ដោយ:មុនីរ័ត្ន/ភ្នំពេញ:លើបណ្ដាញសង្គមហ្វេសប៊ុកនៅល្ងាចថ្ងៃទី១៤ខែកញ្ញានេះលោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺបានសរសេរថា ក្នងនាមជាអ្នកផ្តល់បុព្វកថាម្នាក់ដល់សៀវភៅ «ស្វែងយល់ពីបដិវត្តឧស្សាហកម្មទី៤» ខ្ញុំសូមចូលរួមអបអរសាទរដល់មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុុជា ចំពោះការសម្រេចបានស្នាដៃដ៏មានសារសំខាន់មួយនេះ។ សៀវភៅ ”ស្វែងយល់ពីបដិវត្តឧស្សាហកម្មទី៤”នេះ គឺជាការចាប់ផ្តើមដ៏សំខាន់មួយលើការពិភាក្សាអំពីឧស្សាហកម្ម ៤.០ ជាពិេសសក្នុងបរិបទកម្ពុជា។ ខ្ញុំសូមលើកទឹកចិត្តដល់មិត្តអ្នកអាន អ្នកស្រាវជ្រាវ សិស្ស និស្សិតទាំងអស់ឱ្យអានសៀវភៅមួយនេះដើម្បីទទួលបានមូលដ្ឋានចំណេះដឹង បង្កើនពុទ្ធិសកលអំពីបច្ចេកវិទ្យា និងរបត់ថ្មីៗដែលជាធាតុផ្សំសំខាន់នៃបដិវត្តឧស្សាហកម្មជំនាន់ទី៤។

លោកបន្តថា បើយើងក្រឡេកមើលបរិបទសកល ជាពិសេសបទពិសោធន៍ពីបណ្តាប្រទេសជោគជ័យក្នុងការជំរុញបរិវត្តកម្មឌីជីថល អ្វីដែលយើងទាញបានជារួមពីសកម្មភាពជំរុញ សម្របខ្លួន និងចាប់ឱកាសពីភាពសម្បូរបែបនៃបដិវត្តឧស្សាហកម្ម ៤.០ គឺការផ្តើមជាមួយនឹងការពង្រឹងការបណ្តុះបណ្តាលផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងការជំរុញសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍន៍ ដែលការរួមចំណែករបស់ស្ថាប័នស្រាវជ្រាវដូចជា មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជានេះពិតជាមានសារៈសំខាន់សម្រាប់ការជួយតម្រែតម្រង់ទិសការដឹកនាំឆ្ពោះទៅកាន់ការធ្វើបរិវត្តកម្មឌីជីថលប្រកបដោយប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ។

សូមកោតសរសើរ និងវាយតម្លៃខ្ពស់នូវគំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារនៃមជ្ឈមណ្ឌលអភិវឌ្ឍកម្ពុជាទាំងអស់ ជាពិសេសអ្នកស្រាវជ្រាវវ័យក្មេងទាំងអស់ដែលបានរួមចំណែកក្នុងការរៀបរៀង តែងនិពន្ធសៀវភៅនេះឡើង៕សរន