ដោយៈភ្នំស្វាយ / បន្ទាយមានជ័យ លោកឧបនាយករដ្ឋមន្ត្រី កែ គឺមយ៉ាន និងលោកស្រីហេមចិន្តាអគ្គសាសនូបត្ថម្ភ កាលពីថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២១បាននាំយកទេយ្យវត្ថុនិងបច្ច័យដល់វត្តព្រះពុទ្ធសាសនាទាំងអស់ចំនួន២៥៨វត្តនៅទូទាំងខេត្តបន្ទាយមានជ័យ ខណៈវត្តខ្លះចាប់ផ្តើមរងការឆ្លងកូវីដ១៩ (វត្តព្រះពន្លា នាក្រុងសិរីសោភ័ណ និងវត្តខ្លះទៀត) ។ពិធីរួមនោះបានធ្វើនៅវត្តស៊ិនសួន្នារាមចំណោមឃុំចំណោមស្រុកមង្គលបូរីជាទីដែលមានចេតិយតម្កល់អដ្ឋិធាតុ ឪពុកម្តាយធម៌របស់លោកឧបនាយករដ្ឋមន្ត្រីផងនិងជាវត្តមានអនុស្សាវរីយ៍សម័យសង្គ្រាមរបស់លោកផង។

ពិធីនោះមានព្រះវត្តមានព្រះមេគណទាំងពីគណៈ មន្ត្រីសង្ឃ ព្រះគ្រូអនុគណស្រុកក្រុងទាំង៩ព្រមទាំងប្រតិភូជាសមាជិក ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រុមការងារគ្រប់ថ្នាក់ ប្រធានក្រុមប្រឹក្សានិងអភិបាលខេត្ត ប្រធានមន្ទីរ អង្គភាពស៊ីវិល កងកម្លាំង អភិបាលស្រុកក្រុង ។

លោកឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថាទេយ្យទានទេយ្យវត្ថុនិងបច្ច័យមួយចំនួនដែលត្រូវប្រគេនដល់ព្រះសង្ឃទូទាំងខេត្តបន្ទាយមានជ័យ ដើម្បីត្រៀមចូលរួមក្នុងឱកាសពិធីបុយ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនឹងប្រព្រឹត្តទៅពីថ្ងៃ១រោចដល់ថ្ងៃ១៥ រោចខែភទ្របទ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលាដ៏ខ្លីខាងមុខ ដើម្បីឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ របស់ ឥស្សរជន វីរជន យុទ្ធជន ដែល បានលះបង់ ជីវិត ដើម្បី បុព្វហេតុ រំដោះជាតិ និង ប្រជាជន ពី របប ណា និគមចាស់ ថ្មី សម័យសង្គ្រាម និង ពី របប ប្រល័យ ពូជ សាសន៍ ប៉ុលពត ។

សូមបញ្ជាក់ថា សម្រាប់ទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ២៥៨វត្ត ដោយក្នុងមួយវត្តទទួលបាន ឣង្ករ២០០គីឡូក្រាម,មី១០កេស, ត្រីខកំប៉ុង២កេស,ទឹកក្រូច៥កេស,ទឹកសុទ្ធ១០កេស,តែ៥កញ្ចប់,ស្កសរ១០គីឡូ ក្រាម,ទឹកស៊ីអ៊ីវ១០យួរ,ទឹកត្រី១០យួរ និងបច្ច័យមួយលានរៀល៕សរន