​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ប្រធានាធិបតី​ចូ បៃ​ដិនបាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ទី​១៥​កញ្ញា​ថា​សហរដ្ឋ​អាម៉េរិក​នឹង​បង្កើត​សម្ពន្ធភាព​សន្តិសុខ​ឥ​ណ្ឌូ​-​ប៉ាស៊ីហ្វិក​ថ្មី​ជាមួយ​ចក្រភព​​អង់គ្លេស​និង​អូស្ត្រាលី ដែល​នឹង​អនុញ្ញាត​ឱ្យ​មាន​ការចែក​រំលែក​សមត្ថភាព​យោធា​កាន់តែ​ច្រើន​ឡើង​រួមទាំង​ការជួយ​ផ្តល់​ឱ្យ​អូស្ត្រាលី​នូវ​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ជាដើម​។ ​វា​ជា​ចំណាត់ការ​មួយ​ដែល​អាច​ធ្វើឱ្យ​ការខ្វែងគំនិត​គ្នា​ផុង​កាន់តែ​ជ្រៅ​ក្នុង​ទំនាក់ទំនង​អាម៉េរិក​-​ចិន​។​

​លោកបៃ​ដិន នាយករដ្ឋមន្ត្រី​អង់គ្លេស​បូរី​ស ច​ន​សុន​និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ស្កុត ម៉ូ​រី​សុន​បាន​បង្ហាញខ្លួន​រួម​គ្នា​តាម​អន​ឡាញ​ដើម្បី​លម្អិត​អំពី​សម្ពន្ធភាព​ថ្មី ដែល​នឹង​ត្រូវ​ហៅ​កាត់​ថា AUKUS ។ អ្នក​ទាំង​បី​បាន​ប្រកាសថា​ពួកគេ​នឹង​ផ្តោត​ការយកចិត្តទុកដាក់​យ៉ាង​ឆាប់រហ័ស​ក្នុង​ការអភិវឌ្ឍ​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​សម្រាប់​អូស្ត្រាលី​។​

​លោកបៃ​ដិន ដែល​និយាយ​ថា​សម្ពន្ធភាព​ថ្មី​នេះ​ឆ្លុះបញ្ចាំង​ពី​និន្នាការ​ទូលំទូលាយ​នៃ​ដៃគូ​អឺរ៉ុប​ដែល​ដើរតួនាទី​នៅ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក បាន​និយាយថា​”​យើងទាំងអស់គ្នា​ទទួល​ស្គាល់​ពី​ភាពចាំបាច់​នៃ​​ការធានា​សន្តិភាព​និង​ស្ថិរភាព​នៅ​ឥ​ណ្ឌូ​-​ប៉ាស៊ីហ្វិក​រយៈពេល​វែង​។ យើង​ត្រូវ​មាន​លទ្ធភាព​ដោះស្រាយ​ទាំង​បរិយាកាស​យុទ្ធសាស្ត្រ​បច្ចុប្បន្ន​នៅ​ក្នុង​តំបន់​និង​របៀប​ដែល​វា​អាច​វិវត្ត​”​។​

​សម្ពន្ធភាព​សន្តិសុខ​ថ្មី​នេះ​ទំនងជា​ត្រូវបាន​មើលឃើញថា​ជា​ទង្វើ​បង្កហេតុ​ពី​សំណាក់​ប្រទេស​ចិន​ដែល​បាន​សំពង​ម្តង​ហើយ​ម្តង​ទៀត​ទៅលើ​លោកបៃ​ដិន​ខណៈ​លោក​ព្យាយាម​ផ្តោត​ការយកចិត្ត​​ទុកដាក់​លើ​គោលនយោបាយ​ការបរទេស​អាម៉េរិក​នៅ​តំបន់​ប៉ាស៊ីហ្វិក​នៅ​ដើម​អាណត្តិ​ដឹកនាំ​របស់​លោក​។​

​មុន​ការប្រកាស​នេះ មន្ត្រី​រដ្ឋាភិបាល​អាម៉េរិក​ជាន់ខ្ពស់​ម្នាក់​បាន​ព្យាយាម​និយាយ​សម្រាល​គំនិត​ដែល​ថា​សម្ពន្ធភាព​នេះ​មានបំណង​ទប់ទល់​ចិន​នៅក្នុង​តំបន់​។ មន្ត្រី​នោះ​បាន​និយាយ​ក្នុង​​លក្ខខណ្ឌ​អនាមិក​ថា ការបង្កើត​សម្ពន្ធភាព​នេះ​មិន​មាន​បំណង​ផ្តោត​លើ​ប្រទេស​ណាមួយ​ទេ​ហើយ​គឺ​សំដៅលើ​កិច្ចខិតខំ​ប្រឹងប្រែង​ធំ​ជាង​មុន​ដើម្បី​ទ្រទ្រង់​ដល់​ការចូលរួម​និង​ការ​ទប់ទល់​​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដោយ​ប្រទេស​ទាំង​បី​។​

​លោក​ច​ន​សុន​បាន​និយាយ​ថា​សម្ពន្ធភាព​នេះ​នឹង​អនុញ្ញាត​ឱ្យ​បណ្តា​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​និយាយ​ភាសា​អង់គ្លេស​ទាំង​បី​អាច​ពង្រឹង​ចំណង​ទាក់ទង​និង​ពង្រឹង​ការផ្តោត​សំខាន់​លើ​ផ្នែក​ដែល​កាន់តែ​ស្មុគស្មាញ​ឡើង​នៃ​ពិភពលោក​៕

ប្រធានាធិបតី​ចូ បៃ​ដិន​ប្រកាស​សម្ពន្ធភាព AUKUS កាលពី​ថ្ងៃ​ពុធ