​ដោយៈ បូកគោ / កំ​ពតៈ កុមារ​អាយុ​ពី ៦​ឆ្នាំ ដល់​អាយុ​ក្រោម ១២​ឆ្នាំ នៅ​ទូទាំង​ខេត្តកំពត ជាង ៧ ម៉ឺន​នាក់ បាននិងកំពុង​ទទួល​ការផ្តល់ជូន នូវ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដើម្បី​មានលទ្ធភាព ចូល​សិក្សា នៅ​សាលា​ឡើងវិញ​។​

​ក្នុងឱកាស​ចាប់​បើក​ដំណើរការ កាលពី​ព្រឹក ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២១ អភិបាល​ខេត្តកំពត បាន​អញ្ជើញ​ចុះ​ពិនិត្យ សកម្មភាព​ផ្ទាល់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត បំណង​ផ្តល់​កម្លាំងចិត្ត ចំពោះ​កុមារ ដែល​មក ទទួល​វ៉ាក់សាំង​ង​នេះ​។​

​នៅ​ទីនោះ លោក ជាវ តា​យ បាន​មានប្រសាសន៍ថាៈ សម្តេច​តេ​ជោ ហ៊ុន សែន តែង​គិតគូរ ពី​សុខ​ទុ​ក្ច​ប្រជាពលរដ្ឋ ពិសេស​ក្នុងដំណាក់កាល វិបត្តិ​កូ​វីដ​-១៩ សម្តេចនាយក​រដ្ឋមន្ត្រី បានដាក់​ចេញ​នូវ វិធានការ​នានា ដើម្បី​សុខុមាលភាព ប្រជាជន​ទូទៅ​។ ជាក់ស្តែង គោល​ការផ្តល់​វ៉ាក់សាំង ជូន​កុមារ ជា​កិច្ចការ​សំខាន់បំផុត ដើម្បី​ឈានទៅ​បើក​ដំណើរ​សិក្សា នៅ​គ្រប់​សាលារៀន​ឡើងវិញ​។

លោក​អភិបាលខេត្ត បានបញ្ជាក់​ថាៈ សម្រាប់​ខេត្តកំពត កុមារ​អាយុ​ចាប់ពី ៦​ឆ្នាំ ដល់​ក្រោម ១២ ឆ្នាំ ដែល​ត្រូវ​ផ្តល់​វ៉ាក់សាំង ជូន​ក្នុង​យុទ្ធនាការ​នេះ មាន​ចំនួន ៧៤.៩១១ នាក់​។ ដូច្នេះ​ក្មួយៗ​ទាំងអស់ ដែល​បាន​ចាក់​រួចរាល់ នាពេលនេះ សូមជួយ​ផ្សព្វផ្សាយ ដល់​មិត្តភក្តិ ឱ្យ​រួសរាន់ មក​ទទួល​វ៉ាក់សាំង ឱ្យបាន​គ្រប់គ្នា ដើម្បី​រដ្ឋបាលខេត្ត មានលទ្ធភាព​បើក​ដំណើរការ​សិក្សា តាម​សាលារៀន បាន​ឆាប់រហ័ស​៕/V​