​ដោយ​៖​សុផល​/​ភ្នំពេញ​៖ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍​លើកឡើងថា​៖ «​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ជំរុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក ត្រូវបាន​ចាត់ទុកថា​ជា បុ​រេ​លក្ខខណ្ឌ​ដ៏​មាន​សារសំខាន់​មួយ​សម្រាប់​ការត្រៀម​បើកទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ឡើងវិញ​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​ស្តីពី​ការបើកទទួល​ទេសចរណ៍​សុវត្ថិភាព​»​។​

​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ទៀតថា​៖ អ្វី​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​សហការ​រួមគ្នា​អនុវត្ត​ឱ្យបាន​ល្អ ដើម្បី​បម្រើ ប្រជាពលរដ្ឋ​ក្នុងឱកាស​រដូវ​ភ្ជុំបិណ្ឌ​នាពេល​ខាងមុខនេះ​ផងដែរ និង​ត្រូវខិតខំ​សំរេច​ឱ្យបាន​តាម​គោលដៅ​ដូចដែល​បាន​ចង្អុល​ឡើង​ក្នុង ផែនទី​ចង្អុល​ផ្លូវ គឺ​ត្រូវ​សំរេច​ឱ្យបាន​ចំនួន​ទេសចរ​ក្នុងស្រុក​ប្រមាណ ១១ លាន នៅ​ឆ្នាំ​២០២៣​។​

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍​ដូច្នេះ​នៅក្នុង​“​សន្និបាត​បូកសរុប​ការងារ​ទេសចរណ៍​ផ្ទៃក្នុង​រយៈពេល ៩​ខែ​ដើមឆ្នាំ​២០២១ និង​ទិសដៅ​អនុវត្ត​បន្ត​” តាម​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃទី​១៥​ខែកញ្ញា ឆ្នាំ​២០២១​។​

​សន្និបាត​ដែលមាន​ការចូលរួម​ពី​រដ្ឋបាល​រាជធានី​-​ខេត្ត និង​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​ទាំង​២៥ វិស័យ​ឯកជន និង​ភាគី​ពាក់​នេះ គឺមាន​គោលបំណង​ធ្វើការ​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​លទ្ធផល​ការងារ​ទេសចរណ៍​ផ្ទៃក្នុង​ដែល​បាន​អនុវត្ត​រយៈពេល ៩​ខែ​ដើមឆ្នាំ​២០២១ និង​ស្របពេល​ដាក់ចេញ​នូវ​ទិសដៅ​អនុវត្ត​ការងារ​បន្ត ដើម្បី​ជំរុញ និង​ស្តារ​វិស័យ​ទេសចរណ៍​ផ្ទៃក្នុង​ឡើងវិញ ពិសេស​ជំរុញ​ការបើក​ដំណើរការ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍​ស្របតាម គន្លង​ប្រក្រតីភាព​ថ្មី (New Normal) និង​អនុ​ឡោម​តាម​វិធាន​សុវត្ថិភាព និង នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អ​ប្បរមា (SOP) តាម​គន្លង​ប្រក្រតីភាព​ថ្មី​សម្រាប់​មូលដ្ឋាន​អាជីវកម្ម និង​គោលដៅ​ទេសចរណ៍​។​

​សូម​ច​ម្រា​ប​ផងដែរ​ថា​៖​ជា​លទ្ធផល អង្គសន្និបាត​បាន​ឯកភាព​ជារួម​លើ​ការដាក់ចេញ​ទិសដៅ​អនុវត្ត​បន្ត ដោយ​ក្នុងនោះ លោក ថោង ខុន រដ្ឋមន្ត្រី​នៃ​ក្រសួងទេសចរណ៍៍ ក៏បាន​សង្កត់ធ្ងន់ និង​ស្នើ​គ្រប់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​ដែលជា​សេនាធិកា​ឱ្យ​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍​រាជធានី​-​ខេត្ត​ត្រូវ​ចូលរួម​វាយតម្លៃ​រាជធានី​-​ខេត្ត និង​គោលដៅ​ទេសចរណ៍​ដើម្បី​បើកទទួល​ភ្ញៀវទេសចរ​ប្រកបដោយ​សុវត្ថិភាព​តាមរយៈ​ការវាយតម្លៃ​លើ​សូចនាករ​សមិទ្ធកម្ម​ចំនួន ៤​គឺ​៖
១).​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​សំដៅ​បង្កើត​ភាពស៊ាំ​សហគមន៍
២).​អត្រា​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩
៣). សមត្ថភាព​ឆ្លើយតប និង​ព្យាបាល និង​ការគ្រប់គ្រង​ហានិភ័យ​ដែល​អាច​កើតមាន​ពី​វីរុស​បំប្លែង​ថ្មី
៤). ការត្រៀមខ្លួន​របស់​ឧស្សាហកម្ម​ទេសចរណ៍​៕​