​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ពី​សត្វ​ឆ្កែ​ដែល​មាន​ត្រចៀក​វែង​បំផុត​រហូត​ដល់​ក្មេង​ជំទង់​ខ្ពស់​ជាងគេ​បំផុត​នៅលើ​ពិភពលោក​កំណត់ត្រា​ពិភពលោក​ហ្គី​ណេ​ស​បាន​បង្ហាញ​ពី​​ការ​បំបែក​ឯតទគ្គ​កម្ម​ចុង​ក្រោយ​របស់​ខ្លួន​នៅក្នុង​សៀវភៅបោះពុម្ព​ដ៏​ពេញ​និយម​របស់​ខ្លួន​កំណែ​ឆ្នាំ ២០២២ ។​

​សៀវភៅ​ប្រចាំឆ្នាំ ដែល​គ្រោង​ចេញផ្សាយ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បង្ហាញ​ពី​កំណត់ត្រា​ជាច្រើន​រួម​ទាំង​ការដើរ​ដោយ​ប្រើ​ដៃ​លឿន​បំផុត​និង​ការ​លោត​អន្ទាក់​ដោយ​ប្រើ​សក់ក្រង​ខ្លួនឯងបាន​ច្រើន​​ដង​បំផុត​ក្នុង​រយៈពេល ៣០ វិនាទី​។​

​កីឡាការិនី​អង់គ្លេស បេថា​នី ឡុច ដែលជា​អ្នក​ហាត់​កាយសម្ព័ន្ធ​តាំងពី​នៅ​ក្មេង បាន​ដណ្តើម​ជើងឯក​ខាង​ដាំដូង​ចម្ងាយ ១០០ ម៉ែត្រ​ឆ្ពោះទៅមុខ​លឿន​បំផុត​ក្នុង​រយៈពេល ៤២,៦៤ វិនាទី និង ការ​ដាំដូង​ថយក្រោយ​លឿន​បំផុត​ក្នុង​រយៈពេល​តែ ៣០,៥ វិនាទី​។​

​ជនជាតិ​អាម៉េរិក ឈ្មោះ ហ្ស៊ី​យ៉ន់ ក្លា​ក ដែល​កើតមក​គ្មាន​ជើង បានឈ្នះ​ការរត់​ចម្ងាយ ២០ ម៉ែត្រ​ដោយ​ប្រើ​ដៃ​លឿន​បំផុត ដោយ​សម្រេច​រឿង​អស្ចារ្យ​នេះ​បាន​ក្នុង​ថេរវេលា ៤,៧៨ វិនាទី​។​

​នាង ឡេ​ទីធ្យា គី មកពី​ប្រទេស​កូត​ឌី​វ័រ បាន​បង្កើត​ឯតទគ្គ​កម្ម​សម្រាប់​ការ​លោតអន្ទាក់​លើ​សក់ក្រង​ដ៏​វែង​របស់​នាង​ផ្ទាល់​បាន​ច្រើនដង​បំផុត​ក្នុង​រយៈពេល ៣០ វិនាទី គឺ ៦០ ដង​។​

​ពានរង្វាន់​យុវវ័យ​ដែល​មាន​កម្ពស់​ខ្ពស់​ជាងគេ (​បុរស​) បាន​ទៅ​លើ​ជនជាតិ​អាម៉េរិក​ឈ្មោះ អូ​លី​វី​យ៉េ រុយ ដែល​មាន​កម្ពស់ ២២៦,៩ សង់ទីម៉ែត្រ​។​

​សុនខ​ឈ្មោះ លូ ដែល​ម្ចាស់​របស់​វា​ជា​ជនជាតិ​អាម៉េរិក​ឈ្មោះ ផេ​ក អូ​ល​សិន បាន​ដណ្តើម​កំណត់ត្រា​ពិភពលោក​សម្រាប់​ត្រចៀក​វែង​បំផុត​។ ត្រចៀក​របស់​វា​មាន​ប្រវែង ៣៤ សង់ទីម៉ែត្រ​។​

​ឆ្កែ​និង​ឆ្មា​ឈ្មោះ ឡូ​លី​ផប់ និង សា​ស៊ី​មី មកពី​ប្រទេស​កាណាដា​ទទួលបាន​កំណត់ត្រា​ជិះ Scooter លឿន​បំផុត​ក្នុង​ចម្ងាយ ៥ ម៉ែត្រ​រួមគ្នា ដោយ​ប្រើ​ពេល ៤,៣៧ វិនាទី​៕

​កំណត់ត្រា​ពិភពលោក​ហ្គី​ណេ​ស​បាន​បង្ហាញ​ពី​ការ​បំបែក​ឯតទគ្គ​កម្ម​ចុង​ក្រោយ​របស់​ខ្លួន​នៅក្នុង​សៀវភៅបោះពុម្ព​ដ៏​ពេញ​និយម​របស់​ខ្លួន​កំណែ​ឆ្នាំ ២០២២