ដោយៈ​សុផល​/​ភ្នំពេញ​៖“​បញ្ញវន្ត​ខ្មែរ ដែល​បាន​ទៅ​រៀន​នៅ​បរទេស មិនគួរ​មោទនភាព​បរទេស​ហួសពេក រហូត​ភ្លេច​ខ្លួនឯង​ជា​កូន​ខ្មែរ ជា​ពូជសាសន៍​ដ៏​អស្ចារ្យ​នោះឡើយ​”​។​នេះ​ជា​ប្រសាសន៍​របស់ លោក​ហឿន សំនៀង នាយក​វិទ្យាស្ថាន តេ​ជោ សែន សាធារណការ និង​ដឹកជញ្ជូន ។​

​ថ្លែង​ទៅកាន់​សិស្ស និស្សិត ប្រមាណ ៣០០​នាក់​នៅក្នុង​សិក្ខាសាលា​តាម​អន​ឡាញ​មួយ​ស្តីពី​៖ “​គន្លឹះ ទទួលបាន​អាហារូបករណ៍​ជប៉ុន​”​កាលពី​ថ្ងៃទី​១២​ខែកញ្ញា ឆ្នាំ​២០២១ លោកនាយក​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន បាន​បន្ត​លើកឡើងថា​៖​យុវជន​ដែល​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅក្រៅ​ប្រទេស នឹង​ក្លាយជា​បញ្ញវន្ត​តំណាង​ជាតិ​សាសន៍​ខ្មែរ ដូច្នេះ​និស្សិត​គួរ​ត្រៀមខ្លួន និង​គួរ​បំពាក់​ខ្លួនឯង​នូវ​ចំណេះដឹង​ស្តីពី​ជំនឿ ទំនៀមទម្លាប់ វប្បធម៌ សាសនា ប្រពៃណី សិល្បៈ អត្តសញ្ញាណ និង​គុណ​តម្លៃ​ផ្សេងៗ​ទៀត ដែល​តំណាងឱ្យ​ពូជសាសន៍​ខ្មែរ​នៅឯ​បរទេស​។ ត្រូវ​ធ្វើយ៉ាងណា​កុំភ្លេចថា​ខ្លួន​ជា​ខ្មែរ មាន​ភារកិច្ច​ជា​ប្រតិភូ​តំណាង​ជាតិ​ដ៏​ពេញលេញ និង​គួរ​ជាទី​មោទនភាព បំផុត​សម្រាប់​ជាតិខ្មែរ និង​កុំ​វ​ង្វែ​ង កុំ​ស្រវឹង​ជាមួយ​វប្បធម៌​បរទេស កុំ​យក​ខួរក្បាល​បរទេស​មក​ពាក់ ហើយ​តាំង​ខ្លួនឯង​អស្ចារ្យ ជាង​ជាតិ​សាសន៍​ខ្មែរ​ខ្លួនឯង​ឱ្យសោះ យើង​អស្ចារ្យ យើង​ខ្លាំង ព្រោះ​យើង​ជា​កូន​ខ្មែរ​។​

​លោក​បាន​បន្តថា​ កុំ​បាន​ទៅ​រៀន​នៅ​បរទេស ពេល​ត្រឡប់មក​ខ្មែរ​វិញ ចេញ​ឬ​ក​ចេញ​រាង​ជា​បរទេស ភ្លេច​អស់​វប្បធម៌ ទំនៀម ទម្លាប់ សាសនា អត្តសញ្ញាន​ជាតិ និង​គុណ​តម្លៃ​ដ៏​ល្អ​របស់​ខ្លួនឯង​ជា​ខ្មែរ សម្តែង​ឬ​ទ្ធិ​បរទេស​ដាក់​ពូជ​ត្រកូល​ខ្លួនឯង​។ យើង​ទៅ​រៀន​នៅ​បរទេស ដើម្បី​បាន​ចំណេះដឹង និង​បទពិសោធន៍​ល្អៗ​ពី​គេ តែ​ត្រូវ​តម្កល់​ភាវៈ​នៃ​ខ្លួន ក្នុងនាម​ខ្មែរ ដែលមាន​ទាំង​អត្តចរិត ទំនៀមទម្លាប់ វប្បធម៌ សាសនា​ជាដើម​។​

​នៅក្នុង​សិក្ខាសាលា​នោះដែរ វាគ្មិន​កិត្តិយស លោក​បណ្ឌិត វុទ្ធី មុនី​រ័ត្ន ដែល​បានបញ្ចប់​ការសិក្សា​ថ្នាក់បណ្ឌិត​លើ​ជំនាញ​ធនធានទឹក​ក្រោម​ដី​ពី​សាកលវិទ្យាល័យ​ឈី​បា​ប្រទេស ជប៉ុន​ក្នុង​ឆ្នាំ​២០១០ បាន​ចែករំលែក​បទពិសោធន៍​សំខាន់ៗ​មួយចំនួន​ដល់​សិស្ស​និស្សិត​ដូចជា​៖ ១. ការរៀបចំ​ខ្លួន​ដើម្បី​ទទួលបាន​អាហារូបករណ៍ ត្រូវមាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ស្តីពី​អាហារូបករណ៍​) ២. ការរស់នៅ​ប្រទេស​ជប៉ុន មាន​លក្ខណៈ​ល្អប្រសើរ ដែល​និស្សិត​មិនគួរ​មានការ​បារម្ភ​ពេក​នោះឡើយ ៣. បញ្ហា​ប្រឈម​របស់​សិស្ស​និស្សិត​មាន​ខ្លះៗ ពិសេស​អ្នក​ដែល​មិន​ធ្លាប់​ចេញទៅ​ក្រៅប្រទេស អាចមាន​ការពិបាក​ប​ន្តិ​ច​បន្តួច ទាំង​របៀបរបប ទំលាប់ អាហារ និង​វប្បធម៌ ជាដើម ៤. ក្រោយ​បញ្ចប់​ការសិក្សា​ពី​ប្រទេស​ជប៉ុន និស្សិត​ភាគច្រើន​មានឱកាស​ការងារ​ល្អ ព្រោះ​អ្នក​ដែល​បានបញ្ចប់​ការសិក្សា​ពី​ប្រទេស​នេះ ជា​មនុស្ស​ប្រកបដោយ​ភាពជា​អ្នកដឹកនាំ គុណធម៌ សីលធម៌ និង​អាច​ធ្វើការ​ជាមួយ​ដទៃ​បាន​។​

​សូមបញ្ជាក់ថា​​សិក្ខាសាលា​នេះ​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សហការ ជាមួយ​យុវជន​ស្ម័គ្រចិត្ត​ដើម្បី​អភិវឌ្ឍ​សង្គម ក្នុង​គោលបំណង​ផ្តល់ឱកាស​ដល់​សិស្ស​និស្សិត​បាន​សិក្សា​ស្វែងយល់​អំពី អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន និង​លក្ខខណ្ឌ​នានា​ដែល​សិស្ស​និស្សិត​អាច​ត្រៀមខ្លួន​ជាមុន ដើម្បី​ចូលរួម​ប្រកួត​យក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន ក៏ដូចជា​បណ្តា​ប្រទេស​នានា​ផងដែរ​។​

​ដោយ​ធ្លាប់​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​ដែរនោះ លោក​ហឿន សំនៀង នាយក​វិទ្យាស្ថាន តេ​ជោ សែន សាធារណការ និង​ដឹកជញ្ជូន​បាន​ចែករំលែក​នូវ​ចំណុច​សំខាន់​មួយចំនួន​។​លោក​បានលើកឡើង​ពី​គន្លឹះ​មួយចំនួន ដែល​និស្សិត​ត្រូវមាន ក្នុងការ​ត្រៀម​ប្រកួត​យក​អាហារូបករណ៍ រួមមាន​÷ ១. និស្សិត​ត្រូវមាន​ចំណេះដឹង​ទូទៅ​ល្អ ទាំង​ចំណេះដឹង​មូលដ្ឋាន និង​ចំណេះដឹង​សកល ដែល​អាចជួយ​កំណត់​គោលដៅ​ខ្លួនឯង​ច្បាស់លាស់​ផង និង​ដឹងថា​តើ​សាលា​ចង់បាន​អ្វីខ្លះ ជាដើម ,២. ត្រូវ​ចេះ​ភាសា​អង់គ្លេស ដែលជា​ស្ពាន​ចម្លង​ដ៏​សំខាន់បំផុត និង​ជា​ជំនាញ​សកល​ដែល​មិនអាច​ខ្វះ​បាន, ៣. ត្រូវមាន​ជំនាញ និង​បទពិសោធន៍​ពាក់ព័ន្ធ​ជាមួយនឹង​មុខជំនាញ ដែល​ខ្លួន​ចង់​សិក្សា (​មាន​ហេតុផល​ត្រឹមត្រូវ ដែល​ផ្អែកលើ​បទពិសោធន៍ នឹង​ក្លាយជា​ភស្តុតាង​រឹងមាំ​ក្នុងការ​ទទួលបាន​អាហារូបករណ៍​) ,៤. ត្រូវមាន​សមត្ថភាព​បង្ហាញ​ពី​ហេតុផល​ច្បាស់លាស់ (​ហេតុផល​ដែល​សំខាន់​ជាង​ប្រយោជន៍​ផ្ទាល់ខ្លួន​) ពោលគឺ​ ចេះ​បកស្រាយ​បាន​ពេញលេញ​លើ​ហេតុផល​នោះៗ និង ៥. ការដាក់​ពាក្យ​ប្រឡង​បាន​ត្រឹមត្រូវ ទាំង​បច្ចេកទេស ទាំង​ឯកសារ​ពាក់ព័ន្ធ និង​ពេលវេលា​ជាដើម​។​ក្នុងន័យនេះ វិទ្យាស្ថាន​តេ​ជោ​សែន មានបំណង​ចង់ឱ្យ​និស្សិត​យើង​ក្លាយជា​មនុស្ស​សកល មាន​សមត្ថភាព ពេញលេញ អាច​ចាប់យក​ឱកាស​ផ្សេងៗ​បាន ដូច្នេះហើយ​ទើប​ថ្នាក់​បំប៉ន​ភាសារ​អង់គ្លេស និង​កម្មវិធី​ពង្រីក​ចំណេះដឹង​ផ្សេងៗ​ជាច្រើន​សម្រាប់​សិស្ស​និស្សិត ត្រូវបាន​បង្កើតឡើង​។​

​សូម​ជម្រាបជូន​ថា​៖ និស្សិត​ជំនា​ន់ទី​១ ចំនួន ១៩១​នាក់ របស់​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង ដឹកជញ្ជូន បាន​នឹង​កំពុង​សិក្សា​លើ​មុខជំនាញ​ចំនួន​៦ ក្នុង​ដេ​ប៉ា​តឺ​ម៉​ង់​ចំនួន​៣ រួមមាន​៖ ១) ដេ​ប៉ា​តឺ​ម៉​ង់ សំណង់​សាធារណការ​លើ​ជំនាញ​ផ្លូវថ្នល់ ផ្លូវ​ល្បឿន​លឿន ស្ពាន ផ្លូវដែក និង​កំពង់ផែ និង​ជំនាញ​ប្រព័ន្ធ ចម្រោះ​ទឹក​កខ្វក់ ២) ដេ​ប៉ា​តឺ​ម៉​ង់​គ្រប់គ្រង​ដឹកជញ្ជូន និង​ភស្តុភា​រកម្ម​លើ​មុខជំនាញ​សេដ្ឋកិច្ច និង​គ្រប់គ្រង ដឹកជញ្ជូន​ផ្លូវគោក និង​ជំនាញ​គ្រប់គ្រង​ភស្តុភា​រកម្ម និង​ខ្សែ​ច្រ​វ៉ា​ក់​ផ្គត់ផ្គង់ និង​៣) ដេ​ប៉ា​តឺ​ម៉​ង់​នាវាចរណ៍​៖ លើ​មុខជំនាញ​បរិបា​ល​នាវា និង​ម៉ាស៊ីន​នាវា ដែល​សិក្សា​ពេល​ពេញ​មួយថ្ងៃ (​ព្រឹក​-​សៀ​ល​) ៥​ថ្ងៃ​/​សប្តាហ៍ ព្រឹក ៧:០០-១១:០០ និង​រសៀល ១:០០-៥:០០ និង​ថ្នាក់​បំប៉ន​ភាសា​អង់គ្លេស ចន្ទ​-​ពុធ​-​សុក្រ ៥.៣០-៧.០០​យប់​៕​សរន