​ប្រែ​សម្រួលៈ​វាសនា​/​ប៉េកាំង​៖​ការ​ឆ្លងកូវី​ដ​១៩​ចំនួន​១៥២​នាក់​នៅ​ខេត្ត​ហ្វ៊ុយ​ជៀន​របស់​ចិន​នៅ​រយៈពេល​៥​ថ្ងៃ​មកនេះ បណ្តាល​អោយ​ទីក្រុង​នានា​នៅ​ផ្នែក​ដទៃ​ទៀត​ក្នុងប្រទេស​ចិន​ចេញ​ការព្រមាន​​អំពី​ការ​ធ្វើ​ដំណើរ​នៅ​មុន​ថ្ងៃ​ឈប់សម្រាក​ធំៗ ។​

​ការព្រមាន​អំពី​ការ​ធ្វើ​ដំណើរ​នេះ​កើត​ឡើង​មុន​ថ្ងៃ​ឈប់សម្រាក​បុណ្យជាតិ​១​សប្តាហ៍​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​០១​តុលា ដែល​ជា​រដូវ​ទេសចរណ៍​ដ៏​ធំ​មួយ​ព្រម​ទាំង​ថ្ងៃ​ឈប់សម្រាក​ពាក់កណ្តាល​ស​រ​ទ​​រដូវ​នៅ​សប្តាហ៍​ក្រោយ​។​

​ការផ្ទុះ​ជំងឺ​ចុង​ក្រោយ​នៅ​ខែ​កក្កដា​ដល់​ខែ​មុន បាន​នាំ​ដល់​ការ​រឹតបន្តឹង​ចរាចរណ៍​មនុស្ស​នៅក្នុង​ទីក្រុង​ខ្លះ ដែល​បាន​ធ្វើអោយ​ប៉ះពាល់​វិស័យ​ទេសចរណ៍ សណ្ឋាគារ​និង​គមនាគមន៍​ព្រមទាំង​ព​ន្យឺ​​ត​កំណើន​នៃ​ការ​លក់រាយ​។​

​ទោះជា​ការឆ្លង​ស្ទើរ​ទាំងអស់​នៅ​ដំណាក់កាល​ចុងក្រោយ​នេះ​ត្រូវបាន​គេ​រាយការណ៍​នៅតែ​ក្នុង​ខេត្ត​ហ្វ៊ុយ​ជៀ​នភាគ​អាគ្នេយ៍ ក៏​ទីក្រុង​ជី​លីន​នៅ​ភាគ​ឦសាន ក្រុង​ម៉ា​វ​មិញ​និង​ក្វាង​ចូ​វ​នៅ​ភាគ​ខាង​​ត្បូង​ចិន បាន​ណែនាំ​ប្រជាជន​កុំ​អោយ​ធ្វើ​ដំណើរ​មិន​ចាំបាច់​ចេញ​ពី​ខេត្ត​របស់​គេ​។​ខេត្ត​សាន់​ស៊ី និង​ហេ​ឡុង​ជាំ​ង​ក៏​បាន​ចេញ​សេចក្តីណែនាំ​ស្រដៀង​គ្នា​។​

​ទីក្រុង​ជី​ហ្វឹង​និង​ហូ​ហុត​នៅ​តំបន់​ម៉ុង​ហ្គោលី​ខាង​ក្នុងនៅ​ភាគ​ខាងជើង​ប្រទេស​ក៏បាន​ណែនាំ​ប្រជាជន​អោយ​នៅ​ផ្ទះ​ក្នុងអំឡុងពេល​ឈប់សម្រាក​ថ្ងៃបុណ្យ​នេះ​នៅ​ពេល​ទីក្រុង​សៀន​ក្នុង​ខេត្ត​​សាអាន់​ស៊ី​ប្រាប់​អ្នកស្រុក​កុំអោយ​ចេញ​ពី​ក្រុង​បើ​មិន​មាន​ភាពចាំបាច់​។​

​ចិន​កាលពី​ថ្ងៃ​ពុធ​បានប្រកាសថា អ្នក​ឆ្លងកូវី​ដ​១៩​ក្នុងស្រុក​ថ្មី​ចំនួន​៥០​នាក់​ត្រូវបាន​កត់ត្រា​ឃើញ​សំរាប់​ថ្ងៃ​អង្គារ​បន្ទាប់ពី​ឆ្លង​៥៩​នាក់​កាល​ពី​មួយ​ថ្ងៃមុន ហើយ​អ្នក​ឆ្លង​ទាំងអស់​នៅក្នុង​ខេត្ត​​ហ្វ៊ុយ​ជៀន​។​

​គិត​មក​ត្រឹម​ថ្ងៃ​អង្គារ ចិន​មាន​អ្នក​ឆ្លងកូវី​ដ​១៩​សរុប ៩៥.៤១៣​នាក់​និង​៤.៦៣៦​នាក់​ស្លាប់​ដោយ​ជំងឺឆ្លង​សកល​នេះ​៕

​ពេទ្យ​ធ្វើតេស្តិ៍​រក​កូវី​ដ​១៩​ក្នុងចំណោម​អ្នកក្រុង​សៀ​មិន នៃ​ខេត្ត​ហ្វ៊ុយ​ជៀន កាល​ពី​ថ្ងៃ​១៤​កញ្ញា​