​ដោយៈ បញ្ញា​សាស្ត្រ / ភ្នំពេញៈ ដើម្បី​ជួយ​ដល់​សង្គម ខណៈដែល​ប្រទេស​កម្ពុជា កំពុង​ជួប​បញ្ញា វិបត្តិ​កូ​វីដ​១៩ ស្រប​ពេលដែល​សាលារៀន ទូទាំងប្រទេស កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ ក្នុងឱកាស​បើក ដំណើរការ គ្រឹះស្ថានសិក្សា​សាធារណៈ​ឡើងវិញ ក្រុមហ៊ុន​សាប៊ូ លី​ប៉ាយ បានប្រកាស ក្នុងការ​ផ្តល់ជូន​គ្រឹះស្ថាន សិក្សា​សាធារណៈ​ទាំងអស់ នូវ​សាប៊ូ លី​ប៉ាយ សម្រាប់​ជូន​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បាន​ប្រើប្រាស់​។

​លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ ថ្លែង​ក្នុង​កម្មវិធី​សប្បុរសធម៌ ក្នុង​បរិវេណ​វិទ្យាល័យ​ច្បារអំពៅ រាជធានី​ភ្នំពេញ បានចាត់ទុក​ថាៈ ការផ្តល់​សាប៊ូ ពី​ក្រុមហ៊ុន​សាប៊ូ​លី​ប៉ាយ​នេះ ជាការ​ចូលរួមចំណែក របស់​ផ្នែក​ឯកជន ចូលរួម​ជាមួយ រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ ដ៏​ត្រឹមត្រូវ ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង ការរីក​រាតត្បាត មេរោគ​កូ​វីត​១៩ ។​

​លោក​អភិបាលខណ្ឌ​ច្បារអំពៅ ក៏បាន​ថ្លែង​កោតសរសើរ ដល់​គុណបំណាច់ របស់​សម្តេច​តេ​ជោ មិន​ត្រឹមតែ​ជួយ​រំដោះ​ជីវិត ប្រជាពលរដ្ឋ​កម្ពុជា ពី​របប​ខ្មែរក្រហម ប៉ុណ្ណោះ​ទេ ថែមទាំង​បានការ​ពារ អាយុ​ប្រជាពលរដ្ឋ​កម្ពុជា តាមរយៈ​ការចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីត​១៩ ដែល​មកដល់ពេលនេះ ស្ទើរតែ​គ្រប់ ១០០ ភាគរយ នៅ​ទូទាំងប្រទេស​។​

​លោក ចេង មុនី​រ៉ា បាន​បន្តថាៈ ក្នុង​ខណ្ឌ​ច្បារអំពៅ មាន​វិទ្យាល័យ​ចំនួន​៤ និង​អនុវិទ្យាល័យ​ចំនួន​៤ នឹង​បើក​ដំណើរ ជា​លើកដំបូង នៅ​ថ្ងៃទី​១៥ ខែកញ្ញា​។ ជាមួយនេះដែរ លោក​ក៏បាន​អំពាវនាវ ដល់​លោកគ្រូ អ្នកគ្រូ បង្កើត​ការអនុវត្ត​វិធានការណ៍ “៣​កុំ ៣​ការពារ​” និង​ជំរុញ​សិស្សានុសិស្ស ឲ្យ​ធ្វើការ​លាងដៃ ជាប្រចាំ ជាមួយ​សាប៊ូ ដែល​ក្រុមហ៊ុន​លី​ប៉ាយ បាន​ចែកជូន​។​

​លោក ម៉ាន់ ពន្លឺ​ពេជ្រ តំណាង​ក្រុមហ៊ុន​សាប៊ូ​លី​ប៉ាយ បានបញ្ជាក់​ថាៈ ស្របទៅតាម​វិធានការ នៃ​ការចូលរួម​ការបង្ការ ទប់ស្កាត់​ស្របតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល លើ​វិធានការ “៣​កុំ ៣​ការពារ​” និង​ការគាំទ្រ ក្នុង​ការបើក​ដំណើរការ​ឡើងវិញ នូវ​គ្រឹះស្ថានសាធារណៈ និង​ឯកជន តាម​គន្លង​ប្រក្រតីភាព​ថ្មី​។ ដោយ​មើលឃើញ​ពី​សារៈសំខាន់ និង​តម្រូវ​ការចាំបាច់ នៃ​ការប្រើប្រាស់​សាប៊ូ ដើម្បី​លាង​សម្អាត​ដៃ និង​សាប៊ូ សម្អាត​អនាម័យ ក្នុង​បន្ទប់ទឹក ទើប​ក្រុមហ៊ុន សម្រេច​ផ្តល់ជូន​សាប៊ូ​ទាំងនេះ ទៅកាន់​គ្រឹះស្ថានសិក្សា​ទាំងអស់ អាច​ប្រើប្រាស់​បាន តាម​តម្រូវការ​ភ្លាមៗ​ផងដែរ​។
​លោក​បាន​គូស​បញ្ជាក់ដែរថាៈ គម្រោង​ផ្តល់ជូន​នេះ នឹងត្រូវ​ធ្វើ​ឡើងជា​បន្ត​បន្ទាប់ ចាប់​ពីថ្ងៃ​ប្រកាស នេះ​តទៅ​៕/V .mara