ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈចាប់តាំងពីថ្ងៃទី ១៥ ខែកញ្ញាមកម្ល៉េះ ឃុំចំនួនបីរួមមាន ឃុំសឿ ,ឃុំចំណោម និងឃុំរហាត់ទឹក នៃស្រុកមង្គលបូរី ទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង បណ្តាលឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ ប្រចាំថ្ងៃ និងខូចខាតផ្លូវគមនាគមន៍មួយចំនួនផងដែរ។នេះបើតាមលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើង លេខ៥១ អះអាង។

លោកបានបន្តថាកងកម្លាំងអន្តរាគមន៍របស់កងពលបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការជួយសង្រ្គោះឱ្យបានទាន់ពេលវេលា តាមសំណូមពរអាជ្ញាធរមូលដ្ឋានដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋ ។

ចំណែកលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីជម្រាបកិច្ចប្រជុំត្រួតពិនិត្យផែនការត្រៀមឆ្លើយតបគ្រោះមហន្តរាយ ទឹកជំនន់នៅសាលាខេត្តបន្ទាយមានជ័យនារសៀលថ្ងៃទី១៦ ខែកញ្ញានេះ ថា មកទល់ថ្ងៃនេះ ស្ថានភាពទឹកនៅ ស្រុកមង្គលបូរី មិនទាន់មានផលប៉ះពាល់លិចលង់ មនុស្ស សត្វ ដំណាំស្រូវ បន្លែ នោះទេ ។លោកបានបន្តថា សម្រាប់ ពលរដ្ឋ១៥គ្រួសាររស់នៅឃុំសឿដែលឃើញលំនៅឋានពួកត្រូវទឹកលិចទីធ្លានិងក្រោមផ្ទះនោះគឺពួកគាត់រស់នៅមាត់ស្ទឹង តំបន់ទំនាបណាស់ ។ពោលគឺឱ្យតែមានទឹកជិតពេញពោះស្ទឹង លំនៅឋានទាំងនោះ នឹងជួបស្ថានភាពដូច្នេះរាល់ឆ្នាំ ៕សរន