ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោកស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានគាំទ្រដោយស្មោះអស់ពីចិត្តចំពោះអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ ដែលបានថ្លែងជំរុញបើកទេសចរណ៍ផ្ទៃក្នុងប្រទេស និងយុទ្ធនាការជាតិចាក់វ៉ាក់សាំងជូនកុមារ និងប្រជាពលរដ្ឋកម្ពុជា។
លោកស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា(រូបឯកសារ)
លោក ស សុខា បានសរសេរនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៧ ខែកញ្ញា នេះថា ជាការពិត! ក្នុងបរិបទកូវីដ-១៩ ដែលបានអូសបន្លាយអស់រយៈពេលជិត២ឆ្នាំមកនេះ បានធ្វើអោយប្រជាពលរដ្ឋនៅលើពិភពលោក ក៏ដូចជានៅកម្ពុជាយើង ទទួលរងនូវសម្ពាធផ្លូវចិត្ត មិនថាការប្រកបមុខរបរជួញដូរ ការរស់នៅ ការធ្វើដំណើរក្នុង និងក្រៅប្រទេស ជាពិសេសដំណើរកម្សាន្តនានា ដើម្បីបន្ធូរបន្ថយអារម្មណ៍តានតឹង និងស្ដារជីវភាព ។ល។
លោកបានបន្តថា អនុសាសន៍របស់សម្តេចតេជោ ក្នុងការជំរុញឲ្យមានការបើកទេសចរណ៍ផ្ទៃក្នុងប្រទេស គឺជាគំនិតប្រកបដោយគតិបណ្ឌិត និងការគិតគូរដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋទាំងមូល ព្រោះថាបងប្អូនប្រជាពលរដ្ឋយើង ក៏មានតម្រូវការដើរកម្សាន្តថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យ បន្ធូរបន្ថយបរិយាកាស និង ក៏ជាឱកាសមួយឲ្យពួកគាត់បានយល់អំពីប្រទេសខ្លួនឯង កាន់តែច្រើន ពិសេសក្នុងស្ថានភាពដែលបងប្អូនប្រជាពលរដ្ឋ មិនអាចចេញក្រៅប្រទេសបាន។ ជាងនេះទៅទៀត ការបើកទេសចរណ៍ក្នុងផ្ទៃប្រទេសនេះ ក៏ជាយន្តការធ្វើឱ្យមុខរបរពាក់ព័ន្ធរស់ឡើងវិញផងដែរ។
លោក ស សុខា បានបន្តទៀតថា ទន្ទឹមគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ បាននិងកំពុងខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ ចិត្ត ក្នុងការស្វែងរកវ៉ាក់សាំងការពារកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលជាលទ្ធផល មកដល់ពេលនេះ ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាយើង ជាង ១៦លាននាក់ បានទទួលវ៉ាក់សាំង ៧២ភាគរយហើយ។ ក្នុងនោះសម្តេចតេជោ បានបញ្ជាក់ថា ជាការកំណត់ស្តង់ដារ បើមានវ៉ាក់សាំងដូសទី១ និងដូសទី២ គឺត្រូវតែមានវ៉ាក់សាំងដូសទី៣ ។ រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បច្ចុប្បន្នបាន និងកំពុងសម្រុកធ្វើយុទ្ធនាការជាតិចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនកុមារ ពីអាយុ៦ឆ្នាំ ដល់ ១២ឆ្នាំ ខណៈក្រសួងអប់រំ យុវជន និងកីឡា បើកដំណើរការចូលរៀនឡើងវិញ ទៅតាមតំបន់ដែលមានហានិភ័យទាប និងមធ្យម (អនុវត្តតាមវិធានសុខាភិបាលត្រឹមត្រូវ)។
លោកស សុខា បានបញ្ជាក់ថា ការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ ពីអាយុ៦ឆ្នាំ ដល់ ១២ឆ្នាំ នាពេលនេះ ត្រូវបានសម្តេចតេជោ បញ្ជាក់ថា គឺជាការផ្តល់សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការថែទាំសុខភាព និងសិទ្ធិទទួលបានការអប់រំ ចំពោះកុមារកម្ពុជា ទូទាំងប្រទេស ។ដើម្បីឲ្យគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទទួលបានប្រសិទ្ធផល និងស័ក្តិសិទ្ធភាពខ្ពស់ ខ្ញុំសូមអំពាវនាវដល់គ្រប់តំបន់ទេសចរណ៍ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការកែលម្អ បរិស្ថាន អនាម័យ សោភ័ណភាព គុណភាពម្ហូបអាហារ ជាពិសេសរក្សាឲ្យបាននូវតម្លៃសមស្របមួយ ដែលភ្ញៀវអាចទទួលយកបាន ។ ក្នុងនោះដែរ ទាំងម្ចាស់តំបន់ទេសចរណ៍ និងអ្នកទេសចរណ៍ទាំងឡាយ ត្រូវបង្កើនការប្រុងប្រយ័ត្នជានិច្ចចំពោះជំងឺកូវីដ-១៩ ពិសេសវីរុសបំប្លែងថ្មី ដែលតា ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ និងចូលរួមចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា តាមដំណាក់កាលនីមួយៗ របស់រាជរដ្ឋាភិបាលយើងកុំបីខានឡើយ៕សរន