ដោយៈ​ម៉េង​ឆៃ / ភ្នំពេញៈ កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានប្រកាស​ពី​ការរក ឃើញ​គ្រូបង្រៀន និង​បុគ្គលិក​អប់រំ ចំនួន ២៤​នាក់ វិជ្ជមាន​កូ​វីដ​-១៩ ក្នុងចំណោម​គ្រូ និង​បុគ្គលិក​អប់រំ សរុប ១០ ៤៤៣​នាក់ ដែល​បានធ្វើ​តេស្ត​រហ័ស រក​កូ​វីដ​១៩ មុនពេល​បើក​សាលារៀន​នៅ​ថ្ងៃទី​១៥ ខែកញ្ញា​។​

​សេចក្តីប្រកាស​របស់រ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ លើកឡើងថា ក្នុងចំណោម​លោកគ្រូ អ្នកគ្រូ និង​បុគ្គលិក​អប់រំ​ដែល​បាន​រក ឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ទាំង ២៤​នាក់ គឺមាន​ស្ថានភាព​សុខភាព​ធម្មតា និង​មិនមាន​រោគសញ្ញា​ធ្ងន់ធ្ងរ​ឡើយ​ដោយសារ តែ​ពួកគាត់ បានទទួល​វ៉ាក់សាំង ចំនួន ២​ដូ​ស និង​ខ្លះទៀត បានទទួល​វ៉ាក់សាំង ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ​រួចហើយ​។

​យ៉ាងណាក៏ដោយ ទោះបីជា​រកឃើញ​គ្រូបង្រៀន និង​បុគ្គលិក​អប់រំ ២៤​នាក់ ឆ្លង​កូ​វីដ​ក៏ដោយ ក៏​ក្នុង​សេចក្តីប្រកាស អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​លើកឡើងថា សាលារៀន​រដ្ឋ និង​ឯកជន កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ​ទាំងអស់ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ អាច​បើក​ដំណើរការ​តាម​ការគ្រោងទុក នៅ​ថ្ងៃទី​១៥ ខែកញ្ញា​ស្អែក​នេះ​។​ការបើក​ដំណើរ ការ​សាលារៀន​នេះ ត្រូវគោរព​តាម​ស្តង់ដារ​សុវត្ថិភាព SOP និង​គោលការណ៍​ណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់ និង​ការពារ​នូវ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​របាយការណ៍​បង្ហាញថា សិស្សានុសិស្ស ១៣៩ ៥៧៨ នាក់ នឹងត្រូវ​ចូលរៀន​ឡើងវិញ នៅ​អនុវិទ្យាល័យ និង​វិទ្យាល័យ ចំនួន ២២៧ ទីតាំង ក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១​។​

​ដើម្បី​រួមចំណែក​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅពេល​បើក​សាលារៀន​ឡើងវិញ ក្រសួង​អប់រំ កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២១ បានចេញ​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ សម្រាប់​ការលើកកម្ពស់​សុខភាព និង​សុវត្ថិភាព​សិក្សា ក្នុងការ​បង្រៀន និង​រៀន​តាម​បណ្តុំ សម្រាប់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​។ ក្នុងនោះ ក្រសួង​អប់រំ ក៏បាន​តម្រូវអោយ​គ្រូ និង​សិស្ស ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ឱ្យបាន​គ្រប់ៗ​គ្នា​និង​បង្ហាញ​ប័ណ្ណ​ចាក់ វ៉ាក់សាំង មុនពេល​ចូល​សាលារៀន​។

​ម្យ៉ាងទៀត សាលារៀន ដែល​បាន​បិទ​ផ្អាក​ដំណើរការ​ចាប់តាំងពី​ផ្ទុះ​ព្រឹត្តិការណ៍​ឆ្លង​កូ​វីដ ក្នុង​សហគមន៍ ថ្ងៃ​២០​កុម្ភៈ ឆ្នាំ​២០២១ នៅ​ខេត្តមណ្ឌលគិរី បាន​បើក​ដំណើរការ​មុនគេ កាលពី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២​។ នៅ​ថ្ងៃទី​១៣​កញ្ញា សាលារៀន ថ្នាក់​ទី​៩ និង​ថ្ងៃទី​១២​នេះ ក៏បាន​បើក​ដំណើរការ​ឡើងវិញ ផងដែរ​។ តែ​ទាំង​គ្រូ និង​ទាំង​សិស្ស នៅ​ខេត្ត​ព្រះសីហនុ ត្រូវធ្វើ​តេស្ត យក​សំណាក រក​មេរោគ​កូ​វីដ​១៩ ហើយ​លទ្ធផល​អវិជ្ជមាន ទើប​អនុញ្ញាត​ឲ្យ​ចូល​សាលារៀន​។​

​យ៉ាងណាក៏ដោយ ការធ្វើ​តេស្ត រកឃើញ​គ្រូ​ឆ្លង​កូ​វីដ មុនពេល​បើក​សាលារៀន​នេះ​ក៏​មិនមែនជា​ដំណឹង​អាក្រក់​នោះ ឡើយ​។ ពោលគឺ​អ្នក​កើត​កូ​វីដ ត្រូវបាន​រកឃើញ ហើយ​នាំយកទៅ​ព្យាបាល​បាន​មុនពេល ចូល​បង្រៀន​សិស្ស​។ តែ​ក៏​មិនមែន​មានន័យថា អស់​មាន​អ្នក​កើត​កូ​វីដ​នោះទេ​។ អ្នកពាក់ព័ន្ធ​នឹង​គ្រូ​ទាំង ២៤​នាក់ គឺត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ត្រឹមត្រូវ តាម​វិធាន​សុខាភិបាល ហើយ​បើ​អាច គឺ​សាលារៀន ដែលមាន​គ្រូ និង​អ្នកធ្វើការ​ក្នុង​សាលា​នោះ ឆ្លង​កូ​វីដ ទើប​រកឃើញ គួរតែ​បន្ត​បង្រៀន និង​រៀន​តាម​អន​ឡាញ​តទៅទៀត​។ រីឯ​សាលា​ផ្សេង​នោះ គួរតែ​បង្កើន​នូវ​ការប្រុងប្រយ័ត្ន ស្របតាម​អ្វីដែល​ក្រសួង​អប់រំ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ រួមទាំង​គណៈ​គ្រប់គ្រង​សាលា បានដាក់​ចេញ ក្នុង​បំណង​ទប់ស្កាត់ និង​ការពារ​នូវ​ការឆ្លង​កូ​វីដ​១៩​។​

​ការធ្វើ​តេស្ត​លើ​គ្រូ និង​សិស្ស គួរតែ​ធ្វើ យ៉ាងហោចណាស់ ក៏ ២​អាទិត្យ​ម្តង ជាការ​ប្រសើរ​។​នេះ​អាចជា​វិធានការ​ទប់ស្កាត់ ដ៏​មាន​ប្រសិទ្ធភាព ដូច​អ្វីដែល​សាលារៀន​នៅ​ខេត្ត​ព្រះសីហនុ និង​នៅ​រាជធានី​ភ្នំពេញ បានធ្វើ​តេស្ត​រួចហើយ​។​

​យ៉ាងណាក៏ដោយ អំឡុងពេល​សាលារៀន បើក​ឡើងវិញ​នេះ ចំនួន​អ្នក​ឆ្លង​កូ​វីដ​-១៩ បាន​ហក់​ឡើង​ជាង ៦០០​នាក់ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​។ ក្នុងនោះ នៅ​ខេត្តសៀមរាប មាន​ចំនួន​អ្នក​ឆ្លង​កូ​វីដ​-១៩ ហក់​ឡើង​ខ្ពស់​ជាងគេ បន្ទាប់មក គឺ​ខេត្តបន្ទាយមានជ័យ និង​រាជធានី​ភ្នំពេញ​។ ក្នុងនោះ ក៏​រកឃើញ​ករណី​ឆ្លង​មេរោគ​កូ​វីដ​១៩ បំប្លែង​ថ្មី ដែល​តា ផងដែរ​។​

​រហូតមកដល់​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ទូទាំងប្រទេស​កម្ពុជា​យើង មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ១០០៧៩០​នាក់ ជាសះស្បើយ ៩៤៩០៤​នាក់ និង​ស្លាប់ ២០៥៨​នាក់​។ ក្នុងនោះ កាលពី​ថ្ងៃទី​១៣ ខែកញ្ញា មាន​អ្នក​ឆ្លង​កូ​វីដ​១៩ ចំនួន ៦៥៧​នាក់ ជាសះស្បើយ ៥៧៨​នាក់ និង​ស្លាប់ ៩​នាក់​។​

​ដូច្នេះ​ក្នុងពេល​សាលារៀន​បើក​ឡើងវិញ នៅ​ភ្នំពេញ និយាយ​ដោយឡែក និង​និយាយ​ជារួម លើ​ការបើក​សាលារៀន នៅ​ខេត្ត​នានា នៅ​ទូទាំងប្រទេស ត្រូវតែ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​តាម​ស្តង់ដារ​សុវត្ថិភាព​របស់​ក្រសួង​អប់រំ និង​អាជ្ញាធរ​រាជធានី​ខេត្ត​និ​មួយៗ ធ្វើយ៉ាងណា កុំ​ឲ្យ​ក្លាយជា​ការប្រថុយប្រថាន នៅពេល​បើក​សាលារៀន​ឡើងវិញ​នេះ​។​

​ជាការ​ពិត ទាំង​គ្រូ ទាំង​សិស្ស​ចាប់ពី​ថ្នាក់​អនុវិទ្យាល័យ​ឡើងទៅ សុទ្ធតែ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​ស្ទើរតែ ទាំងអស់គ្នា​ហើយ​។ តែ​វ៉ាក់សាំង មិនមែន​អាច​ការពារ​កុំ​ឲ្យ​ឆ្លង​កូ​វីដ​នោះទេ​។ ទាមទារ​ឲ្យ​គ្រូ និង​សិស្ស​ត្រូវតែ​បន្ត​អនុវត្ត វិធានការ​ទប់ស្កាត់​ការឆ្លង​កូ​វីដ តាមរយៈ​ពាក់​ម៉ាស​ជាប់​ជានិច្ច លាង​សម្អាត​ដៃ​ញឹកញាប់​និង​រក្សា​គម្លាត​សុវត្ថិភាព​ពី​ម្នាក់ ទៅ​ម្នាក់ ទាំង​គ្រូ និង​ទាំង​សិស្ស ហើយ​ទាំង​នៅក្នុង​បន្ទប់រៀន​និង​នៅពេល​ចេញលេង​រួមទាំង​ការធ្វើដំណើរ​ពី​ផ្ទះ​ទៅ​សាលា និង​ពីសា​លា ទៅផ្ទះ​៕​សរន​