​ដោយ៖សុផល​/ភ្នំពេញ​៖ វេទិកា​ទេសចរណ៍​ពិភពលោក​-​ឥណ្ឌូណេស៊ី (Global Tourism Forum Indonesia– Leaders Summit Asia) អាស៊ាន​កំពុង​ព​ន្លឿ​ន​ផែន​ការបើក​ទេសចរណ៍​អន្តរជាតិ​ឡើងវិញ ប្រកបដោយ​ការទទួលខុសត្រូវ​។​

​វេទិកា​ទេសចរណ៍​ពិភពលោក​-​ឥណ្ឌូណេស៊ី​នេះ​ធ្វើឡើង​នា​រសៀល​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ ក្នុងនោះ​ភាគី​កម្ពុជា​ចូលរួម​ដោយ​លោក ទិ​ត ចន្ថា រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងទេសចរណ៍ និង​មានការ​ចូលរួម​ផងដែរ​ពី​ថ្នាក់​រដ្ឋមន្ត្រី​នៃ​ប្រទេស​៖ ព្រុយ​ណេ ឥណ្ឌូណេស៊ី សិង្ហ​បុរី ថៃ និង​វៀតណាម​។​

​ក្រសួងទេសចរណ៍​បានឱ្យដឹងថា​៖​កិច្ច​ពិភាក្សាបាន​វាយតម្លៃ​ផលប៉ះពាល់​នៃ​វិបត្តិ​កូ​វីដ​-១៩ ក្នុងប្រទេស​សមាជិក​អាស៊ាន​, ចែករំលែក​បទពិសោធ​ន៍​ស្តីពី​ការឆ្លើយតប​ចំពោះ​វិបត្តិ​កូ​វីដ​-១៩ និង​ចែករំលែក​ទស្សនទាន​លើ​ការបើក​ទេសចរណ៍​អន្តរជាតិ​នាពេលខាងមុខ​។​

​កិច្ចពិភាក្សា​មាន​ជំហរ និង​ការយល់ឃើញ​រួម​ដូចជា​៖ អាស៊ាន​ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ខ្លាំង​ដើម្បី​បើក​ទេសចរណ៍ តំបន់​ឡើងវិញ​នាពេលខាងមុខ តាមរយៈ​ការសម្របសម្រួល​វិធាន​ធ្វើដំណើរ ដោយ​យក​ផែនការ​ស្តារ​វិស័យ​ទេសចរណ៍​អាស៊ាន និង​គោលការណ៍​ណែនាំ ស្តីពី​អនាម័យ និង​សុវត្ថិភាព (​ដឹកនាំ​សម្របសម្រួល​ដោយ​កម្ពុជា​) ជា​មូលដ្ឋាន​នៃ​ការបើក​ឡើងវិញ​ដោយ​ចាប់ផ្តើម​ពី​ទេសចរណ៍​ផ្ទៃក្នុង​អាស៊ាន​។​

​លោក​រដ្ឋលេខាធិការ​ប្រចាំការ ក៏បាន​ចែករំលែក​អំពី​ភាពជឿនលឿន​ទៅមុខ​នៃ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​កម្ពុជា ការអនុវត្ត​ផែនទី​ចង្អុល​ផ្លូវ​លើ​ការស្តារ និង​លើកស្ទួយ​ទេស​ស​ចរណ៍​កម្ពុជា អំឡុង​និង​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​បើក​ទេសចរណ៍​សុវត្ថិភាព​នាពេលខាងមុខ ការអនុវត្ត SOP ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ជាដើម​។​

​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​ក៏បាន​បង្ហាញ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​អាស៊ាន​ក្នុងការ​ចូលរួម​ទប់ទល់ និង​ដោះស្រាយ​ផល​ប៉​ពាល់​នៃ​វិបត្តិ​កូ​វីដ​១៩ លើ​វិស័យ​ទេសចរណ៍​តាមរយៈ​លទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ស្ដីពី​ជំងឺ​កូ​វីដ​១៩ នា​ខែមេសា ឆ្នាំ​២០២០ និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​លើក​ទី​២៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នា​ខែកុម្ភ​: ឆ្នាំ​២០២១ ក្រោម​ការដឹកនាំ​របស់​កម្ពុជា ជា​ប្រធាន​កិច្ចប្រជុំ និង ឥណ្ឌូណេស៊ី​ជា អនុប្រធាន​។​

​ប្រភព​ក្រសួង​ទេស​វរ​ណ៍​បានឱ្យដឹង​ទៀតថា​៖​ថ្នាក់ដឹកនាំ​ទេសចរណ៍​អាស៊ាន បានស្នើ​សុំ​ឲ្យ​វិទ្យាស្ថាន​វេទិកា​ទេសចរណ៍​ពិភពលោក​( World Tourism Forum Institute) ដែលមាន លោក Taleb Rifai អតីត​អគ្គលេខាធិការ​អង្គការ​ទេសចរណ៍​ពិភពលោក ជា​អគ្គលេខាធិការ ធ្វើជា​ដៃគូ​គាំទ្រ និង​ជំរុញ​ការបើក​ទេសចរណ៍​អាស៊ាន​ឡើងវិញ​។​

​វេទិកា​ទេសចរណ៍​ពិភពលោក​៖​ជំនួប​កំពូល​ថ្នាក់ដឹកនាំ​អាស៊ី​(Global Tourism Forum – Leaders Summit Asia) នេះ​ត្រូវបាន​បើក​ដោយ​អនុ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី មាន​វាគ្មិន​សំខាន់ៗ ដូចជា​៖ អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស Tony Blair អតីតរដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស Jack Straw លោក Taleb Rifai អតីត​អគ្គលេខាធិការ UNWTO និង​តំណាង​សហគមន៍​អន្តរជាតិ​ផ្សេងៗ​ទៀត​៕​