោយ​សមត្ថកិច្ច​កម្ពុ​ជា​ជួយ​គ្រប់គ្រង​Casino online ដើម្បី​កុំ​ប៉ះពាល់​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ​។
​ជុំវិញ​ចំណុច​នេះ លោក​ឧបនាយករដ្ឋមន្ត្រី បាន​ឆ្លើយថា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​សម្រេច​ដ៏​ខ្ពង់ខ្ពស់​លុបបំបាត់ Casino online​នេះ តាំងពី​ឆ្នាំទៅ​រួចហើយ​៕​