​ដោយ​៖ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ សាលារៀន​ចំណេះ​ទូទៅ​រដ្ឋ និង​ឯកជន នៅ​ខេត្តបន្ទាយមានជ័យ បាន​បើក​ដំណើរការ បាន ៦២% ដូច​តាម​ការគ្រោងទុក ក៏ប៉ុន្តែ​បិទ​វិញ​ខ្លះ ដោយសារ​ជំងឺ​កូ​វីដ ១៩ បានកើត​លើ​សិស្សានុសិស្ស មួយចំនួន​តូច ដែល​ផ្ទុះ​នៅ​សហគមន៍ មុន​ពួកគេ ត្រូវ​ចូលរៀន នៅ​សាលា​។​

​នេះ​បើតាម​លោក ឈួ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តបន្ទាយមានជ័យ បាន​ប្រាប់ រស្មី​កម្ពុជា កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២១ ខណៈពេល​លោក បាន​ចុះ​ពិនិត្យ វាយតម្លៃ នូវ​ដំណើរ​ការបង្រៀន និង​រៀន នៅ​សាលារៀន​មួយចំនួន នៅតាម​ស្រុក​។​

​លោក​បាន​បន្តថាៈ ជារួម ដំណើរការ​ឡើងវិញ នូវ​សាលារៀន បាន​ប្រព្រឹត្ត​ទៅដោយ​រលូន រៀបរយ និង​អនុវត្ត​បានល្អ នូវ​វិធាន​ការបង្ការ ការពារ​ជំងឺ​កូ​វីដ ១៩ ដូចដែល​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ណែនាំ​។​

​លោក ឈួ ប៊ុន​រឿង ក្នុងនាម​មន្ទីរ ក៏ដូចជា រដ្ឋបាលខេត្ត បាន​ក្រើនរំលឹក​បន្ថែម ដល់​មន្ត្រីរដ្ឋបាល​អប់​រំ គណៈ​គ្រប់គ្រង និង​លោកគ្រូ អ្នកគ្រូ ព្រមទាំង​អាណាព្យាបាល ក៏ដូចជា អាជ្ញា​ធរមាន​សមត្ថកិច្ច សូម​សហការ អោយ​ដំណើរការ សាលារៀន​ឡើងវិញ​នេះ បាន​លទ្ធផល​ល្អ មាន​ប្រសិទ្ធភាព និង​ប្រកបដោយ ការទទួលខុសត្រូវ​។​

​ចំណែក​អាណាព្យាបាល​សិស្ស សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និង​គណៈ​គ្រប់គ្រង សាលារៀន បាន​ថ្លែងអំណរគុណ ដល់​ការបើក​ដំណើរការ សាលារៀន​ឡើងវិញ​នេះ ហើយ​មានជំនឿថា វា​នឹង​បានផ្តល់​ចំណេះដឹង គ្រប់គ្រាន់​ដល់​សិស្ស ពោលគឺ បានជា​ការបន្ថែម លើ​ការរៀន​ពី​ចម្ងាយ តាម​ទូរស័ព្ទ និង​តាម​ទូរទស្សន៍ កន្លងមក ក្នុងអំឡុង​នៃ​ការរីក​រាលដាល​ខ្លាំង នៃ​ជំងឺ​កូ​វីដ ១៩ ។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី​៦ ដល់ ៧ ខែកញ្ញា ឆ្នាំ​២០២១ ថ្នាក់ដឹកនាំ អាជ្ញាធរ​ដែនដី និង​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តបន្ទាយមានជ័យ បាន​ចុះ​ពិនិត្យ វាយតម្លៃ​ស្ថានភាព​ជាក់ស្តែង នៅតាម​សាលារៀន ចំណេះ​ទូទៅ​រដ្ឋ ជា​សំណាក​មួយចំនួន ដើម្បី​ឈានទៅ​ធ្វើ​របាយការណ៍ ស្នើសុំ​អនុញ្ញាត ពី​ក្រសួង​អប់រំ យុវជន និង​កីឡា បើក​ដំណើរ​ការបង្រៀន រៀន​ឡើងវិញ នៅ​សប្តាហ៍​នេះ​។ នៅ​ខេត្តបន្ទាយមានជ័យ ត្រូវ​បើក​ដំណើរការ​ឡើងវិញ នូវ​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​រដ្ឋ ប្រមាណ ៦២% ឬ ៣១៩ សាលា លើ ៥១២ សាលា ។​

​សាលា​ឯកជន ចំនួន ៣ លើ ៥២ សាលា នៅ ៧ ស្រុក លើ ៩ ស្រុក ក្រុង ក្នុង​ខេត្តបន្ទាយមានជ័យ គឺ​មាននៅ​ស្រុក​ភ្នំស្រុក ព្រះនេត្រព្រះ មង្គល​បូរី ស្វាយចេក ថ្មពួក អូរជ្រៅ ម៉ាឡៃ ។ ការបើក​ដំណើរការ បង្រៀន និង​រៀន​ឡើងវិញ ក្នុង ៣ លក្ខណៈ ៖ ទី​១ បើក​ឡើងវិញ​ទាំងស្រុង , ទី​២ តាម​បណ្តុំ និង​ឆ្លាស់​វេន និង​ទី​៣ រៀន​ពី​ចម្ងាយ តាម​អន​ឡាញ​នោះ​។​

​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២១ អនុញ្ញាតឱ្យ​មន្ទីរ សាលារៀន ចំណេះ​ទូទៅ​សាធារណៈ និង​ឯកជន បេ​ី​កឡេ​ី​ង​វិញ រៀន​តាម​បណ្តុំ ១៥ នាក់ និង​ឆ្លាស់​វេន រៀន​ពី​ចម្ងាយ តាម​អន​ឡាញ ក្នុង​ខេត្តបន្ទាយមានជ័យ ។​

​ការបើក​នេះ គឺ​ក្រោយពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់​ការចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ ១៩ ទាំង​ប្រជាពលរដ្ឋ​ទូទៅ កុមារ និង​យុវវ័យ ជា​សិស្សានុសិស្ស រួមទាំង​លោកគ្រូ អ្នកគ្រូ ៕/V​