​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ការិយាល័យ​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​បាន​អះអាងថា ផែនទី​បង្ហាញផ្លូវ​នៃ​ចក្ខុវិស័យ​ស្តីពី​ប្រព័ន្ធ​ស្បៀង​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា ឆ្នាំ​២០៣០ គឺ​បានអនុម័ត​ហើយ ។

​ប្រភព​ដដែល​បាន​អះអាងថា តាម​ផែនទី​បង្ហាញផ្លូវ​នេះ បាន​កំណត់ថា ប្រជាពលរដ្ឋ​កម្ពុជា​នឹង​ទទួលបាន​របប​អាហារ​សុខភាព និង​អាហារ​ប្រកប​សុវត្ថិភាព ដោយមាន​ការយកចិត្ត​ទុកដាក់​ជា​ចម្បង​លើ​ស្ត្រី និង​កុមារ ដើម្បី​បំបែក​វដ្ត​អន្តរ​ជំនាន់​នៃ​បញ្ហា​អាហារូបត្ថម្ភ និង​ឆ្លើយតប​ទៅនឹង​ដំណើរការ​ប្រែប្រួល​អាហារូបត្ថម្ភ​។

​ប្រភព​ដដែល​បាន​បន្តថា ប្រព័ន្ធ​ស្បៀង​នឹង​ផ្តល់នូវ​សារជាតិ​ចិញ្ចឹម​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ពង្រឹង​ផលិតកម្ម​ក្នុងស្រុក​និង​ការចែក​ចាយ បង្កើត​ឱកាស​ធ្វើ​ពាណិជ្ជកម្ម​និង​ការប្រកប​អាជីវកម្ម​ក្នុង​និង​ក្រៅប្រទេស ផ្តល់ឱកាស​ប្រក​បរបរ​ចិញ្ចឹមជីវិត​ប្រកបដោយ​សមធម៌​ជាពិសេស​សម្រាប់​យុវជន ធន់​នឹង​ភាព​ងាយ​រងគ្រោះ វិបត្តិ និង​បញ្ហា​ផ្សេងៗ ការពារ​បរិស្ថាន និង​កាត់បន្ថយ​កត្តា​បង្ក​និង​បន្ស៊ាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ តាមរយៈ​ការជំរុញឱ្យ​ប្រព័ន្ធ​ស្បៀង​ឆ្ពោះទៅរក​ការអភិវឌ្ឍ​បៃតង​៕​