ដោយៈ ឫទ្ធិស័ក្តិ/ភ្នំពេញៈ ប្រជាពលរដ្ឋប្រមាណជាង ១០០គ្រួសារ មកពីភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល បាននាំគ្នាតវ៉ាមុខសាលាខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ដើម្បីសុំអន្តរាគមន៍ពី លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដើម្បីជួយដោះស្រាយពាក់ព័ន្ធទៅនឹងករណីមន្ត្រីនគរបាលឈ្មោះ ចាន់ វិទូ ដែលមានតួនាទីជាជំនួយការសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានយកគ្រឿងចក្រ មកកាយ និងឈូសឆាយផ្ដាច់ផ្លូវសាធារណៈមួយកន្លែង ស្ថិតនៅចំណុចផ្លូវកំពង់រទេះ ក្នុងភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ។
លោកអភិបាលខេត្តកណ្តាល គង់ សោភ័ណ្ឌ
ការតវ៉ារបស់ប្រជាពលរដ្ឋនៅមុខសាលាខេត្តកណ្តាល ក៏មានលើកបដារកាន់រូបសម្តេចតតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយអន្តរាគមន៍ដល់ពួកគាត់។
បន្ទាប់ពីមានការប្រមូលផ្តុំតវ៉ាមុខសាលាខេត្តកណ្តាលអភិបាលខេត្តកណ្តាលបានអនុញ្ញាតឲ្យប្រជាពលរដ្ឋចូលជួបពិភាក្សាដើម្បីស្តាប់អំពីដំណើររឿង។
ក្រោយពីស្តាប់ការលើកឡើងរបស់ប្រជាពលរដ្ឋ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានប្រគល់ភារកិច្ចជូនរដ្ឋបាលស្រុកកៀនស្វាយ ត្រូវជូនដំណឹងដល់អ្នកដែលបានប្រព្រឹត្តនោះ ទុកពេលឲ្យជួយជុលធ្វើផ្លូវដែលបានកាយនោះឡើងវិញក្នុងរយៈពេល ១០ថ្ងៃ។ ក្នុងករណីមិនអនុវត្តតាមនោះរដ្ឋបាលខេត្ត នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
ប្រជាពលរដ្ឋជាង ១០០ គ្រួសារ បានសម្តែងនូវការអបអរសាទរ និងថ្លៃអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដែលបានយកចិត្តទុកដាក់ និងគិតគូរជួយដោះស្រាយជូនពួកគាត់ ដែលនេះសបញ្ជាក់ឲ្យឃើញថា អាជ្ញាធរខេត្តកណ្ដាល គឺជាអ្នកបម្រើប្រជាពលរដ្ឋ និងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ចំណែកលោក សុខ ពិសិដ្ឋ អភិបាលរងស្រុកកៀនស្វាយ បានឲ្យដឹងថា រដ្ឋបាលស្រុក បានចាត់ក្រុមការងារស្រុក ចុះពិនិត្យ អង្កេត ឃើញថា ផ្លូវ១ខ្សែដែលប្រជាពលរដ្ឋបានស្នើសុំជួយអន្តរាគមន៍ គឺពិតជាផ្លូវសាធារណៈដែលប្រជាពលរដ្ឋ បានប្រើប្រាស់តាំងពីបូរាណមក។ ហើយរដ្ឋបាលស្រុកធ្លាប់បានកោះហៅអ្នកដែលបានប្រព្រឹត្តនោះ មកដោះស្រាយ ០២ លើកមកហើយ ប៉ុន្តែគាត់ពុំដែលបានមកចូលរួមដោះស្រាយនោះទេ។
លោក ចាន់ វិទូ(រូបឯកសារ)
ប្រជាពលរដ្ឋបានឲ្យដឹងថា ឈ្មោះ ចាន់ វិទូ ជាមន្ត្រីនគរបាល និងជាឈ្មួញរកស៊ីរណ្តោះដី បានយកឈ្មោះឯកឧត្តម យឹម លាង មកប្រើគំរាមកំហែង ជីកផ្តាច់ផ្លូវសាធារណៈរបស់រដ្ឋ ដើម្បីជាប្រយោជន៍របស់ខ្លួន។
លោក កូវ ផាន់នី ប្រជាពលរដ្ឋដែលមកចូលរូមតវ៉ាបានប្រាប់ថា លោក ចាន់ វិទូ ថៅកែរណ្តៅដី និងការដ្ឋានខ្សាច់ បានយកគ្រឿងចក្រមកជីកផ្តាច់ផ្លូវពលរដ្ឋដែលមានទំហំទទឹង៧ម៉ែត្រ និងបណ្តោយ៦៥០ម៉ែត្រ យកអាចម៌ដីលក់ ដោយសំអាងថា ពលរដ្ឋធ្វើផ្លូវលើដីរបស់ខ្លួន។
លោក កូវ ផាន់នី បានបញ្ជាក់ថា “ខ្ញុំឮសូរថាឈ្មោះ ចាន់ វិទូ យកឈ្មោះអ្នកធំមកអាង ឯកឧត្តមយឹម លាង ប៉ុន្តែខ្ញុំជឿថា ប្រហែលជាគាត់ប្រឌិតពាក្យសំដីខ្លួនគាត់ទេមើលទេ ពីព្រោះលោកធំទាំងនោះគាត់យកតួនាទីគាត់បម្រើរាស្ត្រ មិនមែនមកជាន់រាស្ត្រដូចជាពាក្យសំដីគាត់និយាយទេ ខ្ញុំជឿថា ពាក្យនេះ គាត់យកមកគំរាមកំហែងប្រជាពលរដ្ឋទេ។ ឈ្មោះ ចាន់ វិទូ ជាមន្ត្រីប៉ូលិសក្រសួងមហាផ្ទៃ ហើយគាត់យកតួនាទីនេះមិនមែនបម្រើរាស្ត្រទេ មកធ្វើបាបរាស្ត្រ។ ពួកខ្ញុំឮសូរតែឈ្មោះអ្នកធំមានលុយមានអំណាច ពួកខ្ញុំមានការភ័យខ្លាំងបំផុតបានរត់មករកលោកអភិបាលខេត្ត”។
តាមតំណាងពលរដ្ឋរូបនេះបានប្រាប់ថា ផ្លូវដែលលោក ចាន់ វិទូ ជីកផ្តាច់ និងកាយយកអាចម៌ដីលក់នោះជាផ្លូវចាស់ ដែលពលរដ្ឋមានដីនៅអមសងខាងផ្លូវ បានបរិច្ចាកដីរបស់ខ្លួន ដើម្បីពង្រីកផ្លូវទំហំទទឹង ៧ម៉ែត្រ និងបណ្តោយ៦៥០ម៉ែត្រ បានធ្វើតំណើរស្រួល ខ្ពស់ផុតទឹក ទៅរកត្រី បេះបន្លែ សម្រាប់អាស្រ័យផល និងការចូលទៅទីគោរពបូជាលោកតាម្ចាស់ស្រុកជាដើម។ការកាយផ្តាច់ផ្លូវពលរដ្ឋនេះមានទទឹង៧ម៉ែត្រ និងបណ្តោយ២៣៩ម៉ែត្រ ក្នុងប្រវែងជាង៤២២ម៉ែត្
លោក កូវ ផាន់នី ថា ក្រោយឈ្មោះ ចាន់ វិទូ កាយផ្លូវផ្តាច់ហើយ មិនអនុញ្ញត្តឱ្យពលរដ្ឋធ្វើតំណើរចេញចូលឡើយ ទើបពួកគាត់ជាប្រជាពលរដ្ឋ កើតទុក្ខមិនសុខចិត្ត លើកគ្នាតវ៉ាជាបន្តបន្ទាប់នៅទីតាំងដីជាក់ស្តែង នៅសាលាឃុំ សាលាស្រុកកៀនស្វាយ និងនៅថ្ងៃនេះមានការតវ៉ាមុខសាលាខេត្តកណ្តាល ដើម្បីស្នើសុំអភិបាលខេត្ត លោកជួយពលរដ្ឋ បានផ្លូវរួមភូមិបុរាណមួយនេះ យកមកប្រើប្រាស់ជាប្រយោជន៍រួមវិញ។
តាមរយៈមេធាវីតំណាងឲ្យឯកឧត្តម យឹម លាង បានបញ្ជាក់ ថា “ឯកឧត្តម យឹម លាង មិនដែល ស្គាល់ និងមិនដែលមានទំនាក់ទំនងជាមួយបុគ្គលឈ្មោះ ចាន់ វិទូ នោះទេ។ ហើយមេធាវីកំពុងតែរៀបចំឯកសារភស្តុតាងដើម្បីចាត់ការតាមផ្លូវច្បាប់”៕ សរន