ដោយៈ មុនី​រ័ត្ន​/ ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ឆ្លើយតប​ទៅ​អ្នកវិនិយោគទុន​ចិន​ចំនួន ពីរ​នាក់ ឈ្មោះ Qiong Ye និង​ឈ្មោះ Jianping Yang ដែលជា​សហ​នាយក នៃ​ក្រុមហ៊ុន​ទូរគមនាគមន៍​កម្ពុជា ដែល​បានដាក់​ពាក្យបណ្តឹង​ប្រឆាំងនឹង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ទៅកាន់ ឮ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ពាក់ព័ន្ធ​នឹង​ការដកហូត​អាជ្ញាប័ណ្ណ កិច្ចព្រមព្រៀង​វិនិយោគ​អាស៊ាន​-​ចិន​ឆ្នាំ​២០០៩​គឺ​ដោយសារ​ក្នុង​រយៈពេល​ចាប់ផ្តើម អាជីវកម្ម​ឆ្នាំ ឮ​ផ្តល់​សេវា​ទូរស័ព្ទ​និង​សេវា​អ៊ីនធឺណិត គឺ​ក្រុមហ៊ុន​មិនបាន​បង់​ចំណូល​បែងចែក​ចូលមក​ក្រសួង​ជាង ពីរលាន​ដុល្លារ​។​

លោក ជា វ៉ាន់ដេត រដ្ខមន្រ្តីក្រសួងប្រៃសំណីយ៍និងទូរគមនាគមន៍(រូបថតឯកសារ)

​នៅក្នុង​កិច្ចសម្ភាសន៍​ផ្តាច់មុខ​ជាមួយ​រស្មី​កម្ពុជា នា​យប់​ថ្ងៃទី​១៦ ខែកញ្ញា នេះ លោក​ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​មានប្រសាសន៍ថា នៅក្នុង​អាស៊ាន​មាន​កិច្ចព្រមព្រៀង​មួយ​ហៅថា​កិច្ចព្រមព្រៀង អាស៊ាន​ចិន​លើ​ការវិនិយោគ​ដូច្នេះ​គាត់​ត្រូវ​ប្តឹងទៅ​អាជ្ញាកណ្តាល​អន្តរជាតិ​ពិនិត្យមើល​ការវិនិយោគ​របស់គាត់​។ ការប្តឹង​នេះ​គាត់​មាន​សិទ្ធិ​ប្តឹង ប៉ុន្តែ​រដ្ឋាភិបាល​ក៏មាន​សិទ្ធិ​ដកហូត​អាជ្ញាប័ណ្ណ​របស់គាត់​ហើយ​ការដែល​ក្រសួង​ដកហូត អាជ្ញាប័ណ្ណ​នេះ​ដោយសារ​ក្នុង​រយៈពេល​ចាប់តាំងពី​គាត់​ចាប់ផ្តើម​អាជីវកម្ម​ឆ្នាំ​២០១៦​ដែល​ក្រុមហ៊ុន​គាត់​ចាប់ផ្តើម​ផ្តល់​សេវា​ទូរស័ព្ទ​ហើយ​និង​ផ្តល់​សេវា​អ៊ីនធឺណិត​គឺ​ក្រុមហ៊ុន​មិនដែល​បង់លុយ​ឲ្យ​មក​ក្រសួង​ទេ​ទោះបីជា​ក្រសួង​បាន​សរសេរ​សំបុត្រ ក្រើនរម្លឹក ៦ ,៧​ដង​និង​ហៅ​មក​ណែនាំ​ផង​ព្រមាន​ផង​ឲ្យ​បង់លុយ​ក៏ប៉ុន្តែ​គាត់​មិន​ព្រម​បង់​។​ហើយ​នៅពេលដែល​លោក ចូល​មកដល់​ក្រសួង លោក​ក៏​ជួប​ជាមួយ​ពួកគាត់​ប្រាប់​ឲ្យ​បង់លុយ គាត់​ក៏​នៅតែ​មិន​បង់ ហើយ​ចុងបញ្ចប់​គាត់​ប្រកែក​ថា គាត់​អត់​មាន​ត្រូវ​បង់លុយ​ឲ្យ​រដ្ឋ​ទេ​។

លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា​យើង​បាន​រកឃើញ​ភស្តុតាង​ទាំងអស់​គឺ​គាត់​ត្រូវ​បង់​ជាង​ពីរលាន​ដុល្លារ​។​ប៉ុន្តែ​គាត់​អត់​ព្រម​។ ដូច្នេះ​បើ​គាត់​រកស៊ី​នៅ​ស្រុក​ខ្មែរ​គាត់​អត់​បង់លុយ យើង​មាន​ជម្រើស​ណា​ក្រៅពី​លុប​អាជ្ញាប័ណ្ណ​គាត់​ចោល​។​អាជ្ញាប័ណ្ណ គាត់​បានបញ្ជាក់​ច្បាស់​ណាស់​ថា អត់​បង់លុយ​តែមួយ​ឆ្នាំ អត់​ដំណើរការ មួយឆ្នាំ​យើង​មាន​សិទ្ធិ​ដកហូតយក​មកវិញ បាន​។ ជា​សិទ្ធិ​របស់គាត់​ក្នុងការ​ប្តឹង ប៉ុន្តែ​យើង​មាន​សិទ្ធិ​នៅក្នុង​ការដកហូត​នៅ​ក្រុមហ៊ុន​ណា​ដែល​អត់​បង់លុយ​ឲ្យ​រដ្ឋ​។​

លោក ជា វ៉ាន់​ដេ​ត បាន​មានប្រសាសន៍​បន្តថា កត្តា​ដែល​ក្រសួង​ដក​អាជ្ញាប័ណ្ណ​គឺ​គាត់​អត់​បង់​ចំណូល​បែងចែក​ចូលមក ក្រសួង គាត់​អត់​បង់ក​ម្រៃ (​លេខ​ទូរស័ព្ទ​ចូលមក​ក្រសួង​) ហើយ​មិន​ព្រម​ទទួលស្គាល់ថា​គាត់​ត្រូវ​បង់​ចំណូល​ចូលមក ក្រសួង​លុប​អាជ្ញាប័ណ្ណ​របស់គាត់​ចោល ដោយសារតែ​គាត់​អត់​មាន​គោរព​តាម​អាជ្ញាប័ណ្ណ​មិនដែល​ធ្វើ​របាយការណ៍ ហិរញ្ញវត្ថុ​មក​ក្រសួង​ដែរ​។

រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​បញ្ជាក់ថា ទាក់ទង​ករណីនេះ ក្រសួង​បាន​គោរព​សុំ​គោលការណ៍​ថ្នាក់ដឹកនាំ​ដើម្បី​បង្កើត​ក្រុមការងារ​អន្តរក្រសួង​មួយ​ដើម្បី​ពិនិត្យ​លើ​ករណីនេះ ក្រសួង​បាន​ជួល​ក្រុមហ៊ុន​អន្តរជាតិ​ធំ​មួយ​ដើម្បី​ការពារ​ក្តី បន្ទាប់មកទៀត​នឹង​រៀបចំ​បន្ត​តាម​ទារបំណុល​របស់​យើង​ជា​បន្តបន្ទាប់​ទៅទៀត បន្ទាប់ពី​ករណីនេះ ត្រូវបាន​អាជ្ញាកណ្តាល​អន្តរជាតិ​សម្រេច​ថា​ឲ្យ​យើង​ឈ្នះ យើង​នឹង​តាម​ទារបំណុល​គាត់​ទៀត​។

ជនជាតិ​ចិន​ទាំងពីរ​នាក់​នេះ បង្កើត​ក្រុមហ៊ុន​នៅ​ហុងកុង ហើយ​ក្រុមហ៊ុន​នៅ​ហុងកុង​នោះ​បានមក​វិនិយោគ​នៅ​កម្ពុជា ហើយ​នៅក្នុង​រយៈពេល​វិនិយោគ​ក្រុមហ៊ុន​បាន​ជំពាក់​លុយ​គេ​ច្រើន ហើយ​គាត់​គ្មាន​លទ្ធភាព​នៅក្នុង​ការវិនិយោគ ហើយ​បាន​រត់​ចេញពី​កម្ពុជា​ទៅ​ប្រទេស​ចិន ។​
លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ក្រោយពី​លោក​ចូលមក​កាន់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​គឺ​បាន​ខំធ្វើការ​កែទម្រង់ គោរព​ច្បាប់​ហើយក៏​តម្រូវ​ឲ្យ​ក្រុមហ៊ុន​គោរព​ច្បាប់​ដែរ​មាន​ក្រុមហ៊ុន​មួយចំនួន​រិះរក​មធ្យោបាយ​និយាយ​ពី​អវិជ្ជមាន​ពី​ក្រសួង ។​ប៉ុន្តែ​ការពិត​ក្រសួង​បានធ្វើ​ការងារ​ជាច្រើន​ដើម្បី​អភិវឌ្ឍន៍​ក្រសួង​ដើម្បី​អភិវឌ្ឍន៍​វិស័យ​ទូរគមនាគមន៍ និង​កំពុងតែ​អនុវត្ត​នូវ​អ្វីដែល​ហៅថា ធ្វើ​ឲ្យ​ប្រសើរឡើង​នៅ​សេវា​ទូរគមនាគមន៍ និង​ចាត់វិធានការ​ចំពោះ​ក្រុមហ៊ុន​ណា​មិន​អនុវត្តតាម​អ្វីដែល​ហៅថា ការផ្តល់សេវា​ឲ្យ​បានល្អ​ដល់​ប្រជាពលរដ្ឋ ដូច​បានដឹង​ហើយ​សេវា​ទូរស័ព្ទ​អត់​បានល្អ​ទេ ។​ពួកគាត់​គិតតែ​ពី​រក​ចំណូល​ដាក់ចូល​ក្នុង​ហោប៉ៅ ដោយ​អត់​មានការ​វិនិយោគ​។ ដូចជា​ក្រុមហ៊ុន​បរទេសមួយ​នៅ​កម្ពុជា គឺ​កេងប្រវ័ញ្ច​ពី​ប្រជាជន​ខ្មែរ​ច្រើនណាស់ ដោយ​ក្រសួង​បាន​រកឃើញ​នឹង​ចាត់វិធានការ​ជា​បន្តបន្ទាប់​ទៀត​។​

​សូមជម្រាបថា អ្នកវិនិយោគទុន​ចិន​ចំនួន ០២​នាក់ ឈ្មោះ Qiong Ye និង​ឈ្មោះ Jianping Yang ដែលជា​សហ​នាយក នៃ​ក្រុមហ៊ុន​ទូរគមនាគមន៍​កម្ពុជា កាលពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២១ បានដាក់​ពាក្យបណ្តឹង​ប្រឆាំងនឹង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ទៅកាន់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ពាក់ព័ន្ធ​នឹង​ការដកហូត​អាជ្ញាប័ណ្ណ «​កិច្ចព្រមព្រៀង​វិនិយោគ​អាស៊ាន​-​ចិន​ឆ្នាំ​២០០៩» របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ មិន​ឱ្យធ្វើ​ប្រតិបត្តិការ តាម​កិច្ចព្រមព្រៀង​របស់​ភាគី​ទាំងពីរ​៕​សរន​