ដោយ:រ៉ាម៉ន/ភ្នំពេញ:នៅរសៀលទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោកជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំ លោក លោកស្រី អភិបាលរងខណ្ឌ នាយក-នាយករងរដ្ឋបាល និងមន្ត្រីអមដំណើរ ចុះជួបសំណេះសំណាលជាមួយ លោកចៅសង្កាត់ លោក លោកស្រី ក្រុមប្រឹក្សា ស្មៀន មន្ត្រី នគរបាលប៉ុស្តិ៍ ប្រជាការពារ និងមេភូមិទាំងអស់ នៃសង្កាត់បឹងសាឡាង។

ក្នុងពិធីសំណេះសំណាលលោកជា ពិសី អភិបាលខណ្ឌទួលគោកបានណែនាំដល់ លោកចៅសង្កាត់ និងសហការីទាំងអស់ ត្រូវតែប្ដេជ្ញាចិត្តដាច់ខាតបន្តបម្រើ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ត្រូវតែយកចិត្តទុកដាក់ ពង្រឹងភារកិច្ចទប់ស្កាត់ជម្ងឺកូវីដ១៩ ដែលជាកិច្ចការការពារខឿនសុខភាពនិងអាយុជីវិតរបស់ប្រជាជន , ពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព ខិតខំអនុវត្តការបង្ក្រាបបទល្មើសចោរកម្ម បញ្ហាគ្រឿងញៀន ល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ ការរៀបចំ ថែរក្សាអនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំង ពង្រឹងការផ្ដល់សេវាល្អជូនដល់ប្រជាពលរដ្ឋ មានទាំងសេវាតម្រូវការ និងសេវាសំណូមពរ អោយមានប្រសិទ្ធភាព និងប្រកបដោយគណនេយ្យភាព ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ “ធ្វើអោយបាន ធ្វើអោយលឿន និងមានតម្លាភាព”៕សរន