ដោយ:ម៉េងឆៃ / ភ្នំពេញ: ដូចការគ្រោងទុក នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ សាលារៀន នៅកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងរាជធានីភ្នំពេញ និងនៅខេត្តកណ្តាល បានបើកដំណើរការឡើងវិញ។ សាលានិមួយៗ ត្រូវបានរឹតបន្តឹង និងគោរពគោលការណ៍ប្រតិបត្តិស្តង់ដារសុវត្ថិភាព ដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា យ៉ាងហ្មត់ចត់ ដើម្បីការពារ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ ទាំងគ្រូ និងទាំងសិស្ស ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចរាល់ ទើបអនុញ្ញាតឲ្យចូលសាលារៀន។
នៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក៏បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ អាយុ ៦ឆ្នាំ ដល់ ១២ឆ្នាំ ដោយចាប់ផ្តើមនៅថ្ងៃសុក្រ ទី១៧ ខែកញ្ញាក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
បន្ថែមលើសារសំឡេង កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា គឺនៅពេលរសៀលថ្ងៃទី១៥ ខែកញ្ញា សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសំណេរអមដោយរូបថតហាត់ប្រាណថា បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញបានប្រមាណ ៣០ម៉ោង មកដល់ពេលនេះ សម្តេច ហាត់ប្រាណបានជាធម្មតាឡើងវិញហើយ។
សម្តេចតេជោ ហ៊ុន សែន លើកឡើងថា សប្តាហ៍នេះ មានកិច្ចការជាច្រើន ដែលត្រូវធ្វើ ហើយកិច្ចការមួយ ដែលសំខាន់ជាងគេ គឺអនាគតរបស់កុមារ ទាំងជីវិត ទាំងសុខភាព និងទាំងការសិក្សារបស់ពួកគេ។ ការសម្រេចចាក់វ៉ាក់សាំងជូនកុមារអាយុពី ៦ ដល់ ១២ឆ្នាំ ដែលនឹងត្រូវធ្វើចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ គឺសំដៅធានានូវសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការថែទាំសុខភាព និងសិទ្ធិទទួលបាននូវការសិក្សារៀនសូត្រ។ល។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បន្ថែមថា ប្រសិនបើយើង មិនអាចបើកសាលាបឋមសិក្សាឡើងវិញ សម្រាប់កុមាររបស់យើងទេ ប្រៀបបានទៅនឹងការបាត់បង់គ្រឹះមូលដ្ឋាននៃវិស័យអប់រំរបស់យើង។ ម្យ៉ាងទៀត ការចាក់វ៉ាក់សាំងជូនកុមារពីអាយុ ៦ឆ្នាំឡើង គឺជាផ្នែកមួយនៃការងារប្រយុទ្ធប្រឆាំងជាមួយជំងឺឆ្លងផងដែរ ព្រោះវានឹងនាំអោយមានភាពសាំក្នុងសហគមន៍ រហូតដល់ប្រមាណជាង ៨០% ដើម្បីទប់ទល់នឹងការវាយលុកពីជំងឺឆ្លងកូវីដ-១៩ ដែលកំពុងរាតត្បាតក្នុងប្រទេសយើង និងប្រទេសផ្សេងទៀត នៅលើពិភពលោកទាំងមូល។
តាមសម្តេចតេជោ ហ៊ុន សែន គឺ កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ ដែលត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នាពេលនេះ មានចំនួនជាង ១,៨លាននាក់។ ការសម្រេចចាក់វ៉ាក់សាំងដល់កុមារនេះ គឺដើម្បីឈានទៅបើកសាលារៀន នៅថ្នាក់បឋមសិក្សាឡើងវិញ។ ក្នុងនោះ ប្រទេសនានា លើពិភពលោក បានសិក្សារួចហើយ និងបានប្រើប្រាស់វ៉ាក់សាំង ចាក់ឲ្យកុមារ ហើយម្យ៉ាងទៀត កម្ពុជាយើង ក៏មានថ្នាំវ៉ាក់សាំង ស៊ីណូវ៉ាក់ ក្នុងដៃគ្រប់គ្រាន់ផងដែរ។
ជាការពិត អ្នកជំនាញ លើកឡើងរួចមកហើយ ហើយកម្ពុជាយើង ក៏ទទួលស្គាល់រួចហើយថា ចាក់វ៉ាក់សាំងរួចហើយ ក៏នៅតែឆ្លងកូវីដ១៩។ ដូច្នេះទាមទារឲ្យយើងម្នាក់ៗ បន្តការពារ កុំឲ្យឆ្លងកូវីដ តាមរយៈវិធានការហ្មត់ចត់ ទាំងនៅសាលារៀន និងទាំងសិស្សានុសិស្សម្នាក់ៗ។ ពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតសុវត្ថិភាព ទាំងនៅក្នុងសាលារៀន និងទាំងពេលចេញលេង ព្រមទាំងនៅផ្ទះ និងការធ្វើដំណើរ ជាដើម។
ដូច្នេះនៅពេលខាងមុខនេះ ច្បាស់ណាស់ថា កុមារអាយុ ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ត្រូវតែចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចរាល់ ចំនួន ២ដូស ទើបអនុញ្ញាតឲ្យចូលសាលារៀន ដូចករណីសិស្សានុសិស្ស នៅថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ នាពេលនេះដែរ។ ប៉ុន្តែអ្វីសំខាន់ជាងវ៉ាក់សាំង គឺការបន្តរៀបចំវិធានការការពារ និងទប់ស្កាត់កូវីដ តាមសាលារៀន ដូចអ្វី ដែលក្រសួងអប់រំ គណៈគ្រប់គ្រងសាលារៀន និងអាជ្ញាធរសមត្ថកិច្ចរាជធានីខេត្ត បានដាច់ចេញ និងបើកដំណើរការសាកល្បងសាលារៀនឡើងវិញ នៅថ្នាក់អនុវិទ្យាល័យ និងថ្នាក់វិទ្យាល័យ នាពេលនេះ។
ប៉ុន្តែកុមារនៅថ្នាក់បឋមសិក្សា នៅក្មេងៗ ហើយអាចនឹងពិបាកក្នុងការគ្រប់គ្រង ពិសេសលើផ្នែកអនាម័យ និងការរត់លេង រក្សាគម្លាតសុវត្ថិភាពពីគ្នានេះតែម្តង។ នៅរាជធានីភ្នំពេញ និង នៅតាមទីប្រជុំជន ទីរួមខេត្ត លើបញ្ហាអនាម័យ ដូចជាមិនចោទទេ តែសម្រាប់សិស្សនៅតាមទីជនបទ និងតំបន់ដាច់ស្រយាល រាងពិបាកបន្តិច។ តែករណីនេះ អាស្រ័យលើលោកគ្រូអ្នកគ្រូ អាណាព្យាបាល និងឪពុកម្តាយ ដែលត្រូវមើលថែទាំ អប់រំ និងបង្រៀនកុមារទាំងនោះ ឲ្យចេះការពារខ្លួនពីកូវីដ គឺពាក់ម៉ាសជាប់ជានិច្ច លាងសម្អាតដៃញឹកញាប់ មានអាល់កុល ឬជែលតាមខ្លួន និងកុំរត់លេងជួបៗគ្នា ដូចមុន ជាដើម។
យ៉ាងណាក៏ដោយចុះ បើសិនជាក្នុងសហគមន៍យើង កាត់បន្ថយ និងឈានទៅដល់ការមិនមានឆ្លងកូវីដ១៩ នោះសាលារៀនយើង ក៏នឹងមានសុវត្ថិភាព ១០០%ដែរ។ តែបើប្រទេសយើង នៅមានអ្នកឆ្លងកូវីដ១៩ ហើយសព្វថ្ងៃនេះ មានដល់ទៅជាង ៦០០នាក់ ក្នុង ១ថ្ងៃៗដូច្នេះ ទាល់តែទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់។ សម្រាប់គ្រូ និងសិស្ស គួរតែចេញពីផ្ទះ ទៅសាលា ហើយចេញពីសាលា មកផ្ទះ។ ពោលគឺមិនត្រូវដើរទៅកន្លែងណាផ្សេង ឬក៏ជួបមនុស្សច្រើន ក្នុងកាលៈទេសៈនេះទេ។
បើសិនជាមិនអនុវត្តឲ្យបានត្រឹមត្រូវ ហ្មត់ចត់តាមវិធានសុវត្ថិភាព ក្នុងសាលារៀន រួមទាំងវិធានការសាមញ្ញៗ គឺ ៣កុំ និង ៣ការពារ ទេនោះ អាចនឹងមានហានិភ័យក្នុងការឆ្លងរាលដាលកូវីដ១៩ ក្នុងសាលារៀន បើទោះបីជាគ្រូ និងសិស្ស បានចាក់វ៉ាក់សាំងទាំងអស់គ្នាក៏ដោយ៕