​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ជើងហោះហើរ​ឯកជន​លើកដំបូង​របស់​ក្រុមហ៊ុន SpaceX​ត្រូវ​បាន​បាញ់​បង្ហោះ​កាលពី​យប់​ថ្ងៃ​ពុធ​ទី​១៥​កញ្ញា​ជា​មួយ​អ្នកឈ្នះ​ការប្រកួតប្រជែង​​ចំនួន​ពីរ​នាក់ គឺ​បុគ្គលិក​ថែទាំ​សុខភាព​ម្នាក់ និង អ្នក​ឧបត្ថម្ភ​ដ៏​មាន​ស្តុកស្តម្ភ​របស់គេ ដែល​នេះ​ជា​ការបោះ​ជំហាន​មហិច្ឆតា​បំផុត​ក្នុង​វិស័យ​ទេសចរណ៍​អវកាស​។​

​នេះ​ជា​លើកទីមួយ​ហើយ​ដែល​រ៉ុក្កែត​ហោះ​ឆ្ពោះទៅកាន់​ដង​តារាវិថី​ជាមួយ​អវកាសយានិក​ថ្មីថ្មោង​ទាំងអស់ ដោយ​គ្មាន​អវកាសយានិក​អាជីព​នោះទេ​។​

​បុរស​ពីរ​នាក់​និង​ស្ត្រី​ពីរ​នាក់​នៅលើ​យាន Dragon នឹង​ចំណាយ​ពេល​បី​ថ្ងៃ​ហោះ​ក្រឡឹង​ជុំវិញ​ផែនដី​ពី​គន្លង​ខ្ពស់​ខុស​ពី​ធម្មតា គឺ ១៦០ គីឡូម៉ែត្រ​ខ្ពស់ជាង​ស្ថានីយ​អវកាស​អន្តរជាតិ​មុន​ពេល​​វា​ចុះចត​លើ​សមុទ្រ​ផ្លរីដា​នៅ​ចុង​សប្តាហ៍​នេះ​។​

​នាំមុខ​គេ​នៅលើ​យាន​នេះ​គឺ​លោក ចា​រ៉េត អ៊ី​ហ្សាក​ម៉ាន អាយុ ៣៨ ឆ្នាំ ដែល​បាន​បង្កើត​ទ្រព្យសម្បត្តិ​របស់​គាត់​ជាមួយ​ក្រុមហ៊ុន​ដំណើរការ​ទូទាត់​ប្រាក់​ដែល​គាត់​បាន​បើក​តាំងពី​គាត់​នៅ​​វ័យ​ជំទង់​។​

​វា​ជា​ការ​ហក់​ចូល​ប្រកួតប្រជែង​ផ្នែក​អវកាស​ជា​លើកដំបូង​របស់​ស្ថាបនិក​ក្រុមហ៊ុន SpaceX លោក អេ​ឡុន ម៉ាស​។ លោក​អ៊ី​ហ្សាក​ម៉ាន​គឺជា​មហា​សេដ្ឋីទី​បី​ដែល​បាន​ហោះ​ទៅ​ទី​អវកាស​នៅ​រដូវ​​ក្តៅ​នេះ បន្ទាប់ពី​លោក​រី​ឆាត ប្រ៊ែន​សុន ម្ចាស់​ក្រុមហ៊ុន Virgin Galactic និង លោក ជេ​ហ្វ បេ​ហ្សូ​ស ម្ចាស់​ក្រុមហ៊ុន Blue Origin កាលពី​ខែ​កក្កដា​។​

​អ្នកចូលរួម​ជាមួយ​លោក​អ៊ី​ហ្សាក​ម៉ាន​ក្នុង​ដំណើរ​ដែល​មានឈ្មោះ​ថា Inspiration4 គឺ​នាង ហៃ​លី អា​សិន​នូ អាយុ ២៩ ឆ្នាំ ជា​អ្នក​រស់រានមានជីវិត​ពី​ជំងឺ​មហារីក​ពី​កុមារភាព​ដែល​ធ្វើ​​ការ​ជា​ជំនួយការ​គ្រូពេទ្យ​នៅ​កន្លែង​ដែល​នាង​ទទួល​ការព្យាបាល គឺ មន្ទីរពេទ្យ​ស្រាវជ្រាវ​សេន​ជូត​កុមារ​នៅ​ទីក្រុង​ម៉េ​ម​ហ្វីស រដ្ឋ​ថេន​ណេ​ស៊ី​។ លោក​អ៊ី​ហ្សាក​ម៉ាន​បាន​សន្យា​បរិច្ចាគ ១០០​លាន​ដុល្លារ​​ពី​ហោប៉ៅ​ផ្ទាល់ខ្លួន​របស់​គាត់​ដល់​មន្ទីរពេទ្យ ហើយ​កំពុង​ព្យាយាម​បរិច្ចាគ​ថែម ១០០ លាន​ដុល្លារ​ទៀត​។​

​អ្នករួមដំណើរ​ពីរ​នាក់​ទៀត​គឺ អ្នកឈ្នះ​ការ​ប្រណាំងសេះ​ទាំង​ពីរ​នាក់ ឈ្មោះ គ្រីស សេម​ប្រូ​ស្គី អាយុ​៤២ ឆ្នាំ ជា​វិស្វករ​ទិន្នន័យ​នៅ​ទីក្រុង​អេ​វើ​រ៉េត រដ្ឋ​វ៉ាស៊ីនតោន និង ឈ្មោះ សៀន ប្រុក​ទ័រ អាយុ ៥១ ឆ្នាំ ជា​គ្រូ​វិទ្យាល័យ​នៅ​ទីក្រុង​ថេម​ប៉េ រដ្ឋ​អា​រី​ហ្សូ​ណា​៕

​យាន​រ៉ុក្កែត Falcon 9 ដឹក​ជន​ស៊ីវិល​បួន​នាក់​ទៅ​ទី​អវកាស​កាលពី​យប់​ថ្ងៃ​ពុធ

​អ្នកដំណើ​រទាំង​៤​នាក់​ត្រៀម​ចេញដំណើរ​