ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា បានជួបពិភាក្សាគ្នា អំពីកិច្ចសហប្រតិបត្តិការ វិស័យបរិស្ថាន រវាងប្រទេសទាំង ២ ជាពិសេស ការផលិតថាមពល និង ការគ្រប់គ្រងធនធានទឹក និងការកំណត់ជំហរ របស់កម្ពុជា សម្រាប់កិច្ចប្រជុំកំពូលលើកទី២៦ នៃបណ្តាភាគីអនុសញ្ញា ក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP26)។
ថ្លែងក្នុងជំនួប ដែលបានប្រព្រឹត្តិឡើង នារសៀល ថ្ងៃ ទី១៥ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថាៈ សុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាកត្តាសំខាន់ ដែលធ្វើឲ្យកម្ពុជា មានឱកាសគិតគូរ អំពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
លើកឡើង ក្នុងពិធីនេះដែរ លោក សាយ សំអាល់ បានឱ្យដឹងថាៈ បេសកកម្មសំខាន់របស់ ក្រសួងបរិស្ថាន ផ្តោតលើ កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់ដោយចីរភាព។ សម្រាប់កម្ពុជា រាជរដ្ឋាភិបាល បានរៀបចំផែនការ ជាយុទ្ធសាស្ត្រ សម្រាប់រយៈពេលវែង ស្តីពីការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធសង្គម សេដ្ឋកិច្ច ក្នុងនោះ ក៏មានការគិតគូរ អំពីប្រភពថាមពល នាពេលអនាគត ផងដែរ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានលើកឡើង ដោយបញ្ជាក់ឱ្យដឹងដែរថាៈ ប្រទេសចិន កំពុងបញ្ឈប់ ការផ្តល់មូលនិធិ សម្រាប់គម្រោងបង្កើត ថាមពលអគ្គិសនី មកពីធ្យូងថ្ម បច្ចុប្បន្ន ពិភពលោក កំពុងតែផ្លាស់ប្តូរ ទៅរកការប្រើប្រាស់ ថាមពលកកើតឡើងវិញ និងថាមពលស្អាត ហើយកម្ពុជា ក៏កំពុងសិក្សា អំពីលទ្ធភាពនៃ ប្រភពថាមពល ផងដែរ។
ដោយឡែក ទាក់ទងនឹងជំហររបស់កម្ពុជា សម្រាប់ COP26 វិញ លោករដ្ឋមន្ត្រី បានឱ្យដឹងថាៈ យើងកំពុងរៀបចំជំហររបស់កម្ពុជា ដើម្បីសុំគោលការណ៍ សម្រេចពីសម្តេចតេជោ នាយករដ្ឋមន្ត្រី ជាមួយគ្នានេះដែរ កម្ពុជាកំពុងតែរៀបចំ ផែនការយុទ្ធសាស្ត្រ រយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូន និងសង្ឃឹមថា នឹងបញ្ចប់នៅមុន COP26 ។
លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានលើកឡើង អំពីកិច្ចសហប្រតិបត្តិការ ជាមួយ ប្រទេស តាមដងទន្លេមេគង្គ ដោយផ្តោតសំខាន់លើការបង្កាត់ពូជស្រូវ ដែលបញ្ចេញកាបូនតិច ការបង្កាត់ ពូជត្រី ប្រព័ន្ធធារាសាស្ត្រ គ្រោះទឹកជំនន់ និងយន្តការបន្ថយ ការបំពុលប្លាស្ទីក នៅក្នុងសមុទ្រ។
ក្រៅពីនេះ លោកឯកអគ្គរដ្ឋទូត បានពិភាក្សា អំពីការរៀបចំឯកសារ គោលនយោបាយ និងសេចក្តីប្រកាសពាក់ព័ន្ធ សម្រាប់ត្រៀមសន្និសីទ លើកទី២៦ នៃភាគីអនុសញ្ញាក្របខណ្ឌ អង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុផងដែរ៕/V