​ដោយៈ បូកគោ / កំ​ពតៈ គ្រប់​សាលា​ក្នុង​ខេត្តកំពត ដែលមាន​លទ្ធភាព អាច​បើក​បង្រៀន និង​រៀន​បាន សម្រាប់​ដំណាក់កាល​វិបត្តិ​កូ​វីដ​-១៩​នេះ នឹង​ចាប់ដំណើរការ នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២១ ដ៏​ខ្លី​ខាងមុខ​។​

​លោក តាក់ ហាប់ ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកំពត បាន​ប្រាប់​ឱ្យដឹងថាៈ ក្រោយ​មានការ​ណែនាំ ពី​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា ពី​ក្រសួង​អប់រំ យុវជន និង​កីឡា រដ្ឋបាល​ខេត្តកំពត បាន​ប្រជុំពិភាក្សា ជាច្រើនលើក ក្នុងការ​ស្វែងរក​លទ្ធ​ភាព បើក​ឱ្យ​ដំណើរការ សាលារៀន​ឡើងវិញ​។ ដោយបាន​ទទួល​របាយ​ការណ៍ ព្រមទាំង​ការឆ្លង​មតិយោបល់ ពី​អាជ្ញាធរ​ស្រុក និង​ឃុំ​សង្កាត់​គ្រប់​មូលដ្ឋាន ក៏ដូចជា លោកគ្រូ​អ្នកគ្រូ​ផង​នោះ ពេលនេះ មន្ទីរ​បានដាក់​សំណើ ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា រួចហើយ ដើម្បី​សុំ​គោលការណ៍ បើក​សាលារៀន ឱ្យ​ដំណើរការ ជា​ផ្លូវការ​ឡើងវិញ នៅ​ថ្ងៃទី​២០ ខែកញ្ញា​ខាងមុខ​។​

​លោក​ប្រធាន​មន្ទីរ បាន​បន្តថាៈ វិសាលភាព នៃ​ការបើក​ឱ្យ​ដំណើការ សាលារៀន​ឡើងវិញ​នេះ នឹងធ្វើ​ទៅតាម​ស្ថានភាព​តំបន់ ឬ​មូលដ្ឋាន នៃ​សាលារៀន​នីមួយៗ​។ ក្នុងនោះ មន្ទីរ​បានគ្រោង​បែងចែក ជា​បី​ប្រភេទ រួមមាន ១. បើក​ឱ្យ​សិស្ស​មក​ចូលរៀន នៅ​សាលា​តាម​ធម្មតា​ឡើងវិញ​។ ២.​ការបើក​ឱ្យ​សិស្ស មកជួបជុំ​រៀន​ជា​បណ្តុំ​តូចៗ​។ ៣.​ការបើក​ឱ្យ​សិស្ស​ចងក្រង ជា​ក្រុម​សិក្សា តាម​ប្រព័ន្ធ​អន​ឡាញ​ជាមួយ​គ្រូ​។

​លោក តាក់ ហាប់ បានបញ្ជាក់​ទៀតថាៈ រដ្ឋបាលខេត្ត ក៏ដូចជា មន្ទីរ បាន​ផ្តោត​ការយកចិត្តទុកដាក់ សំខាន់បំផុត​លើ​សិស្សានុសិស្ស រៀន​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ ព្រោះ​ពួកគេ ត្រូវ​ប្រឡង​។ ដូច្នេះ​មន្ទីរ នឹង​ផ្តល់​អាទិភាព ចំពោះ​សិស្ស​ទាំងពីរ​ក្រុម ឱ្យ​បានមក​រៀន នៅ​សាលា​មុនគេ​។ តំបន់​ដែល​ប្រឈម ក្នុង​ការបើក​សាលារៀន ឡើងវិញ ដូចជា ក្រុង​កំពត ក្រុង​បូកគោ ដែល​ភ្ញៀវ​ចេញចូល​ច្រើន ធ្វើឱ្យ​ករណី​ឆ្លង កូ​វីដ​-១៩ បន្ត​កើតមាន ជា​ហូរហែ​។ ចំណែក​តំបន់​ជាប់​ព្រំប្រទល់ ខេត្តតាកែវ ពិសេស​ស្រុក​អង្គរជ័យ និង​ស្រុក​ឈូក ជាប់​នឹង​ផ្សារ​ត្រាំកក់ បាននិងកំពុង​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ប្រភេទ​ដែល​តា​នោះ ភាគី​ពាក់ព័ន្ធ ទាំងអស់ កំពុង​ពិចារណា លើ​បញ្ហា​នេះ​។

​លោក​ប្រធាន​មន្ទីរ បានបញ្ជាក់​ច្បាស់​ថាៈ ការបើក​សាលារៀន ជា​ផ្លូវការ​ឡើងវិញ នៅ​ថ្ងៃទី​២០ ខែកញ្ញា​នេះ នឹងមិន​លើក​ពេល​ទេ​។ គ្រប់យ៉ាង គឺ​ធ្វើតាម​ជាក់ស្តែង បើ​សាលា​ណា​ប្រឈម​ខ្លាំង នឹង​បិទ​សាជាថ្មី​៕/V​