​ដោយៈ សុផល / ភ្នំពេញ​៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ចាត់​ឱ្យ​លោកស្រី ពុំ ចន្ទី​នី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ដឹកនាំ​គណៈប្រតិភូ កាកបាទក្រហមកម្ពុជា ចំនួន ១៥​រូប ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ភូមិភាគ​អាស៊ី​-​អាគ្នេយ៍ លើក​ទី​១៨ តាម​អន​ឡាញ (Zoom) ដែល​ប្រព្រឹត្តទៅ​រយៈពេល ២ ថ្ងៃ​គឺ ថ្ងៃទី​១៦-១៧ ខែកញ្ញា ឆ្នាំ​២០២១ ។ កាកបាទក្រហម​ថៃ ធ្វើជា​ម្ចាស់ផ្ទះ ក្នុង​ការរៀបចំ​កិច្ចប្រជុំ ឆ្នាំ​២០២១​នេះ​។​

​កិច្ចប្រជុំ​នេះ បាន​ប្រព្រឹត្តទៅ ក្រោម​ការដឹកនាំ​របស់ លោក Tej Bunnag អគ្គលេខាធិការ សមាគមជាតិ កាកបាទក្រហម​ថៃ និង​អញ្ជើញ​ជា​ភ្ញៀវកិត្តិយស ពី​លោក Francesco Rocca ប្រធាន​សហព័ន្ធ​អន្តរជាតិ នៃ​សមាគម​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម (IFRC) និង​លោក RobertMardini នាយក​ប្រតិបត្តិ គណៈកម្មាធិការ​អន្តរជាតិ កាកបាទក្រហម ព្រមទាំង​អញ្ជើញ ចូលរួម ពី​ថ្នាក់ដឹកនាំ និង​តំណាង​យុវជន នៃ​សមាគមជាតិ ប្រចាំ​ភូមិភាគ​អាស៊ី​-​អាគ្នេយ៍ ទាំង ១១ សមាគមជាតិ​។​

​សម័យប្រជុំ នា​ថ្ងៃទី​១ បាន​ផ្តោត​សំខាន់​លើ បញ្ហា​ប្រឈម​ក្នុង​វិបត្តិ​កូ​វីដ​-១៩ ដែល​សមាគមជាតិ​ទាំង ១១ នៅ​ភូមិភាគ​អាស៊ី​-​អាគ្នេយ៍ ក៏ដូចជា ចលនា​អន្តរជាតិ​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម បាននិងកំពុង ជួបប្រទះ និង​រួម​សហការគ្នា ពង្រឹងកម្លាំង​សាមគ្គីភាព ជាតិ​-​អន្តរជាតិ ដើម្បី​ទប់ស្កាត់ ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩ និង​សង្គ្រោះ​អាយុជីវិត​មនុស្សជាតិ​។

​ជាមួយគ្នានេះ ការបាត់​បង់ជីវិត​ម​នុស្ស ជា​រៀងរាល់ថ្ងៃ ដោយសារតែ​វិបត្តិ​កូ​វីដ​-១៩ អូសបន្លាយ ជម្លោះ​ប្រដាប់អាវុធ គ្រោះមហន្តរាយធម្មជាតិ និង​គ្រោះមហន្តរាយ បង្កឡើង​ដោយ​មនុស្ស ដែលមាន​វិសាលភាព កាន់តែ​ធំ​ឡើងៗ​នោះ ចលនា​អន្តរជាតិ​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ត្រូវតែ​លើកកម្ពស់ គុណ​តម្លៃ​របស់ខ្លួន ក្នុងការ​ពង្រឹង​ភាព​ធន់ នៅតាម​សហគមន៍ និង​បំផុស​កម្លាំង អ្នកស្ម័គ្រចិត្ត និង​យុវជន​ចូលរួម ក្នុង​យុទ្ធនា​ការឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​-១៩ និង​ចូលរួម​ដោះស្រាយ បញ្ហាសំខាន់ៗ ដែលមាន​លក្ខណៈ​ជាស​កល ដូចជា ការប្រែប្រួល​អាកាសធាតុ បញ្ហា​បច្ចេកវិទ្យា និង​ការខិតខំ​កៀរគរ រក​មូលនិធិ ដើម្បី​ធានា​និរន្តរភាព របស់​សមាគមជាតិ ក្នុង​ការបន្ត​ប្រតិបត្តិការ មនុស្សធម៌​។​

​បន្ថែម​ពីនេះ កិច្ចប្រជុំ បាន​ផ្តោតលើ​ការគិតគូរ​រួមគ្នា ការកសាង​សមត្ថភាព របស់​សមាគមជាតិ​នីមួយៗ ក៏ដូចជា​ចលនា​អន្តរជាតិ​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ក្នុងការ​ស្តារឡើងវិញ​នៃ​ស្ថានភាព​កូ​វីដ​-១៩​។ ទន្ទឹមនឹងនេះ កិច្ចប្រជុំ បាន​ចែករំលែក​នូវ បទពិសោធន៍​ល្អៗ កិច្ចសហប្រតិបត្តិការ ការលើកកម្ពស់ ការចាក់​វ៉ាក់សាំង និង​ការចែករំលែក របស់​បណ្តាញ​យុវជន​អាស៊ី​-​អាគ្នេយ៍ ទៅលើ​ការងារ ភាពជា​អ្នកដឹកនាំ វ័យក្មេង​របស់​យុវជន ការចូលរួម​របស់​យុវជន ក្នុងការ​ការពារ​បរិ​ស្ថាន ការទំនាក់ទំនង ក្នុង​ក្របខណ្ឌ​យុវជន សកម្មភាព​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​-១៩ និង​ការគាំទ្រ ផ្នែក​ចិត្តសាស្ត្រ​៕/V​