ប្រែសម្រួលៈវាសនា(BLOOMBERG)៖ ទោះជាពួកគេកំពុងប្រយុទ្ធទល់នឹងការផ្ទុះជំងឺកូវីដ១៩ដ៏អាក្រក់ ក៏ប្រទេសនានានៅទូទាំងអាស៊ីអាគ្នេយ៍កំពុងដឹងខ្លួនបណ្តើរៗថា ពួកគេលែងអាចរឹតត្បិតដែលធ្វើអោយគាំងសេដ្ឋកិច្ចយូរតទៅទៀតបានហើយ។
នៅតាមរិងចក្រនៅវៀតណាមនិងម៉ាឡេស៊ី នៅក្នុងហាងកាត់សក់ក្នុងក្រុងម៉ានីលឬអាគារការិយាល័យរបស់សិង្ហបុរី អាជ្ញាធរកំពុងជំរុញទៅមុខនូវផែនការបើកដំណើរការសេដ្ឋកិច្ចឡើងវិញដោយស្វះស្វែងរកតុល្យភាពរវាងការទប់ស្កាត់វីរុសឆ្លងនិងរក្សាអោយប្រជាជននិងលុយដើរ។
ផ្ទុយពីនៅអឺរ៉ុប និងអាម៉េរិក ដែលបានងាកមកធ្វើដំណើរលើផ្លូវបើកសេដ្ឋកិច្ចឡើងវិញរួចហើយអត្រាចាក់វ៉ាក់សាំងទាបរបស់តំបន់នាំអោយវាស្ថិតចំណោមកន្លែងងាយរងគ្រោះបំផុតមួយនៅក្នុងលោកចំពោះការវាយប្រហារពីវីរុសកូរ៉ូណាប្រភេទដែលតា។តែដោយសារលុយរដ្ឋកាន់ខើយបន្ទាប់ពីការបញ្ចេញសាច់ប្រាក់ជំរុញសេដ្ឋកិច្ចនិងជំនួយសំរាប់អ្នករងផលប៉ះពាល់ពីវិធានការប្រឆាំងកូវីដ១៩ជាបន្តបន្ទាប់ ការបិទខ្ទប់ហាក់លែងចាំបាច់តទៅទៀតហើយពីមួយថ្ងៃទៅមួយថ្ងៃ។
លោកស្រី គ្រីស្តាល់ តាន់ អ្នកសេដ្ឋកិច្ចនៅក្រុមធានាគារអូស្ត្រាលីនិងនូវែលសេឡង់បាននិយាយថា « វាជាការថ្លឹងថ្លែងរវាងអាយុជីវិតនិងការរស់នៅរបស់មនុស្ស»។ លោកបានកត់សំគាល់ឃើញថា សូម្បីតែសិង្ហបុរីដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់បំផុតក៏កំពុងប្រឈមដោះស្រាយនឹងកំណើននៃការឆ្លង។អត្រាបិទហើយបើកឡើងវិញនៅផ្នែកផ្សេងទៀតនៃតំបន់នេះមានកាន់តែខ្ពស់ទៅ។
ការបិទរោងចក្រនៅអាស៊ីអាគ្នេយ៍បានធ្វើអោយប៉ះពាល់មួយពិភពលោក បង្កើតដំណើរស្ទះនៃខ្សែសង្វាក់ផ្គត់ផ្គង់ ក្រុមហ៊ុនផលិតរថយន្តនានារួមមានToyotaកាត់បន្ថយផលិតកម្មនិងក្រុមហ៊ុនលក់រាយសម្លៀកបំពាក់ Abercrombie & Fitchព្រមានអំពីស្ថានភាពលែងអាចគ្រប់គ្រងបាន។
តាមពិតអត្រាស្លាប់ប្រចាំថ្ងៃនៅក្នុងប្រទេសនៅអាស៊ីអាគ្នេយ៍ជាច្រើនបានហួសមធ្យមភាគនៃការស្លាប់ដោយកូវីដ១៩របស់ពិភពលោកហើយពួកមន្ត្រីមានការព្រួយបារម្ភអំពីថាតើអាចដំណើរការសេដ្ឋកិច្ចដូចម្តេចបើនៅបន្តបិទខ្ទប់យូរទៅទៀត។
ម៉ាឡេស៊ីបានកាត់បន្ថយការព្យាករណ៍កំណើនឆ្នាំ២០២១ពាក់កណ្តាលមកនៅត្រឹម៣ទៅ៤ភាគរយ ខណៈការឆ្លងប្រចាំថ្ងៃឡើងខ្ពស់បំផុតៗ។ថៃសង្ឃឹមរើបរើឡើងវិញតាមរយៈបើកឧស្សាហកម្មទេសចរណ៍ដែលបំផ្លាញដោយកូវីដ១៩។
ទោះជាមានទស្សនវិស័យសម្បើម ដោយវៀតណាមកំណត់កំណើននៅឆ្នាំនេះ៦ភាគរយ និងសិង្ហបុរី៧ភាគរយក៏វាមានសម្ពាធកាន់តែខ្លាំងឡើងអោយដោះស្រាយការគាំងស្ទះខ្សែសង្វាក់ផ្គត់ផ្គង់សកល និងបញ្ចៀសការបំផ្លាញចំណង់របស់វិនិយោគិនបរទេសសំរាប់តំបន់ដ៏មានថាមភាពនេះ។
យោងតាមអ្នកសេដ្ឋកិច្ចនៅក្រុមហ៊ុនធានាគារបរទេសចិនលោកវីរ៉ាន់តូ បណ្តាប្រទេសអាស៊ីអាគ្នេយ៍កំពុងបង់ថ្លៃសេដ្ឋកិច្ចខ្ពស់ណាស់មកពីការបិទខ្ទប់ដោយជោគជ័យជាច្រើនជុំនិងអារម្មណ៍ហត់ហេវអស់កម្លាំងក្នុងចំណោមប្រជាជនរបស់គេខណៈវិបត្តិនៅអូសបន្លាយពេល។
លោកវីរ៉ាន់តូបាននិយាយថា «ក្តីសង្ឃឹមអំពីការបើកព្រំដែនទូលំទូលាយឡើងវិញដើម្បីបង្កភាពងាយស្រួលដល់ពាណិជ្ជកម្មនិងទេសចរណ៍រវាងបណ្តាប្រទេសអាស៊ាននៅជាសុបិន្កវែងឆ្ងាយនៅឡើយ»។
និយាយអំពីផលប៉ះពាល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល ខ្លាំងជាងគេគឺវៀតណាម កន្លែងដែលការបិទខ្ទប់តឹងរឹងបំផុតនាំអោយឧស្សាហករនិងអ្នកនាំចេញចំណាយថ្លៃដើមខ្ពស់នៅពេលប្រទេសបរាជ័យក្នុងការទប់ស្កាត់វីរុសកូរ៉ូណាប្រភេទដែលតា។ក្រសួងពាណិជ្ជកម្មប្រទេសនេះបានព្រមាននៅខែនេះថា វៀតណាមប្រឈមការបាត់បង់អតិថិជនបរទេសដោយសារការរឹតបន្តឹងខ្លាំងពេលនាំដល់ការបិទរោងចក្រ។
សភាពាណិជ្ជកម្មអឺរ៉ុបនៅវៀតណាមបានប៉ាន់ស្មានថា សមាជិកខ្លួន១៨ភាគរយបានរើផ្នែកនៃផលិតកម្មរបស់គេទៅកាន់ប្រទេសផ្សេងដើម្បីធានាខ្សែសង្វាក់ផ្គត់ផ្គង់របស់គេ ហើយជាច្រើនទៀតនឹងធ្វើតាម។ស្ថានភាពវណ្ណៈកម្មករក្រីក្រនៅវៀតណាម ក៏កំពុងដាក់សម្ពាធអោយរដ្ឋាភិបាលបើកដំណើរការសេដ្ឋកិច្ចឡើងវិញ។
ការអត់ធ្មត់ក្នុងចំណោមសាធារណជនកំពុងថយចុះផងដែរនៅទូទាំងតំបន់ ជាពិសេសនៅពេលពួកគេរងការវាយប្រហារពីកូវីដ១៩យូរជាងគេនៅក្នុងលោក។នៅម៉ាឡេស៊ី កំហឹងសង្គមបានជួយផ្លាស់ប្តូររដ្ឋាភិបាលក្រោយការបិទខ្ទប់យូរពេកដែលបង្កភាពអត់ការងារធ្វើ តែមិនបានជួយអោយថយចំនួនឆ្លង។
ការតវ៉ាប្រឆាំងតាមដងផ្លូវនៅក្រុងបាងកកប្រឆាំងនឹងរដ្ឋាភិបាលថៃតាំងពីមុនកូវីដ១៩ បានវិវត្តមកជាការតវ៉ាប្រឆាំងនឹងដំណោះស្រាយអន់របស់រដ្ឋាភិបាលចំពោះកូវីដ១៩និងនាំដល់ការបោះឆ្នោតសម្តែងការទុកចិត្តនាយករដ្ឋមន្ត្រីពីសំណាក់សភា។
នៅសិង្ហបុរីក៏ដូចជាហ្វីលីពីន បណ្តាស្ថាប័នក្រុមហ៊ុនជំនួញកាន់តែស្រែកឡូឡាអំពីការលំបាកធ្វើផែនការរយៈពេលវែង ដោយសារខ្វះភាពប្រាកដប្រជាអំពីគោលនយោបាយរបស់រដ្ឋាភិបាល។
ជាលទ្ធផល នៅអាស៊ីអាគ្នេយ៍ វាកាន់តែមានការដូរពីការអនុវត្តវិធានការបិទខ្ទប់និងព្យាបាលកំចាត់កូវីដ១៩អោយអស់មកកាន់យុទ្ធសាស្ត្ររៀនរស់នៅជាមួយកូវីដជាមួយនឹងការចាក់វ៉ាក់សាំងបង្ការ។របាយការណ៍អំពីចំនួនឆ្លងប្រចាំថ្ងៃឥឡូវមិនសូវត្រូវបានចាប់អារម្មណ៍ដូចភាពធ្ងន់ធ្ងររបស់វាទេ។
នៅក្រុងហ្សាការតា មានតែអ្នកកាន់កាតចាក់វ៉ាក់សាំងសព្វគ្រប់ទើបអាចចូលផ្សារនិងកន្លែងសក្ការឬទៅមើលកុនក្នុងរោងភាពយន្តនៅម៉ាឡេស៊ី។បណ្តាភោជនីយដ្ឋាននៅសិង្ហបុរី ក៏ទាមទារកាតចាក់វ៉ាកសាំងទើបអាចចូលទទួលទានអាហារឬភេសជ្ជៈបាន៕
ក្រុងហាណូយរបស់វៀតណាមអនុញ្ញាតអោយមានការលក់អាហារយកទៅបរិភោគខាងក្រៅហាង និងហាងលក់ដូរមួយចំនួនបានបើកទ្វារឡើងវិញនៅសង្កាត់មានសុវត្ថិភាពពីជំងឺកូវីដ១៩