​ដោយៈ មុនី​រ័ត្ន / ភ្នំពេញ ៖ លោក ស សុខា ប្រធាន​អនុគណៈកម្មការ សាង​សង់រោង​តម្កល់​ទូក ដឹកនាំ​កិច្ចប្រជុំ តាមដាន​វឌ្ឍនភាព ការងារ​សាងសង់​រោង​តម្កល់​ទូក “​កម្ពោជិក​បុត្តា​ខេមរា​តរី​” (​ទូក ង វែង​ជាងគេ លើ​ពិភពលោក​) តាម​ប្រព័ន្ធ​វីដេអូ Zoom នៅ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២១ នេះ​។​

​សូម​រម្លឹកថា ទូក ង វែង​ជាងគេ ប្រវែង​ជិត ១០០ ម៉ែត្រ របស់​កម្ពុជា បាន​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក Guinness World Records កាលពី​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ លោក Pravin Patel ជា​អ្នក​វិនិច្ឆ័យ និង​ពិនិត្យ​វាយតម្លៃ លក្ខណៈ​បច្ចេកទេស​ទូក ង វែង​ជាងគេ​។ ទូក ង មាន​ប្រវែង បណ្តោយ​សរុប ៨៧,៣០ ម៉ែត្រ ទទឹង​ធំ​បំផុត ប្រវែង ១,៩៤ ម៉ែត្រ និង​ជម្រៅ​ទូក ០,៨០ ម៉ែត្រ​។ ចំណុះ​ទូក​មាន​ចំនួន ១៧៩ នាក់​។​

​ទូក ង ដែលមាន​ប្រវែង វែង​ជាងគេ លើ​ពិភពលោក ត្រូវបាន​ប្រសិទ្ធ​នាម​ថា “​កម្ពោជិក​បុត្តា​ខេមរា​តរី​” ដែល​មានន័យថា “​ទូក ង របស់​កូន​ខ្មែរ រស់នៅក្នុង​ដែនដី​កម្ពុជា​”​។ ទូក ង នេះ ធ្វើ​ពី​ឈើ​គគីរ ចំនួន ៦ ដើម ហើយ​ក្បាលទូក ឆ្លាក់​ចេញ​ជា​ក្បាល​នាគ ឯ​កន្ទុយ ត្រូវបាន​ឆ្លាក់ ជា​កន្ទុយ​ហង្ស​។ ការផលិត បាន​ប្រើប្រាស់ រយៈពេល​ចំនួន ១៩២ ថ្ងៃ​។​

​កម្មវិធី​កំណត់ត្រា បំបែក​ឯតទគ្គ​កម្ម​ពិភពលោក ទូក ង វែង​ជាងគេ បាន​ប្រព្រឹត្តទៅ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​តំបន់​ទីប្រជុំជន អ្នក​លឿង ត្រើយ​ខាងកើត ស្ថិតក្នុង​ឃុំ​ព្រែក​ខ្សាយ ខ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ដោយមាន​ការចូលរួម ពី​សំណាក់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ តំណាង Guinness World Records ចុះមក​ពិនិត្យមើល វាយតម្លៃ​លក្ខណៈ​បច្ចេកទេស ខ្នាត​របស់​ទូក និង​ការ​អុំ បង្ហាញ​ជាក់ស្តែង​៕/V​