ដោយៈមុនីរ័ត្ន/ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានស្នើ​ឲ្យ​គណបក្ស​បេះដូង​ជាតិ ធ្វើការ​កែសម្រួល​ខ្លឹមសារ​ក្នុង​លក្ខន្តិកៈ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បញ្ញត្តិ​មាត្រា ១០ ត្រង់ចំណុច ៤ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ ក្នុងករណី​មិន​អនុវត្តតាម​ស្មារតី នៃ​លិខិត​ជូនដំណឹង​នេះ ក្រសួងមហាផ្ទៃ​នឹង​សម្រេច​មិន​ចុះឈ្មោះ​គណបក្ស បេះដូង​ជាតិ ក្នុង​បញ្ជី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ​នោះឡើយ​។ នេះបើយោងតាម​លិខិត​របស់​សម្តេច​ក្រឡាហោម ស ខេង ចុះ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១។

យោងតាម​លិខិត​ដែលជម្រាប​ទៅ​លោក ​សៀម ភ្លុក តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ បាន​បញ្ជាក់ថា ក្រសួងមហាផ្ទៃ​បានធ្វើការ​រំលឹក​ចំនួន​២ (​ពីរ​) លើក​រួចមកហើយ ចំពោះ “​គណបក្ស​បេះដូង​ជាតិ​” ដើម្បី​ឲ្យ​ធ្វើការ​កែសម្រួល​ខ្លឹមសារ នៃ​លក្ខន្តិកៈ គណបក្ស​តាម​លិខិត​ដូច​ចុះ​ក្នុង​យោង​ខាងលើ​។ ប៉ុន្តែ​គណបក្ស​នេះ នៅតែ​មិន​អនុវត្តតាម​ស្មារតី នៃ​លិខិត​ជូនដំណឹង​របស់​ក្រសួងមហាផ្ទៃ ដោយ​ពុំ​កំណត់​អំពី​វិធាន នៃ​ការបញ្ចូល​សមាជិកភាព ទៅក្នុង​លក្ខន្តិកៈ​គណបក្ស ស្របតាម​បញ្ញត្តិ​មាត្រា​១០ ត្រង់ចំណុច​៤ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ ដូច្នេះ ក្រសួងមហាផ្ទៃ​ស្នើ​ឲ្យ​គណបក្ស​បេះដូង​ជាតិ ធ្វើការ​កែសម្រួល​ខ្លឹមសារ​ក្នុង​លក្ខន្តិកៈ​គណបក្ស ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​បញ្ញត្តិ​មាត្រា​១០ ត្រង់ចំណុច​៤ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ រួចហើយ​ត្រូវ​ផ្ញើជូន​មក​ក្រសួងមហាផ្ទៃ​វិញ ក្នុង​រយៈពេល​យ៉ាងយូរ​១៥(​ដប់​ប្រាំ​)​ថ្ងៃ ចាប់ពី​ថ្ងៃ​ទទួល​លិខិត​ជូនដំណឹង​នេះ ជា​កំហិត​។ ក្នុងករណី នៅតែ​មិន​អនុវត្តតាម​ស្មារតី នៃ​លិខិត​ជូនដំណឹង​នេះ ក្រសួងមហាផ្ទៃ​នឹង​សម្រេច​មិន​ចុះឈ្មោះ “​គណបក្ស​បេះដូង​ជាតិ​” ក្នុង​បញ្ជី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ​នោះឡើយ​។​

​គួររំលឹកថា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១ បានអនុញ្ញាត​ឲ្យ​បង្កើត “​គណបក្ស​បេះដូង​ជាតិ​” បន្ទាប់ពី​តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ បានដាក់​ពាក្យស្នើសុំ​បង្កើត​កាលពី​ថ្ងៃទី​៣ ខែមិថុនាកន្លងទៅ៕សរន