ដោយ/ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា​/ភ្នំពេញៈមជ្ឈមណ្ឌល​ឯកសារ​កម្ពុជា សហការ​បង្កើត​កម្មវិធី​វិទ្យុ​ជាមួយ​ស្ថានីយ​វិទ្យុ​អេ​ហ្វ​អឹម​ជាតិ ភ្នំ​ក្រាំង​ដី​មាស ខេត្តកំពង់ឆ្នាំង សម្រាប់​ផ្សព្វផ្សាយ​កម្មវិធី​អប់រំ​ស្តីអំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និង​លើកកម្ពស់​សិទ្ធិ​និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​សុខភាព​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម ដែល​ប្រព្រឹត្ត​ទៅជា​រៀងរាល់ថ្ងៃ​ចន្ទ​ដល់​សុក្រ ពី​ម៉ោង​១២​ថ្ងៃត្រង់​ដល់​ម៉ោង​១​រសៀល ហើយ​ចាក់ផ្សាយ​ឡើងវិញ​នៅ​រៀងរាល់ថ្ងៃ​សៅរ៍​និង​អាទិត្យ ចាប់តាំងពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២២​។

សេង លីរតនៈ អ្នកសម្របសម្រួលកម្មវិធីវិទ្យុអេហ្វអឹមជាតិ ភ្នំក្រាំងដីមាស ខេត្តកំពង់ឆ្នាំង

ការផ្សាយ​នេះ ផ្តោតជាសំខាន់​ទៅលើ​៖ (១) បទពិសោធន៍​ឆ្លងកាត់​របប​ខ្មែរក្រហម និង​បង្ហាញ​ពី​វិធីសាស្ត្រ​បង្រៀន​មេរៀន​ប្រវត្តិសាស្ត្រ​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ ទៅកាន់​អ្នក​ស្តាប់​ដែលជា​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម និង​ក្មេងៗ​ជំនាន់​ក្រោយ​។ (២) ការលើកកម្ពស់​សិទ្ធិ​និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​សុខភាព​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម និង​ជនពិការ និង​(៣) ការ​ផ្តល់នូវ​កិច្ចការ​ស្រាវជ្រាវ​នៅតាម​មូលដ្ឋាន ជាពិសេស​នៅតាម​សហគមន៍​ដាច់ស្រយាល ស្តីអំពី​ស្ថានភាព​សុខភាព​របស់​អ្នក​រស់រានមានជីវិត​និង​ជនពិការ​ពី​របប​ខ្មែរក្រហម​។

​សម្រាប់​ការផ្សាយ​ពី​នាទី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ គ្រូបង្រៀន​មុខវិជ្ជា​ប្រវត្តិវិទ្យា និង​ជា​អ្នក​ដែល​ធ្លាប់​បង្រៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៅតាម​សាលារៀន​នានា​ក្នុង​ទូទាំងប្រទេស​កម្ពុជា ចូលរួម​ជា​វាគ្មិន​ប្រចាំថ្ងៃ​សម្រាប់​ការពិភាក្សា​ពី​មាតិកា​ប្រវត្តិសាស្ត្រ វិធីសាស្ត្រ​បង្រៀន និង​បទពិសោធន៍​ផ្ទាល់ខ្លួន​ឆ្លងកាត់​របប​ខ្មែរក្រហម តាម​ការរៀបចំ​របស់​កម្មវិធី​វិទ្យុ​ដូចតទៅ​៖ (១) អធិប្បាយ​ដោយ​សង្ខេប​ពី​មេរៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ ដោយ​ប្រើប្រាស់​ជំពូក​នៃ​មេរៀន​ទាំងអស់​ដែលមាន​នៅក្នុង​សៀវភៅ «​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​(១៩៧៥-១៩៧៩)»​។ (២) ពន្យល់​ពី​វិធីសាស្ត្រ​បង្រៀន​នៃ​មេរៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ ដោយ​ប្រើប្រាស់​សៀវភៅ «​ណែនាំ​សម្រាប់​គ្រូបង្រៀន ស្តីពី​ការបង្រៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​»​។ (៣) វេទិកា​ពិភាក្សា និង​ផ្តល់​ចម្លើយ​ចំពោះ​សំណួរ​ដែលមាន​ពី​អ្នក​ស្តាប់​។ (៤) និយាយ​ពីបទ​ពិសោធន៍​ផ្ទាល់ខ្លួន​ឆ្លងកាត់​របប​កម្ពុជា​ប្រជាធិបតេយ្យ ដើម្បី​ជា​ឧទាហរណ៍​បន្ថែម​ទៅលើ​មេរៀន​ប្រវត្តិសាស្ត្រ និង​(៥) ពិភាក្សា​ពី​កិច្ចការ​ស្រាវជ្រាវ​ទាក់ទង​នឹង​ប្រធានបទ «​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ក្នុង​របប​ខ្មែរក្រហម​» តាមរយៈ​សំណេរ​ស្រាវជ្រាវ វីដេអូ​ឯកសារ និង​ការពិភាក្សា​ផ្ទាល់មាត់​។


ឧបករណ៍ផ្សាយសំឡេងរបស់ស្ថានីយវិទ្យុអេហ្វអឹមជាតិ ភ្នំក្រាំងដីមាស ខេត្តកំពង់ឆ្នាំង។(សេង លីរតនៈ/មជ្ឈមណ្ឌលឯកសារកម្ពុជា)

​សម្រាប់​កម្មវិធី​ផ្សាយ​នាទី​ស្តីពី​ការលើកកម្ពស់​សិទ្ធិ និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​សុខភាព​របស់​អ្នក​រស់រានមានជីវិត​ក្រោយ​របប​ខ្មែរក្រហម អ្នកសម្របសម្រួល​កម្ម​វិធី​វិទ្យុ ដែល​ទទួលបាន​ការចង្អុល​បង្ហាញ​ពី​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​លើ​គម្រោង នឹងធ្វើ​ការពន្យល់​បក​ស្រាយ​ច្បាស់លាស់​ពី​៖ (១) គោលបំណង​របស់​គម្រោង​។ (២) ផែនការ​សកម្មភាព​ការងារ​ដែល​គ្របដណ្តប់​ក្នុង​ទូទាំងប្រទេស​កម្ពុជា​។ (៣) តួនាទី​និង​ភារកិច្ច​របស់​អ្នកស្ម័គ្រចិត្ត​កម្ពុជា​។ (៤) ការពន្យល់​ពី​ការប្រើប្រាស់​ទម្រង់​សំណួរ​ស្ទាបស្ទង់​មតិ​។ (៥) អត្ថប្រយោជន៍​ដែល​អ្នកស្ម័គ្រចិត្ត​កម្ពុជា​នឹ​ិ​ង​ទទួលបាន​ពី​គម្រោង​ដូចជា បទពិសោធន៍​ការងារ ទំនាក់ទំនង​អន្តរ​ជំនាន់​ជាមួយ​អ្នក​រស់រានមានជីវិត ការបំពេញបន្ថែម​នូវ​ចំណេះដឹង​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម និង​ការចូលរួម​ទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​។ (៦) តួនាទី​របស់​អ្នក​រស់រានមានជីវិត​ក្រោយ​របប​ខ្មែរក្រហម​ក្នុងការ​ចូលរួម​សហកា​រ និង​ផ្តល់​មេរៀន​ជីវិត​ផ្ទាល់ខ្លួន​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ដើម្បី​ស្តាប់​និង​រៀនសូត្រ​ក្នុងន័យ​ចងចាំ​និង​ទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍ និង​(៧) អត្ថប្រយោជន៍​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម និង​ជនពិការ ដែល​ទទួលបាន​ពី​គម្រោង​ដូចជា ការទទួលបាន​ការពិនិត្យ​និង​ព្យាបាល​សុខភាព​ជាប្រចាំ​នៅ​មន្ទីរ​ពហុ​ព្យាបាល​ឯកជន​ដែល​បាន​សហការ​ជាមួយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​ការអប់រំ​ពី​បញ្ហា​សុខភាព​ពី​អ្នកជំនាញ​និង​វេជ្ជបណ្ឌិត​ល្បីៗ ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។​

ស្ថានីយវិទ្យុអេហ្វអឹមជាតិ ភ្នំក្រាំងដីមាស មន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង(សេង លីរតនៈ/មជ្ឈមណ្ឌលឯកសារកម្ពុជា)

​សូម​រំ​ឮ​កថា មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ធ្លាប់​បានរៀបចំ​កម្មវិធី​ផ្សាយ​សម្លេង​តាម​វិទ្យុ​ដដែល​នេះ​ម្តង​រួចមកហើយ​កាលពី​ឆ្នាំ​២០១៧-២០១៨ ស្តីអំពី​ការរៀន​និង​បង្រៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ជាមួយ​គ្រូបង្រៀន​មុខវិជ្ជា​ប្រវត្តិវិទ្យា ដែល​ធ្លាប់បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ស្តីអំពី​វិធីសាស្ត្រ​នៃ​ការបង្រៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ និង​ការពិភាក្សា​ពីបទ​ពិសោធន៍​ឆ្លងកាត់​របប​ខ្មែរក្រហម​ជាមួយ​អ្នក​រស់រានមានជីវិត​មកពី​ស្រុក​មួយចំនួន​ក្នុង​ខេត្តកំពង់ឆ្នាំង​។ នៅ​ឆ្នាំ​២០២១​នេះ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​បន្ត និង​ពង្រីក​បន្ថែម​នូវ​កម្មវិធី​លើកកម្ពស់​សិទ្ធិ និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​សុខភាព​របស់​អ្នក​រស់រានមានជីវិត​ក្រោយ​របប​ខ្មែរក្រហម​។​

​ស្រប​ពេលដែល​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បាន​បិទ​បញ្ចប់​កិច្ចការ​របស់ខ្លួន​នៅត្រឹម​ពេលនេះ ស្ថានភាព​សុខភាព​របស់​អ្នក​រស់រានមានជីវិត​ទាំងអស់ កាន់តែ​ត្រូវបាន​លើកកម្ពស់ និង​យកចិត្តទុកដាក់ ហើយ​ស្ថានភាព​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វិដ​-១៩​នាពេល​បច្ចុប្បន្ន ក៏​កាន់តែ​ជម្រុញ​ឲ្យ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា គិតគូរ​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​សុខុមាលភាព​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ទាំងអស់​។ ការផ្សព្វផ្សាយ​កម្មវិធី​តាម​វិទ្យុ​នាពេលនេះ គឺជា​ការចាប់ផ្តើម​ផ្សព្វផ្សាយ​ជា​លើកដំបូង​នៅក្នុង​ខេត្តកំពង់ឆ្នាំង​សម្រាប់​ឆ្នាំ​២០២១ ហើយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នឹង​បន្តធ្វើ​កិច្ចការ​ដូចគ្នានេះ នៅតាម​បណ្តា​ខេត្ត​មួយចំនួនទៀត​ក្នុង​ទូទាំងប្រទេស​៕សរន