ដោយៈ សុផល / ភ្នំពេញ​៖ គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​សន្និសីទ លើក​ទី​៨ គណៈកម្មការ កិច្ចការបរទេស នៃ​សភា កម្ពុជា​-​ឡាវ​-​វៀតណាម (CLV) ស្តីពី «​ការជំរុញ​ភាពជា​ដៃគូ​សភា ដើម្បី​ការអភិវឌ្ឍ ប្រកបដោយ​ចីរភាព និង​ការឆ្លើយតប ចំពោះ​វិបត្តិ​កូ​វីដ​-១៩ ក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម​» នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២១ សប្តាហ៍​ក្រោយ ។​

​យោងតាម​សេចក្តីជូនដំណឹង របស់​អគ្គលេខាធិការ​ដ្ឋា​ន​រដ្ឋសភា កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២១ បានឱ្យដឹងថាៈ នៅក្នុង​ពិធី​បើក​អង្គ​សន្និសីទ ដែល​ធ្វើឡើង​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ នឹងមាន​ការអញ្ជើញ ចូលរួម​ជា​អធិបតីភាព​ដោយ លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​ទី​២ នៃ​រដ្ឋសភា ដែលជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​។​

​ប្រភព​ដដែល បានឱ្យដឹង​ទៀតថាៈ លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា នឹង​ដឹកនាំ​អង្គ​សន្និសីទ ដែលមាន​គណៈប្រតិភូ គណៈកម្មការ​កិច្ចការ បរទេស រដ្ឋសភា នៃ​ប្រទេស ទាំងបី កម្ពុជា​-​ឡាវ​-​វៀតណាម គណៈកម្មាធិការ​សម្របសម្រួល​រួម អនុគណៈកម្មការ​នានា នៃ​តំបន់ត្រីកោណ អភិវឌ្ឍន៍ CLV-DTA កម្ពុជា​-​ឡាវ​-​វៀតណាម ព្រមទាំង​អាជ្ញាធរ ខេត្ត​ជាប់​ព្រំដែន នៃ​ប្រទេស​ទាំងបី ចូលរួម​ផងដែរ​។​

​សូមជម្រាបថាៈ សន្និសីទ​លើក​ទី​៨ គណៈកម្មការ​កិច្ចការបរទេស នៃ​សភា កម្ពុជា​-​ឡាវ​-​វៀតណាម មាន​គោលបំណង ពង្រឹង​ភាពជា​ដៃគូ និង​ទំនាក់ទំនង មិត្តភាព ជា​ប្រពៃណី នៃ​សភា​ប្រទេស​ទាំងបី ព្រមទាំង​ព​ន្លឿ​ន​ការស្ដារ ឡើងវិញ​នូវ​សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ របស់​ប្រជាជន ក្នុង​តំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម ពី​ផលប៉ះពាល់​វិបត្តិ​កូ​វីដ​-១៩៕/V​