​អគារ​និង​ផ្សារ​ទំនើប​”​អ៊ិ​ច​ឆេង​សា​គ្វែរ​”​កម្ពស់​១៦​ជាន់​ប្រកាស​បើកសម្ពោធ​

1530
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញ​:​អគារ​ការិយាល័យ​និង​ផ្សារ​ទំនើប​”​អ៊ិ​ច​ឆេង​សា​គ្វែរ​”(EXCHANGESQUARE)​ដែលមាន​កម្ពស់​១៦​ជាន់​វិនិយោគ​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ហុងកុង​លែ​ន ស្ថិតនៅ​ផ្លូវ​១០៦ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ បាន​ត្រូវ​បើកសម្ពោធ​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែ ឧសភា ឆ្នាំ​២០១៨​។​

​អគារ Exchange Square មាន​១៦​ជាន់​កម្ពស់​១១៧.១៥​ម៉ែត្រ​មាន​ក្រឡា​ផ្ទៃ​បាត​សំណង់​ចំនួន​៤.១៦៧​ម​២ និង​មាន​ក្រឡា​ផ្ទៃ​សំណង់​សរុប​ចំនួន ៥៩.៨៤១​ម​២​។​ក្នុងនោះ​មាន ជាន់​ក្រោម​ដី​មាន​៤​ជាន់ ជា​ចំណតរថយន្ត ជាន់​ផ្ទាល់​ដី ដល់​ជា​ន់់ទី​៣ គឺជា​ភោជនីយដ្ឋាន ហាង​កាហ្វេ​និង​ហាង​លក់ទំនិញ ជាន់​ទី​៤​ដល់​ជាន់​ទី​១៩​គឺជា​បន្ទប់​ការិយាល័យ​។​

បច្ចុប្បន្ន​មាន​ស្ថាប័ន​អន្តរជាតិ​ធំៗ​ដូចជា​ធនាគារពិភពលោក​,​អង្គការ​យូ​នី​សេ​ហ្វ​និង​មាន​ក្រុមហ៊ុន​ពាណិជ្ជកម្ម ជាន់​ទី​២០ ដល់ ជាន់​ទី​២១ បន្ទប់​បច្ចេកទេស​មាន​ការងារ​ទឹក​និង​អគ្គិសនី​។​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​នេះ​រួមមាន​លោក​បណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ ដែនដី​នគរូបនីយកម្ម​និង​សំណង់​លោក​រ៉ូ​ប៊ឺ​ត​វ៉ុ​ង​(RobertWong)​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ហុងកុង​លែ​ន​(HongkongLand)​និង​លោក​រ៉ូ​ប៊ឺ​ត​ហ្គា​មែន​(RobertGarman)​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ហុងកុង​លែ​ន​( Hongkong Land)​។​

​លោក​រ៉ូ​ប៊ើ​ត វ៉ុ​ង​( Robert Wong) ប្រធាន​ប្រតិបត្តិ​របស់ ក្រុមហ៊ុន ហុងកុង​លែ​ន បាន​ថ្លែងថា អគារ​ការិយាល័យ​និង​ផ្សារ​ទំនើប EXCHANGE SQUARE ជា​តំបន់​ហិរញ្ញវត្ថុ​មួយ នៅ​ជិត​នឹង​គោលដៅ​អាជីវកម្ម​និង​កម្សាន្ត​។​អគារ​ពាណិជ្ជកម្ម​នេះ​បាន​ទាក់ទាញ​អ្នក​ជួល​ការិយាល័យ និង ហាង​ទំនិញ លក់រាយ ជាង​៦០ កន្លែង ចាប់តាំងពី​ការចាប់ផ្តើម បើក​ដំណើរការ​សាកល្បង កាលពី​ខែសីហា​ឆ្នាំមុន​។

អគារ​ការិយាល័យ និង​ពាណិជ្ជកម្ម បាន​ជួលជុល​រួចរាល់​ជាង​៨០​ភាគរយ​ផងដែរ លើ​ទំហំ ៣៩៧០០ ម៉ែត្រការ៉េ នៃ ការិយាល័យ​កណ្តាល​និង ហាង​ទំនិញ បួន​ជាន់ និង រំពឹងថា នឹង បានការ​ជួល​ពេញ​នា​ចុងឆ្នាំ ២០១៨​។​
​លោក​បាន​បន្ថែមថា​“​ក្នុងនាម​ជា​ការិយាល័យ​ផ្សារ​ទំនើប​រួមទាំង​ជា​ទិសដៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​អាស៊ី​អគារ​EXCHANGESQUARE​រចនា​ឡើង​ដើម្បី​បំពេញ​នូវ​តម្រូវការ​សម្រាប់​អតិថិជន​ចម្រុះ​ជាតិ​សាសន៍​និង​ក្រុមហ៊ុន​ក្នុងស្រុក​។​

យើង​បាន ត្រៀមខ្លួន​រួច ជាស្រេច​ដើម្បី​បំពេញតម្រូវការ នៃ​អាជីវកម្ម​ជំនួញ​និង​ហាង​ទំនិញ​ដែល​កំពុង​ស្វែងរក​ការជំរុញ​ឱ្យមាន​ជំហរ​រឹងមាំ​នៅក្នុង​តំបន់​អាស៊ី​។​យើង​ជឿជាក់ថា អគារ EXCHANGE SQUARE កំរិត​ថ្នាក់​ពិភពលោក​នេះ នឹង​រួមចំណែក​ធ្វើឱ្យមាន​ការផ្លាស់ប្តូរ យ៉ាងខ្លាំង​ក្លា សម្រាប់ មុខមាត់​ថ្មី នៃ​រាជធានី​ភ្នំពេញ​”​។​
​ដោយមាន​ការទទួលស្គាល់​យ៉ាងខ្ពស់​លើ​គុណភាព​សំណង់ ការគ្រប់គ្រង​អចលនទ្រព្យ​របស់ខ្លួន​និង​ការផ្តល់​សេវាកម្ម អតិថិជន​នៅ​ទូទាំង​តំបន់​ក្រុមហ៊ុន​ហុងកុង​លែ​ន​ប្រើប្រាស់​បទដ្ឋាន​និង​ជំនាញ​ដែល​ឈានមុខ​គេ​នេះ​ឱ្យបាន​ដូចគ្នា​ចំពោះ អគារ Exchange Square ។

​ក្រុមហ៊ុន​និង​ស្ថាប័ន អង្គការ ដែលមាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង ទាំង​ជាតិ និង អន្តរជាតិ បាន​ចាប់យក​ទីតាំង​ការិយាល័យ​នៅក្នុង អគារ EXCHANGE SQUARE ដែល​ក្នុងនោះ​មានដូចជា ស្ថាប័ន​ក្នុង​តំបន់​ឈានមុខ​គេ ដូចជា ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​អេ​អាយ​អេ ខេ​ម​បូ​ឌា (AIA Cambodia Life Insurance Plc), ធនាគារ​ស៊ី​អាយ​អឹម​ប៊ី ( CIMB Bank), ក្រុមហ៊ុន Huawei Technologies Co., Ltd), ធនាគារ ICBC (Industrial and Commercial Bank of China),​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​IFC,​ក្រុមហ៊ុន​ISUZU,​ក្រុមហ៊ុន​តំណាង​របស់ ITOCHU Corporation-Phnom Penh, ក្រុមហ៊ុន ITOCHU Textile Prominent Asia Ltd, ក្រុមហ៊ុន Marubeni Corporation, ក្រុមហ៊ុន​ជំនួញ​របស់​ជប៉ុន Mitsui & Co ,​ក្រុមហ៊ុន​ធនាគារ MUFJ Bank,​ក្រុមហ៊ុន ប៉ា​ណា​សូ​និ​ច​(Panasonic Asia Pacific),​ការិយាល័យ​តំណាង Sumitomo Mitsui Banking Corporation,​ក្រុមហ៊ុន​តូ​យូ​តា​Toyota Tsusho Corporation,​យូ​នី​សេ​ហ្វ​(UNICEF)International Finance Corporation(IFC)​និង​ធនាគារពិភពលោក (World Bank)​។​

​នៅក្នុង​ពិធី​សម្ពោធ​អគារ​ពហុ​មុខងារ​សម្រាប់​ការិយាល័យ សេវាកម្ម​និង​ពាណិជ្ជកម្ម Exchange Square លោក​បណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ ដែនដី​នគរូបនីយកម្ម​និង​សំណង់ បាន​ថ្លែងថា​៖​ការសម្ពោធ​អគារ​អ៊ិ​ច​ឆេង​សា​គ្វែរ ឆ្លុះបញ្ចាំង​អំពី​ការវិវត្ត​ឈានឡើង​នៃ​សេដ្ឋកិច្ចកម្ពុជា​ប្រកបដោយ​ស្ថេរភាព​និង​និរន្តរភាព​ពិសេស​ការរីកចម្រើន​នៃ​វិស័យ​អចលនទ្រព្យ​ក៏ដូចជា​ការបង្ហាញ​នូវ​ការជឿជាក់​របស់​អ្នក​អភិវឌ្ឍ​អចលនវត្ថុ​តាមរយៈ​ការដាក់ចេញ​នូវ​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោក​រដ្ឋលេខាធិការ បាន​លើកឡើងថា​៖​រាជរដ្ឋាភិបាល​តែង​ចាត់ទុក​វិស័យ​ឯកជន​ជា​ដៃគូ​និង​បាន​លើកកម្ពស់​តួនាទី​វិស័យ​ឯកជន​ក្នុង​ការងារ​អភិវឌ្ឍ​អចល​ទ្រព្យ​ធ្វើ​ឲ្យ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុ​ជាមាន​កំណើន​យ៉ាង​ឆាប់រហ័ស​។​ការដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​‹​អគារ​ពហុមុខ​ងា​រស​ម្រា​ប់​ការិយាល័យ​សេវាកម្ម និង​ពាណិជ្ជកម្ម Exchange Square›​នាឱកាស​នេះ បាន​នាំមក​នូវ​កម្លាំងចលក​រ​ថ្មី​មួយ​ថែមទៀត​ក្នុង​ការជំរុញ​និង​លើកកម្ពស់​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរឡើង​មួយកម្រិត​ថែមទៀត​។​

​លោក​បណ្ឌិត​បានបញ្ជាក់​ថា​វិស័យ​សំណង់​និង​អចលនទ្រព្យ​បាន​ដើរតួនាទី​ជា​ចលករ​មួយ​ដ៏​សំខាន់​និង​ជា​សសរស្ដម្ភ​មួយ​ក្នុងចំណោម​សសរស្តម្ភ​ទាំង​បួន​ដែល​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​ជាតិ​រួមជាមួយ​វិស័យ​កសិកម្ម​ទេសចរណ៍​និង​ឧស្សាហកម្ម​ក្នុង​ការជួយ​ទ្រទ្រង់​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា​ជា​មធ្យម​ក្នុង​រង្វង់​៧​ភាគរយ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​បន្តបន្ទាប់​មកនេះ​។​ជាក់ស្តែង​ទុនវិនិយោគ​ខាង​វិស័យ​សំណង់​ក្នុង​ឆ្នាំ​២០១៧ បាន​កើន​ដល់ ៦,៧៩៨​លាន​ដុល្លារ អាមេរិក ពោលគឺ​បាន​កើនឡើង​២១,៨៤ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០១៦ មាន​ទុនវិនិយោគ​ជាង ៥,៥០០ លាន​ដុល្លារ​អាមេរិក​។

វិស័យ​សំណង់​បាន​បង្កើត​ការងារ​ដល់ក​ម្មករ និង​អ្នកជំនាញ​ធ្វើការ​នៅតាម​ការដ្ឋាន​សំណង់​ទូទាំងប្រទេស​ជា​មធ្យម​ប្រមាណ​២៥៥.០០០​ទៅ​២៦០.០០០​នាក់​ក្នុង​មួយថ្ងៃ​។​ក្នុងនោះ​រាជធានី​ភ្នំពេញ​មាន​ចំនួន​កម្មករ​ដែល​បម្រើ​ការងារ​សំណង់​ប្រមាណ​ពី​១៣០.០០០ នាក់ ទៅ​១៣៥.០០០ នាក់​។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​សំណង់​ដែល​មក​ចុះបញ្ជី​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែលមាន​សុពលភាព​ធ្វើ​អាជីវកម្ម​សព្វថ្ងៃ​មាន​ចំនួន ១.០៤៣ ក្រុមហ៊ុន ក្នុងនោះ​មាន​ចំនួន ៣៣៩ ក្រុមហ៊ុន ដែលមាន​ប្រធាន​ក្រុមហ៊ុន​ជា​ជនជាតិ​បរទេស គឺ​មកពី​ប្រទេស​ចិន កូរ៉េ រៀ​ត​ណា​ម ជប៉ុន ថៃ ម៉ាឡេស៊ី សឹង្ហ​បុរី សហរដ្ឋអាមេរិក បារាំង អង់គ្លេស ឥណ្ឌូនេស៊ី កាណាដា អូស្ដ្រាលី អេស្បាញ ឥណ្ឌា និង​ហ្វីលីពីន​៕S/

​អគារ​និង​ផ្សារ​ទំនើប​”​អ៊ិ​ច​ឆេង​សា​គ្វែរ​”​កម្ពស់​២៦​ជាន់​ប្រកាស​បើកសម្ពោធ​