ដោយៈមុនីរ័ត្ន/ភ្នំពេញៈ អភិបាលខេត្តតាកែវបានបញ្ជាឲ្យអភិបាលស្រុកត្រាំកក់ ចុះត្រួតពិនិត្យនិងស្រាវជ្រាវករណី យកគ្រឿងចក្រឈូសឆាយដីរំលោភយកដីចង្កេះភ្នំមួយកន្លែងនៅចំណុច ង៧០ ភូមិបុស្សតាផង់ ឃុំត្រញាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។

លោក  អ៊ូច ភា អភិបាលខេត្តតាកែវ(រូបឯកសារ)
លោកសាយ វណ្ណៈ អភិបាលរងស្រុកត្រាំកក់និងមន្ត្រីមួយចំនួនបានរងការចោទប្រកាន់ថាបានយកគ្រឿងចក្រឈូសឆាយ រំលោភយកដីចង្កេះភ្នំមួយកន្លែង នៅចំណុច ង៧០ ភូមិបុស្សតាផង់ ឃុំត្រញាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នេះបើតាមការបញ្ជាក់របស់ប្រជាពលរដ្ឋ។

លោកអ៊ូច ភា អភិបាលខេត្តតាកែវបានមានប្រសាសន៍បញ្ជាក់ប្រាប់រស្មីកម្ពុជានៅព្រលប់ថ្ងៃទី១៧ ខែកញ្ញាថា ចំពោះ
ករណីនេះ លោកនឹងបញ្ជាឲ្យអភិបាលស្រុកត្រាំកក់ ចុះពិនិត្យស្រាវជ្រាវរឿងននេះ។ “ខ្ញុំអត់ទាន់បានទទួលព័ត៌មាននឹងទេ ចាំមើលឲ្យឲ្យអភិបាលស្រុកត្រាំកក់ចុះស្រាវជ្រាវមើល”។

ចំណែកអភិបាលស្រុកត្រាំកក់ លោកកៅ វគ្គសែល បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជានៅព្រលប់ថ្ងៃទី១៧ខែកញ្ញា នេះថា “ចំពោះករណីនេះ ខ្ញុំកំពុងតែស្រាវជ្រាវ ពីព្រោះខ្ញុំទើបតែទទួលបានព័ត៌មានកាលពីព្រឹកមិញ”។

លោកសាយ វណ្ណៈ អភិបាលរងស្រុកត្រាំកក់មិនអាចសុំការអត្ថាធិប្បាយបានទេទាក់ទងករណីនេះ ៕សរន

ចំណុចង ៧០ ដែលរងការឈូសឆាយ