ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២១ស្អែកនេះនឹងអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំដល់ក្រោម១២ឆ្នាំ ។

ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុ ៦ឆ្នាំដល់ ក្រោម១២ឆ្នាំនឹងធ្វើឡើងនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី។ជាមួយនឹងការប្រកាស បើកយុទ្ធនការចាក់វ៉ាក់សាំងជូនកុមារអាយុពី ៦ឆ្នាំដល់ក្រោម ១២ឆ្នាំ សម្តេចតេជោ ហ៊ុន សែន នឹងធ្វើសន្និសីទសារព័ត៌មាននៅទីនោះផងដែរ ។

សម្តេចតេជោ ហ៊ុន សែន តាមរយៈសារសំឡេងដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី១៥ ខែកញ្ញា បានគូសបញ្ជាក់ ថា វ៉ាក់សាំងប្រើសម្រាប់ចាក់ជូនកុមារអាយុពី ៦ឆ្នាំទៅ ១២ឆ្នាំនេះគឺជាវ៉ាក់សាំងស៊ីណូវ៉ាក់ដែលជាវ៉ាក់សាំងផលិតដោយ ក្រុមហ៊ុនចិន។ សម្តេចបានគូសបញ្ជាក់ក្នុងសារសំឡេងនោះថាកុមារអាយុចន្លោះពី ៦ឆ្នាំ ទៅ ១២ឆ្នាំនេះ មានចំនួនប្រមាណ១លាន៨សែននាក់ ។ សម្តេចតេជោបានបន្តថាការចាក់វ៉ាក់សាំងជូនដល់កុមារអាយុចន្លោះពី ៦ឆ្នាំ ទៅ១២ឆ្នាំនេះគឺដើម្បីបង្កើតភាពស៊ាំក្នុងសង្គមឱ្យ កាន់តែធំដែលអាចឈានទៅបើកលំហរសកម្មភាពក្នុងសង្គមឱ្យកាន់តែទូលាយ។បន្ថែមពីលើនេះគោលដៅសំខាន់ក្នុងការចាក់វ៉ាក់សាំងនេះដើម្បីឱ្យកុមារតូចៗអាចចូល រៀននៅសាលាឡើងវិញ ។

គិតត្រឹមថ្ងៃទី១៦ ខែកញ្ញាអ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេសក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង ,អ្នកចាក់ដូសទី១ ចំនួន ៩ ៨០៥ ១០៩ នាក់និងអ្នកចាក់ដូសទី២ ចំនួន ៨ ៧៦៧ ៧៤០ នាក់ ស្មើនឹង ៩៨.០៥% នៃប្រជាជនគោលដៅសរុប១០លាននាក់ ។ អ្នកចាក់ដូសទី៣ចំនួន ៨០៦ ៧១៧ នាក់ ។
កុមារ និងយុវវ័យអាយុពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ អ្នកចាក់ដូសទី១ ចំនួន ១ ៧២១ ៩២៤ នាក់ និង អ្នកចាក់ ដូសទី២ ចំនួន ១ ២៣៦ ៥៩៤ នាក់ស្មើនឹង ៨៧.៥៤% នៃក្រុមគោលដៅសរុបជិត០២លាននាក់។ ប្រៀប ធៀបនឹងប្រជាជនសរុប ១៦លាននាក់ ស្មើនឹង ៧២.០៤%៕