ដោយៈមុនីរ័ត្ន/​ភ្នំពេញៈ មន្រ្តីក្រសួងផែនការបានបញ្ជាក់ថា លោក Daniel Alemu អ្នកតំណាង​អង្គការ​មូលនិធិ​សហប្រជាជាតិ (UNFPA) ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែងថា កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំ​២០២២ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ អង្គការ UNFPA កំពុង​សិក្សា ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ជួយ​គាំទ្រ​ដល់​ដំណើរការ​នៃ​កិច្ចប្រជុំ ព្រមទាំង​នឹង​រៀបចំ​នូវ​ការតាំង​ពិ​ព័រ​ណ៌ បង្ហាញ​ពី​សន្និសីទ​ស្តីពី​ប្រជាជន​និង​ការអភិវឌ្ឍ (ICPD)​ ហើយ​សង្ឃឹមថា​ក្រសួងផែនការ នឹង​លើកយក​ចំនុច​នេះ​បញ្ចូល​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នេះ​ផងដែរ​។​

លោក Daniel Alemu បាន​បញ្ជាក់បែបនេះនៅក្នុង​ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ជាមួយ​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រនៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២១​។​

​ក្នុងជំនួបនេះលោក Daniel Alemu បាន​និយាយថា ពាក់ព័ន្ធ​នឹង​សន្និសីទ​ស្តីពី​ប្រជាជន​និង​ការអភិវឌ្ឍនេះដែរ អង្គការ UNFPA សូម​សម្តែង​នូវ​ការអបអរសាទរ កោតសរសើរ និង​គាំទ្រ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្រសួងផែនការ ដែល​បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​អនុវត្ត​កម្មវិធី​សកម្មភាព (ICPD) ព្រមទាំង​បានរៀបចំ​បង្កើតឱ្យមាន​គណៈកម្មាធិការ​ពិសេស​តាមដាន​ការអនុវត្ត​កម្មវិធី​សកម្មភាព នៃ​សន្និសីទ​អន្តរជាតិ​ស្តីពី​ប្រជាជន​និង​ការអភិវឌ្ឍ​។

ជាមួយនឹង​របៀបវារៈ​នៃ​កំណែទម្រង់​ស្ថិតិ អង្គការ UNFPA បាន​ជួយ​រៀបចំ​ទស្សនៈទាន ដោយបាន​ផ្តល់យោបល់​ជាច្រើន ហើយ​ក្រសួងផែនការ​នឹងត្រូវ​លើកយក​ទៅ​ពិភាក្សា​អនុម័ត​ជាមួយ​ស្ថាប័ន និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត ដើម្បី​បញ្ចប់ ដោយ​លោក​សង្ឃឹមថា UNFPA នឹង​នៅតែ​បន្ត​គាំទ្រ ឱ្យ​លេចចេញ​ជា​រូបរាង និង​បន្ត​គាំទ្រ​អនុវត្ត​នាពេល​បន្ទាប់​ទៀត​។​

​លោក Daniel បាន​ជម្រាបលោករដ្ឋមន្រ្តីថា ចាប់តាំងពី​ថ្ងៃ​ដែល​រូបលោក​បានមក​បេសកកម្ម​នៅ​កម្ពុជា​(​ខែកក្កដា ឆ្នាំ​២០១៨) យើង​(UNFPA និង​ក្រសួងផែនការ​)​បានធ្វើ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយគ្នា លើ​កិច្ច​រៀបចំ​ដំណើរការ​ការងារ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​២០១៩ លើ​ការងារ​ថវិកា និង​បច្ចេកទេស ដែល​បាន​ប្រព្រឹត្តទៅ​រហូតដល់​បញ្ចប់​ប្រកបដោយ​ជោគជ័យ​គួរ​ជាទី​មោទនៈ ។ជាមួយគ្នានេះដែរ យើង​ក៏បាន​សហការគ្នា​រៀបចំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចូលរួម​សន្និសីទ​អន្តរជាតិ​ស្តីពី​ប្រជាជន​និង​ការអភិវឌ្ឍ​(ICPD)​កាលពី​ឆ្នាំ​២០១៩ នៅ​ប្រទេស​កេ​ន​យ៉ា ដោយ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ផងដែរ​។ ខ្ញុំ​ទទួលស្គាល់ថា ក្រសួងផែនការ គឺជា​ក្រសួង​ដ៏​ចាំបាច់ និង​សំខាន់​មួយ ក្នុង​ការកសាង រៀបចំ​ផែនការ ជូន​រាជរដ្ឋាភិបាល ក្នុង​កិច្ច​ការកសាង អភិវឌ្ឍន៍​ប្រទេសជាតិ ឱ្យបាន​រីកចម្រើន​រុងរឿង​។

​លោក​បាន​បន្តថា ក្នុងនាម​ជា​តំណាង​របស់ អង្គការ​UNFPA នៅ​កម្ពុជា រូបលោក​បាន​បំពេញភារកិច្ច​ចូលរួម​ដឹកនាំ កិច្ចសហប្រតិបត្តិការ គាំទ្រ​ដល់​ដំណើរការ​អភិវឌ្ឍន៍​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​រូបលោក សង្ឃឹមថា តំណាង​UNFPA​ថ្មី ដែល​នឹង​បំពេញភារកិច្ច​បន្ត​ពី​រូបលោក នឹង​នៅតែ​បន្ត​អនុវត្ត​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ កាន់តែ​រឹងមាំ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ជាមួយ​ក្រសួងផែនការ​ផ្ទាល់​តែម្តង​។​

​ក្នុងឱកាស​នេះលោក​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​ថ្លែងអំណរគុណ​លោក Daniel និង​វាយតម្លៃ​ខ្ពស់ លើ​លទ្ធផល​ការងារ​ដែល​សម្រេច​កន្ល​ង​មករ​វាង​ក្រសួងផែនការ និង​អង្គការ​UNFPA​។ ក្នុងចំណោម​កិច្ចការ​ធំៗ​ជាច្រើន ដែល​ក្នុង​ឆ្នាំ​២០១៩​កន្លងមក ការងារ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​២០១៩ ត្រូវបាន​អនុវត្ត​បញ្ចប់ទៅ​ប្រកបដោយ​លទ្ធផល​ល្អ​ត្រចះត្រចង់ សម្រាប់​ផ្តល់ជូន​រាជរដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង​អ្នកប្រើប្រាស់​ទិន្នន័យ​ទាំងអស់​។ ប្រសិនជា​គ្មាន​ការជួយ​គាំទ្រ កៀងគរ​ថវិកា ជាពិសេស​ឧបត្ថម្ភ​គាំទ្រ​ថវិកា និង​បច្ចេកទេស ពី​អង្គការ​UNFPA​នោះទេ ការងារ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​​កម្ពុជា​ឆ្នាំ​២០១៩ ក៏​មិន​ទទួលបាន​លទ្ធផល​ល្អ​ដូច​ពេល​នេះដែរ​៕សរន