ដោយៈ បូកគោ / កំពតៈ បរិក្ខារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក៏ដូចជា គ្រឿងឧបភោគបរិភោគ ព្រមទាំង ថវិការបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានបញ្ជូនដល់សាលាខេត្តកំពត ដើម្បីចែកជូនជនរងគ្រោះ បានប្រើប្រាស់បន្ទាន់។
កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ តំណាងរបស់សម្តេចទាំងទ្វេ បាននាំយកអំណោយ ជាម៉ាស់ចំនួន ១០០.០០០ អាល់កុល ចំណុះ ១.០០០ លីត្រ អង្ករទម្ងន់ ២០ តោន និងថវិកា ១០០ លានរៀល ផ្តល់ជូនរដ្ឋបាលខេត្តកំពត ដើម្បីបានប្រើប្រាស់ ក្នុងភាពបន្ទាន់ និងតាមតម្រូវការ ពិសេសរងផលប៉ះពាល់ ដោយវិបត្តិកូវី-១៩។
នាឱកាសទទួលអំណោយដ៏ថ្លៃថ្លា ខាងលើ លោក ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាន៍ថាៈ ក្នុងនាមរដ្ឋបាលខេត្ត លោកសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានបញ្ជូនអំណោយ ដល់រដ្ឋបាលខេត្តកំពត នាពេលនេះ។ សម្តេចទាំងទ្វេ តែងបានគិតគូរ ចំពោះប្រជាពលរដ្ឋ ដែលជួបប្រទះការលំបាក ពិសេសជនរងផលប៉ះពាល់ ដោយសារវិបត្តិ នៃជំងឺកូវីដ-១៩។
លោកអភិបាលខេត្ត បានបញ្ជាក់ថាៈ បរិក្ខារ ក៏ដូចជា គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាទាំងនេះ រដ្ឋបាលខេត្ត នឹងផ្តល់ឱ្យបណ្តាក្រុងស្រុក ដើម្បីចែកជូនជនរងគ្រោះ ចំគោលដៅពិតប្រាកដ ហើយបានទាន់ពេលវេលា ស្របតាមគោលបំណង ប្រកបដោយសប្បុរសធម៌ របស់សម្តេច ជាម្ចាស់អំណោយ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ អ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ មានចំនួន៤.១០៧នាក់ ស្រី២.៣៦៥នាក់។ ក្នុងចំណោមនោះ បានព្យាបាល ឱ្យជាសះស្បើយ ចំនួន ៣.៨១១ នាក់ ស្រី២១៩៤នាក់ កំពុងសម្រាកព្យាបាល២២៤នាក់ ស្រី១២៧នាក់ និងស្លាប់ចំនួន ៧២នាក់ ស្រី៤៣នាក់៕/V