ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ឆ្នាំង រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំពិភាក្សា ដើម្បីត្រួតពិនិត្យស្ថានភាព ជាក់ស្តែង ឈានទៅបើក ដំណើរការ សាលារៀនឡើងវិញ ក្នុងកម្រិតណាមួយសមស្រប ក្រោមវត្តមាន លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង។
លោក ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថាៈ នៅចំពោះមុខនេះ ខេត្តកំពង់ឆ្នាំង នឹងត្រៀមដាក់ឱ្យ ដំណើរការ សាលារៀនឡើងវិញ នៅតាមទីតាំងមួយចំនួន ក្នុងខេត្តកំពង់ឆ្នាំង ដែលការបើកឱ្យដំណើរការ ឡើងវិញនេះ គឺទាមទាឱ្យមាន ការពិភាក្សាគ្នា ឱ្យបានច្បាស់លាស់ ចំពោះស្ថានភាពនេះ យើងត្រូវធ្វើដូចម្តេច ដើម្បីឱ្យដំណើរការ សាលាឡើងវិញនេះ មានសុវត្ថិភាព ។
លោក ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍បន្តថាៈ អាជ្ញាធរមូលដ្ឋាន សាលារៀន និងអាណាព្យបាល ត្រូវយកចិត្តទុកដាក់ ក្នុងការរៀបចំសាលាឡើងវិញ ដោយគិតគូរ ពីអនាម័យជាចំបង និង គិតអំពីវិធានការ អនាម័យ ៣ ការពារ ៣ កុំ និងការរៀបចំប្រព័ន្ធសិក្សា តាមគោលការណ៍ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ចុះឱ្យអនុវត្ត ក្នុងដំណាក់កាល នៃបរិបទថ្មីនេះ ។
នៅក្នុងឱកាសនោះ កិច្ចប្រជុំ បានធ្វើការពិភាក្សា យ៉ាងហ្មត់ចត់ ពីបញ្ហាប្រឈមនានា នៅតាមភូមិសាស្ត្រ មួយចំនួន ក្នុងការត្រៀមលក្ខណៈ បើកសាលារៀនឡើងវិញ ដែលស្នើឱ្យតាមសាលា រៀបចំពីប្រព័ន្ធ អនាម័យ សុវត្ថិភាពដល់ សិស្សានុសិស្ស ក្នុងពេលមកសាលារៀន ដោយឱ្យអនុវត្ត នូវវិធានការ ៣ កុំ ៣ ការពារ តាមអនុសាសន៍របស់ សម្តេចប្រមុខរាជរដ្ឋាភិបាល អោយបានជាប់ជាប្រចាំ៕/V